website_news:2020081201

ពលរដ្ឋខ្មែរជាង ២០០ នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកប្រទេសវិញ ដោយការឆ្លងដែនខុសច្បាប់

https://www.postkhmer.com/ សុទ្ធ គឹមសឿន | Publication date 08 December 2020 | 10:18 ICT

បន្ទាយមានជ័យៈ អាជ្ញាធរប្រទេសថៃ បានបញ្ជូនពលរដ្ឋខ្មែរចំនួន ២៣៤ នាក់ ឱ្យត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី ៥ និងទី ៦ ខែធ្នូ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈរយៈពេល ៩ ខែឆ្នាំនេះថៃបញ្ជូនពលរដ្ឋខ្មែរ ៥៥ ៦១១ នាក់ ឱ្យត្រឡប់មកវិញ បន្ទាប់ពីពួកគេលួចឆ្លងដែន និងចាញ់បោកមេខ្យល់ទៅរកការងារដោយខុសច្បាប់។ នេះបើតាមរបាយការណ៍ពីម្សិលមិញ។

តាមរបាយការណ៍របស់រដ្ឋបាលស្រុកអូរជ្រៅបានឱ្យដឹងពីម្សិលមិញថា ក្នុងចំណោមពលរដ្ឋខ្មែរចំនួន ២៣៤ នាក់នោះ គឺមានស្រីចំនួន ១២០ នាក់។ ពួកគេមួយចំនួនចាញ់បោកមេខ្យល់នាំទៅរកការងារធ្វើដោយខុសច្បាប់ និងមួយចំនួនទៀតលួចឆ្លងដែនដោយខុសច្បាប់ទៅរកការងារនៅក្នុងប្រទេសថៃ។ របាយការណ៍បន្តថា រយៈពេល ៩ ខែក្នុងឆ្នាំនេះ ដោយគិតចាប់ពីដើមខែមេសារហូតដល់ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២០ អាជ្ញាធរប្រទេសថៃ បានចាប់ប្រជាពលរដ្ឋខ្មែរចំនួន ៥៥ ៦១១ នាក់ (ស្រី ២៥ ១៥១ នាក់) បញ្ជូនត្រឡប់មកប្រទេសកម្ពុជា វិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោក លី សុវណ្ណរិទ្ធ អភិបាលស្រុកអូរជ្រៅឱ្យដឹងពីម្សិលមិញថា ពលករខ្មែរចំណាកស្រុកដែលភាគីថៃចាប់បញ្ជូនមកវិញតាមច្រកអូរបីជាន់នេះត្រូវបានមន្ត្រីជំនាញរង់ចាំទទួលឱ្យធ្វើចត្តាឡីស័ក ដោយមានក្រុមគ្រូពេទ្យសហការជាមួយកម្លាំងនគរបាល យោធា កងរាជអាវុធហត្ថ និងកម្លាំងនគរបាលការពារព្រំដែនគោកធ្វើការពិនិត្យដោយវាស់កម្តៅ និងសាកសួរព័ត៌មានពាក់ព័ន្ធមួយចំនួនទៀត។ បើតាមលោកអភិបាលស្រុក ប្រសិនបើមានកម្តៅខ្ពស់ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបន្ទាន់។ ចំណែកអ្នកដែលមិនមានបញ្ហាសុខភាពត្រូវធ្វើការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពលួចឆ្លងដែនដោយខុសច្បាប់ ព្រោះប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ដោយមិនត្រូវស្ដាប់តាមការញុះញង់របស់មេខ្យល់ទៀតទេ។ លោក សុវណ្ណរិទ្ធ បញ្ជាក់ថា៖ «យើងបានណែនាំពួកគាត់ឱ្យដោះសម្លៀកបំពាក់បោកគក់ឱ្យបានស្អាត និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ដោយមិនឱ្យក្រុមគ្រួសារមកជិតស្និទ្ធស្នាល ឬអ្នកដទៃទេ មុនពេលអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញ»។ លោកបានបន្ថែមថា៖ «ជាមួយនេះ យើងឱ្យគាត់ត្រូវពាក់ម៉ាស់ លាងដៃដោយអាល់កុល សាប៊ូឱ្យបានស្អាតគ្រប់ពេល ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលកាតព្វកិច្ចនេះជាការបង្ការ និងទប់ស្កាត់កូវីដ ១៩»។

ដោយឡែកខេត្តឧត្តរមានជ័យមានច្រកទ្វារព្រំដែនអន្តរជាតិ ៣ ជាមួយប្រទេសថៃរួមមានច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ និងច្រកទ្វារព្រំដែនអន្តរជាតិជាំ។ បើតាមលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ គឺប្រជាពលរដ្ឋខ្មែរមួយចំនួនតែងតែឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ប៉ុន្ដែពលរដ្ឋខ្មែរមួយចំនួនឆ្លងដែនដោយខុសច្បាប់។ លោកអភិបាលខេត្តថ្លែងថា៖ «ពលរដ្ឋខ្មែរយើងមួយចំនួនដែលព្យាយាមឆ្លងដែនទៅថៃទាំងខុសច្បាប់ គឺអាជ្ញាធរថៃគេចាប់បញ្ជូនមកវិញតាមច្រកអន្តរជាតិទាំង ៣ នេះ ប៉ុន្ដែខ្ញុំមិនទាន់មានរបាយការណ៍ប្រចាំខែលម្អិតទេ។ បើគិតជាមធ្យមគឺក្នុង ១ ថ្ងៃៗទាំងថៃបញ្ជូនមកវិញ និងគិតទាំងពួកគាត់ត្រឡប់មកវិញខ្លួនឯង គឺប្រមាណ ២០០ នាក់ ហើយអាជ្ញាធរនៅចាំទទួលតាមច្រកហ្នឹង ដោយបានអប់រំ ណែនាំពួកគាត់កុំឱ្យឆ្លងដែនខុសច្បាប់ ជាពិសេសត្រូវតែការពារ ទប់ស្កាត់ជំងឺកូវីដ ១៩»។

លោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្ស (LICADHO) ថ្លែងពីម្សិលមិញថា តាមលោកកត់សម្គាល់ឃើញមានពលរដ្ឋខ្មែរមួយចំនួនធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ ប៉ុន្ដែក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ ១៩ ពួកគាត់ខ្លះបានត្រឡប់មកស្រុកកំណើតវិញ ដោយសារការភ័យខ្លាចឆ្លងជំងឺ និងស្របពេលថៃដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ពួកគាត់ត្រូវការប្រាក់ ត្រូវការការងារធ្វើ ដើម្បីរកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដូច្នេះមួយចំនួនបានសម្រេចចិត្តឆ្លងដែនទៅប្រទេសថៃវិញ ដោយមិនគិតពីការឆ្លងដែនខុសច្បាប់ ឬមិនខ្លាចពីការឆ្លងជំងឺកូវីដ ១៩ នោះទេ ដោយសារកត្តាជីវភាពគ្រួសារ។ លោក សំអាត បញ្ជាក់ថា៖ «យើងឃើញថា កន្លងមករដ្ឋាភិបាលបានចែកជូនថវិកាមួយចំនួនឱ្យប្រជាពលរដ្ឋងាយរងគ្រោះឬក្រីក្រ ប៉ុន្ដែនៅមិនទាន់ឆ្លើយតបទៅនឹងអ្វីដែលជាការលំបាករបស់ពួកគាត់ទេ។អ៊ីចឹងគួរតែពិចារណាផ្ដល់ថវិកាបន្ថែមទៀតឬយ៉ាងណា។ ខ្ញុំគិតថាក្រៅពីផ្ដល់ជាសាច់ប្រាក់ជូនគាត់មន្ត្រីជំនាញពាក់ព័ន្ធគួរតែជួយស្វែងរកការងារក្នុងស្រុកជូនពួកគាត់បន្ថែមទៀតតាមដែលអាចធ្វើបាន៕

website_news/2020081201.txt · Last modified: 2020/12/09 11:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki