website_news:2020081007

ថៃ អនុញ្ញាតបន្តរយៈពេលសម្រាប់ពលករចំណាកស្រុកដែលធ្វើការនៅក្នុងប្រទេសរបស់ខ្លួន

https://business.khmernote.com.kh/ October 8, 2020 Nita

ប្រទេសថៃ កំពុងពិចារណាអនុញ្ញាតឱ្យពលករចំណាកស្រុក ដែលការងាររបស់ពួកគេផុតកំណត់ចាប់ផ្តើមនៅខែក្រោយ ដើម្បីបន្តស្ថិតនៅក្នុងប្រទេស ជំនួសឱ្យការវិលត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ដើម្បីដាក់ពាក្យសុំការងារពីទីនោះ។ សេចក្តីសម្រេចអនុញ្ញាតឱ្យមានរយៈពេលអនុគ្រោះ ដោយគណៈកម្មាធិការគ្រប់គ្រងគោលនយោបាយរបស់ពលករចំណាកស្រុក ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងការងារថៃលោក Suchart Chomklin នៅថ្ងៃទី ៦ ខែតុលា មានគោលបំណងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។ រដ្ឋមន្ត្រីរូបនេះ ត្រូវបានសារព័ត៌មានក្នុងស្រុកថៃដកស្រង់សម្តីថា ប្រសិនបើពលករចំណាកស្រុកវិលត្រឡប់ទៅប្រទេសកំណើតវិញ បន្ទាប់ពីបានធ្វើការនៅប្រទេសថៃអស់រយៈពេល៤ឆ្នាំតាមតម្រូវការនៃអនុស្សរណៈនៃការយោគយល់រវាងរដ្ឋាភិបាល និងប្រទេសនីមួយៗ ពួកគេប្រហែលជាចង់ត្រឡប់មកធ្វើការវិញ។ ដោយនេះធ្វើឱ្យមានការព្រួយបារម្ភអំពីពួកគេ ក្នុងការឆ្លងជំងឺ Covid-19 ខណៈពេលរង់ចាំត្រឡប់មកវិញ ហើយយកជំងឺរាតត្បាតនេះមកជាមួយនៅពេលពួកគេត្រឡប់មកវិញ។ លោកបានបន្ថែមថា មានហានិភ័យពិតប្រាកដនៃការឆ្លងជំងឺ Covid-19 នាំចូលដែលបង្កជារលកផ្ទុះលើកទី២ ។ ទោះបីជា លោក Suchart មិនបាននិយាយថា រយៈពេលនៃការអនុគ្រោះនឹងមានរយៈពេលប៉ុណ្ណាក៏ដោយ លោកបានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហានេះនឹងត្រូវបានស្នើសុំឱ្យគណៈរដ្ឋមន្រ្តីពិចារណាក្នុងពេលវេលាជាក់លាក់មួយ។ ទន្ទឹមនឹងនេះ សិទ្ធិទទួលបានរយៈពេលលើកលែង គឺជាពលករចំណាកស្រុកដែលមានកិច្ចសន្យាការងារ រយៈពេល ៤ ឆ្នាំនឹងចាប់ផ្តើមនៅខែក្រោយរហូតដល់ចុងខែធ្នូ ឆ្នាំក្រោយ។ លោកបានបន្ថែមទៀតថា ចំពោះការវិលត្រឡប់សម្រាប់ពលករចំណាកស្រុកទៅប្រទេសរបស់ពួកគេវិញ នឹងដាក់ពាក្យសុំការងារពីទីនោះ ខណៈពេលដែលកំពុងស្ថិតក្រោមវិធានការណ៍ប្រឆាំងនឹងជំងឺ Covid-19 ផងដែរ រួមទាំងការដាច់រយៈពេល ១៤ ថ្ងៃដោយការធ្វើបែបនេះនឹងធ្វើឱ្យថ្លៃចំណាយច្រើន ដូច្នេះវានឹងមិនអាចដំណើរការបាន និងពិបាកក្នុងការអនុវត្ត។ យោងតាមក្រសួងការងារថៃបានឱ្យដឹងថា ពលករចំណាកស្រុកសរុបចំនួន ១៣១,៥៨៧ នាក់មកពីប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជាប័ណ្ណការងាររបស់ពួកគេផុតកំណត់នៅចន្លោះខែក្រោយ និងខែធ្នូ ឆ្នាំក្រោយ៕អត្ថបទ៖ នីតា

website_news/2020081007.txt · Last modified: 2020/10/08 13:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki