website_news:2020081202

មន្ត្រីជំនាញ ជំរុញឱ្យពលរដ្ឋរាយការណ៍បទល្មើសជំរិតប្រាក់តាមរូបភាពអាសអាភាស

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 07 December 2020 | 10:12 ICT

ភ្នំពេញៈ នាយកដ្ឋានចំនួន ២ ចំណុះក្រោមក្រសួងមហាផ្ទៃជំរុញឱ្យប្រជាពលរដ្ឋ ឬជនរងគ្រោះចូលរួមរាយការណ៍មកកាន់សមត្ថកិច្ច ដើម្បីស្វែងរកជនល្មើសដែលពាក់ព័ន្ធនឹងការជំរិតទារប្រាក់ដោយប្រើប្រាស់រូបភាព ឬវីដេអូអាសអាភាស ចៀសវាងបន្តបង់ប្រាក់ទៅឱ្យជនល្មើសទាំងនោះ។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានទាំង ២ នេះបានសង្កេតឃើញថា បច្ចុប្បន្នមានករណីថតរូបភាព ឬវីដេអូអាសអាភាសគំរាមទារប្រាក់ជាច្រើន កំពុងកើតមាននៅក្នុងប្រទេសកម្ពុជាដែលធ្វើឱ្យជនរងគ្រោះ បន្តចាញ់បោក ដែលធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិ និងកិត្តិយស។

នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៣ ធ្នូ ថា ជនល្មើសបានប្រើប្រាស់មធ្យោបាយមួយចំនួន ដើម្បីទទួលបានរូបភាពអាសអាភាសរបស់ជនរងគ្រោះ ហើយមធ្យោបាយទាំងនោះមានដូចជា ការប្រើប្រាស់នារីស្អាតៗ ដើម្បីទាក់ទាញជនរងគ្រោះ ធ្វើការសន្ទនាអនឡាញ ប្រើប្រាស់សកម្មភាពស្រើបស្រាល អូសទាញជនរងគ្រោះប្រព្រឹត្តសកម្មភាពរួមភេទ មុខកុំព្យូទ័រ ឬទូរស័ព្ទដៃ និងធ្វើការថតសកម្មភាពទាំងនោះ គំរាមទារប្រាក់។ នាយកដ្ឋានព័ត៌មានវិទ្យាបានបន្តថា មធ្យោបាយមួយទៀត ជនល្មើសក៏បានប្រើប្រាស់គេហទំព័រអាសអាភាស បញ្ចូលកម្មវិធីសន្ទនាអនឡាញ ឬផ្ទាំងបើកវីដេអូដែលបញ្ជា វេបខេម Webcam ដើម្បីលួចថតសកម្មភាពជនរងគ្រោះ និងធ្វើការគំរាមទារប្រាក់ និងការប្រើប្រាស់មធ្យោបាយផ្សេងៗក្នុងការចម្លងមេរោគទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃ ប្រើប្រាស់ Webcam ថតសកម្មភាពផ្សេងៗ និងធ្វើការគំរាមទារប្រាក់ផងដែរ។ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃជំរុញឱ្យប្រជាពលរដ្ឋ ឬជនរងគ្រោះប្រញាប់រាយការណ៍មកកាន់សមត្ថកិច្ច ដើម្បីដាក់ពាក្យបណ្តឹងស្វែងរកជនល្មើស ខណៈដែលការបង់ប្រាក់ទៅជនល្មើសទាំងនោះ មិនមែនជាមធ្យោបាយល្អនោះទេ ព្រោះជនរងគ្រោះនៅតែបន្តបង់ប្រាក់ទៅឱ្យជនល្មើសជាបន្តបន្ទាប់។ នាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ជាក់ថា៖ «ការបង់ប្រាក់មិនមែនជាមធ្យោបាយ ព្រោះអ្នកនឹងត្រូវបង់បន្តបន្ទាប់។ (ប្រសិនជាមានករណីដូចជម្រាបជូននេះ) ត្រូវធ្វើការបិទគណនីបណ្តាញសង្គមបណ្តោះអាសន្ន និងប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ស្កេន និងសម្អាតមេរោគក្នុងម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃរួមនឹងប្រើប្រាស់ស្ទិកឃ័រ Sticker បិទ Webcam នៅពេលមិនប្រើប្រាស់»។

លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣ ធ្នូ ដែរថា រហូតមកដល់ពេលនេះ មិនទាន់មានការសិក្សាណាមួយជាផ្លូវការថា ករណីនៃការជំរិតទារប្រាក់ដោយប្រើប្រាស់រូបភាព ឬវីដេអូអាសអាភាសនៅកម្ពុជាមានប៉ុន្មានករណីឱ្យពិតប្រាកដនោះទេ ព្រោះតែភាគច្រើននៃជនរងគ្រោះ មិនត្រូវបានរាយការណ៍បញ្ហារបស់ខ្លួនទៅកាន់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា។ លោកបញ្ជាក់ថា បទល្មើសនៃការជំរិតទារប្រាក់ ដោយប្រើប្រាស់រូបភាព ឬវីដេអូអាសអាភាស ក្រៅតែពីជនល្មើសប្រព្រឹត្តបទល្មើសតាមការគំរាម ហើយជនល្មើសគ្មានទំនាក់ទំនងជាមួយជនរងគ្រោះក៏មានករណីជាច្រើនដែរ ដែលបានកើតឡើងតាមរយៈសាច់ញាតិ ឬមិត្តភក្តិដែលបានប្រព្រឹត្តសកម្មភាពជំរិតទារប្រាក់ដោយប្រើប្រាស់រូបភាព ឬវីដេអូអាសអាភាស ។ លោកបញ្ជាក់ថា៖ «ករណីនេះគឺពិតជាមានហានិភ័យ ព្រោះវានឹងធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន តាមរយៈការគំរាមដោយការទារលុយទារកាក់អីអ៊ីចឹង។ ករណីនេះ ក៏ធ្វើឱ្យជនរងគ្រោះមានការខ្លាចរអាក្នុងការថតរូបនិងបាត់ទំនាក់ទំនងគ្នារួមទាំងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខសង្គម។ ខ្ញុំសូមអំពាវនាវឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការប្រុងប្រយ័ត្នបំផុត»។

លោក យី គឹមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការ Plan international បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣ ខែធ្នូ ថា បទល្មើសទាំងនេះ ក៏ត្រូវបានរកឃើញថា បានធ្វើឱ្យប៉ះពាល់ដល់កិច្ចការពារកុមារផងដែរ បើទោះជាការរីកចម្រើននូវបចេ្ចកវិទ្យា និងប្រព័ន្ធអនឡាញបានជួយច្រើនដល់ទំនាក់ទំនងសង្គម ប៉ុន្តែវាក៏ផ្តល់ផលពិបាកច្រើនផងដែរ ជាពិសេសកុមារ។ ការសិក្សារកឃើញថា មានករណីច្រើនដែលបានកើតឡើងបទល្មើសជំរិតទារប្រាក់នេះ បើទោះជាស្ថិតក្នុងវិបត្តិកូវីដក៏ដោយ។ ឃើញមានការធ្វើការច្រើនពីរដ្ឋាភិបាល៕

website_news/2020081202.txt · Last modified: 2020/12/09 11:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki