website_news:2020081001

ឯកអគ្គរដ្ឋទូតអាមេរិក ៖ មាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ នៅសហរដ្ឋអមេរិក មកកាន់ កម្ពុជាវិញ ត្រូវបានផ្អាកមួយរយៈ ដោយសារស្ថានភាពនៃជំងឺកូវីដ១៩

https://www.cen.com.kh/ October 8, 2020

ភ្នំពេញ៖ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ជាមួយសម្ដេចកឡាហោម ពាក់ព័ន្ធនឹងការងារជាច្រើន ក្នុងនោះការងារមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរនៅសហរដ្ឋអមេរិកមកកាន់កម្ពុជាវិញ ត្រូវបានផ្អាកមួយរយៈ ដោយសារស្ថានភាពនៃជំងឺកូវីដ១៩។

នៅរសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ព្រមទាំងសហការីចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតួនាទីជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានចូលរួមពូនជ្រុំធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង។ សម្ដេចក្រឡាហោម បានអរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្ដល់ជំនួយផ្សេងៗមកកាន់ព្រះរាជាណាចក្រកម្ពុជានៅក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទោះបីជាសហរដ្ឋអាមេរិកកំពុងតែជួបនូវបញ្ហានេះដែរ។ សម្ដេចក៏បានសម្ដែងការអបអរសាទរចំពោះលទ្ធផលដ៏ល្អប្រសើរជាច្រើន និងសមិទ្ធផលជាច្រើនដែលកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរខិតខំរួមគ្នាសម្រេចបាន។

ជាការឆ្លើយតប ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានឯកភាពចំពោះការលើកឡើងរបស់សម្ដេច ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការងារអនុវត្តច្បាប់។ ឯកឧត្តមបានជម្រាបជូនសម្ដេចថានៅក្នុងឆ្នាំនេះ ដែលជាខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា និងអាមេរិក ការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នេះ ក៏ជាប្រធានបទមួយដែលត្រូវបានដាក់បញ្ចូលសម្រាប់អបអរសាទរខួបនៃចំណងការទូតនេះដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណប្រទេសកម្ពុជា សម្រាប់ការរួមចំណែកពង្រឹងនូវការអនុវត្តច្បាប់នៅកម្ពុជា ដែលមិនត្រឹមតែរួមចំណែករវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការរួមចំណែកថែរក្សាសន្តិសុខសាកលផងដែរ។ ឯកឧត្តមក៏បានណែនាំសមាសភាពក្រុមការងារទទួលបន្ទុកផ្នែកអនុវត្តច្បាប់ប្រចាំនៅស្ថានទូតសហរដ្ឋអាមេរិកនៅព្រះរាជាណាចក្រកម្ពុជា ជូនសម្ដេច ដោយបានបន្តថាក្រុមការងារឯកឧត្តម នឹងបន្តធ្វើកិច្ចសហការជាមួយសមភាគីកម្ពុជាទៅតាមជំនាញរៀងៗខ្លួន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការងារអនុវត្តច្បាប់ឱ្យកាន់តែជិតស្និតថែមទៀត។

នៅក្នុងជំនួបនោះដែរ ឯកឧត្តមក៏បានលើកឡើងនូវការងារធំៗមួយចំនួន ដើម្បីជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ជាមួយសម្ដេចក្រឡាហោម ទីមួយគឺពាក់ព័ន្ធនឹងការងារមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកមកកាន់ព្រះរាជាណាចក្រកម្ពុជា ដោយចំណុចនេះឯកឧត្តមបានជម្រាបជូនសម្ដេចថា ឯកឧត្តមបានយល់ពីស្ថានភាពនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យការអនុវត្តការងារមាតុភូមិនិវត្តន៍ត្រូវបានផ្អាកមួយរយៈ ហើយឯកឧត្តមក៏បានស្នើភាគីព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ពិនិត្យលទ្ធភាពរិះរកវិធីសាស្ត្រក្នុងការបន្តជំរុញអនុវត្តការងារនេះឱ្យមានវឌ្ឍនភាពបន្តទៅមុខទៀតដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនឯកឧត្តមវិញថា ជាគោលការណ៍ និងជាឆន្ទៈនយោបាយ គឺព្រះរាជាណាចក្រកម្ពុជាមិនមានអ្វីប្រែប្រួលនោះទេ គឺនៅតែបន្តអនុវត្តនូវអ្វីដែលរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពព្រមព្រៀងគ្នានារយៈពេលកន្លងមក ដោយសម្ដេចបានអះអាងទៀតថា ទោះបីជាមានការខកខានដោយសារកូវីដ១៩ ប៉ុន្តែគោលការណ៍ និងឆន្ទៈនយោបាយមិនមានអ្វីប្រែប្រួលនោះទេ។ សម្ដេចក្រឡាហោម ក៏បានឯកភាពជាគោលការណ៍ផ្ដល់លទ្ធភាពដល់មន្ត្រីជំនាញនៃប្រទេសទាំងពីរក្នុងការជជែកដើម្បីពិនិត្យលទ្ធភាពរិះរកនូវវិធីសាស្ត្រសមស្រប និងមានប្រសិទ្ធភាពក្នុងការបន្តជំរុញការងារនេះជាបន្តទៀតដែរ។

ដោយឡែកកិច្ចការមួយទៀតដែលឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិកបានលើកឡើង គឺពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការគាំពារកុមារ ។ ឯកឧត្តមបានស្នើសុំក្រសួងមហាផ្ទៃ បន្តកិច្ចសហការការងារនេះឱ្យកាន់តែជិតស្និតបន្ថែមទៀត ជាពិសេសរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធភាពលើការងារពាក់ព័ន្ធនឹងកិច្ចសហការស្រាវជ្រាវ ស៊ើបអង្កេត ព្រមទាំងការងារពាក់ព័ន្ធមួយចំនួនទៀត ដូចជាការងារចុះធ្វើអធិការកិច្ច ការត្រួតពិនិត្យគោលដៅនានា ដើម្បីជួយដល់ជនរងគ្រោះជាដើម។ ជាការឆ្លើយតបចំពោះបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការគាំទ្រ និងរីករាយក្នុងការបន្តកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ បន្ថែមទៀតដូចដែលបានធ្វើកន្លងមក។ សម្ដេចក៏បានជម្រាបជូនដែរថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់បញ្ហានេះ ដោយមានយន្តការមួយ គឺគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដែលជាយន្តការជាតិមួយធ្វើកិច្ចការងារប្រឆាំការជួញដូរមនុស្ស។ សម្ដេចក៏សូមគាំទ្រឱ្យមានកិច្ចសហការរវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងកិច្ចគាំពារដល់កុមារ ហើយមិនត្រឹមតែកិច្ចការទាំងពីនេះទេ សម្ដេចក៏បានសម្ដែងការលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការលើការងារសំខាន់ៗមួយចំនួនទៀតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើភេវរកម្មនិងបទល្មើសឆ្លងដែនផ្សេងៗទៀត។

ឆ្លៀតនៅក្នុងឱកាសនៃជំនួបនោះដែរ សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណ ដែលតាមរយៈកិច្ចសម្របសម្រួលរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាកម្ពុជា ក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃក៏បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូ និងបានទទួលនូវការចូលរួមផ្នែកបច្ចេកទេសពីអ្នកជំនាញច្បាប់នៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងទទួលបានធាតុចូលសំខាន់ៗពីតំណាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក។ សម្ដេចក៏សូមយកឱកាសនេះស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តជួយគាំទ្របច្ចេកទេសដល់កិច្ចការនេះបន្តទៀត។

ពាក់ព័ន្ធនឹងការងារនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្ដែងកោតសរសើរ និងអបអរសាទរចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងភាគីព្រះរាជាណាចក្រកម្ពុជា គឺក្រុមការងាររៀបចំសេចក្ដីព្រាងច្បាប់ជាមួយនឹងអ្នកជំនាញសហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក។ ឯកឧត្តមបានបង្ហាញការលើកទឹកចិត្ត នឹងគាំទ្រកិច្ចការងារនេះទៀត។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកក៏បានសម្ដែងនូវបំណងលើការងារកិច្ចសហប្រតិបត្តិការពាក់ព័ន្ធមួយចំនួនទៀត ដែលស្ថិតនៅក្នុងក្របខ័ណ្ឌនៃការងារអនុវត្តច្បាប់ ហើយសម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះគោលបំណងដ៏ល្អនេះ និងបានជម្រាបជូនវិញថាភាគីព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ នឹងបន្តខិតខំអនុវត្តនូវអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមកនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក៕ ដោយ៖កូឡាប

website_news/2020081001.txt · Last modified: 2020/10/08 13:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki