website_news:2020080901

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ ការដាក់ឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ រឿងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គឺជារឿងអយុត្តិធម៌បំផុតសម្រាប់កម្ពុជា

http://kampucheathmey.com/ 7/9/2020 4:33 Pm

ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស បានចាត់ទុកការដាក់ឲ្យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ រឿងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គឺជារឿងអយុត្តិធម៌បំផុតសម្រាប់កម្ពុជា។ ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្រោយពីចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកិច្ចការពារកុមារពីអំពើជួញដូរ ការរំលោភបំពានផ្សេងៗ និងការធ្វើទេសសន្តប្រវេសន៍នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០នេះ នៅ សណ្ឋាគារកាំបូឌីយ៉ាណា លោកស្រីបានបន្តថា«ខ្ញុំហាក់ដូចជាមិនអស់ចិត្ត និងកំពុងតែឆ្ងល់ចំពោះអាមេរិក ដែលបាន វាយតម្លៃដោយដាក់ចំណាត់ថ្នាក់លេខ២ដល់កម្ពុជា ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស នេះខណៈរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងការជួយដូរមនុស្ស ហើយរបាយការណ៍ដែលអាមេរិកបានដាក់ឲ្យកម្ពុជានេះ គឺមិនដឹងបានមកពីខាងណានោះទេ ខណៈរបាយការណ៍ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នោះបែរគេចោទថា មានការចន្លោះប្រហោងច្រើនទៅវិញ »។

ប្រទេសកម្ពុជា ត្រូវបានសហរដ្ឋអាមេរិកចេញរបាយការណ៍វាយតម្លៃឲ្យជាប់ចំណាត់ថ្នាក់លេខ២អស់រយៈពេលបីឆ្នាំជាប់ៗគ្នា ទាក់ទងនិងអំពើជួញដូរមនុស្ស ដោយសហរដ្ឋអាមេរិកលើកឡើងថា មកពីកម្ពុជាមានភាពចន្លោះប្រហោង ក្នុងការទប់ស្កាត់ និងបង្ក្រាបជាដើមនោះ។ យ៉ាងណាក៏ដោយលោកស្រី ជូ ប៊ុនអេង បានលើកឡើងថា របាយការណ៍របស់អាមេរិកនេះ ធ្វើឡើងមានលក្ខណៈលំអៀង ហើយពុំដែល បានសួរដល់ប្រទេសកម្ពុជាមុននឹងចេញរបាយការណ៍នេះទេ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការបង្ក្រាប និងទប់ស្កាត់ការជួញដូរមនុស្សបានយ៉ាងច្រើនជាបន្តបន្ទាប់នោះ។

បើយោងតាមរបាយការណ៍អំពីការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ សម្រាប់ឆមាសទី១ ឆ្នាំ២០១៩នេះ បានបង្ហាញថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត១៩ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ៧៨ករណី លើ៦២ករណី (កើនឡើង១៦ករណី ស្មើនឹង២៥%)។ របាយការណ៍បានបញ្ជាក់បន្ថែមថា ដោយឡែកនៅ ក្នុងឆមាសទី១នេះ វិញអាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ៩៧នាក់ លើ ៨៥នាក់ (កើន១២នាក់ ស្មើនឹង១៤%) ក្នុងនោះស្រី ២២នាក់ អនីតិជន ៩នាក់ ជាជនបរទេស ១៤នាក់ សញ្ជាតិចិន ១២នាក់ និងអាមេរិក ២នាក់។ សង្គ្រោះជនរងគ្រោះ ចំនួន ២៦៣នាក់ (លើ១០៦នាក់) កើន ១៥៧នាក់ ស្មើនឹង ១៤៨% ក្នុងនោះមាន អាយុក្រោម ១៥ឆ្នាំ ៧០នាក់ អាយុ១៥-១៧ឆ្នាំ ៣១នាក់ និងពី ១៨ឆ្នាំឡើង ១៦២នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៧២នាក់ និងប្រគល់ទៅគ្រួសារ១ ៩១នាក់)៕

website_news/2020080901.txt · Last modified: 2020/09/08 13:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki