website_news:2020081203

ជនជាតិចិនថៃ និងវៀតណាម ៦ នាក់ត្រូវបញ្ជូនទៅតុលាការ ករណីបើកហាងម៉ាស្សាបង្កប់សេវាផ្លូវភេទ

https://www.postkhmer.com/ គឹម សារុំ | Publication date 07 December 2020 | 14:35 ICT

ភ្នំពេញៈ ជនជាតិចិនថៃ វៀតណាមប្រុស-ស្រី ៦ នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី ៥ ធ្នូ ពាក់ព័ន្ធបើកហាងម៉ាស្សាមានបង្កប់បម្រើសេវាផ្លូវភេទនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ខណៈបុរសខ្មែរ ៧ នាក់ក៏ត្រូវឃាត់ខ្លួននៅខណ្ឌឫស្សីកែវផងដែរ ករណីលេងល្បែងភ្នាល់ចាក់បាល់តាមអ៊ីនធឺណិត។

លោក កែវ ធា ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ពីម្សិលមិញថា ជនសង្ស័យទាំងនោះមានជនជាតិចិន ៤ នាក់ ទី១- សៀ អ៊ីរុង ភេទស្រី អាយុ ៤៧ ឆ្នាំ (មេការហាងម៉ាស្សា) ទី២- ជាំង ហ៊ុយ ភេទស្រីអាយុ ២៨ ឆ្នាំ (ស្រីម៉ាស្សា) ទី៣- ជិន ឈីងហ៊ាន ភេទប្រុស អាយុ ៤៤ ឆ្នាំ (លក់ដូរ) ទី៤ ចូ ស៊ូឈាន ភេទប្រុស អាយុ ៤៣ ឆ្នាំ (លក់ដូរ)។ ក្រៅពីនេះមានឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិថៃ (ស្រីម៉ាស្សា) និងម្នាក់ទៀតឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិវៀតណាម (ស្រីម៉ាស្សា)។ លោកថ្លែងថា៖ «សមត្ថកិច្ចរបស់ខ្ញុំបានបង្ក្រាបក្នុងបទល្មើសជាក់ស្តែង ដែលស្ថិតក្នុងទីតាំងបង្កបទល្មើសហើយសមត្ថកិច្ចខ្ញុំបានចាត់ការពួកគេតាមនីតិវិធីច្បាប់។ ចំពោះចំណាត់ការបន្តទៀតនោះជានីតិវិធីរបស់តុលាការ»។

ទោះយ៉ាងណាលោក កែវ ធា មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញប្រតិបត្តិការនេះទេ តែបើតាមមន្ត្រីនគរបាល ១ រូប នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងពីម្សិលមិញថា ហាងម៉ាស្សាមួយកន្លែងក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខបានបើកបម្រើម៉ាស្សាជាច្រើនខែមកហើយហើយមានថៅកែជាជនជាតិចិន។ អាជ្ញាធរខណ្ឌសែនសុខក៏បានជូនដំណឹងអំពីការបង្ការ និងចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ផងដែរ ប៉ុន្តែហាងម៉ាស្សាមួយកន្លែងនេះមិនបានអនុវត្តទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានឡើយ។ បើតាមមន្ត្រីរូបនេះ ដោយមានការសង្ស័យថា ហាងម៉ាស្សាទីតាំងខាងលើអាចមានបង្កប់បម្រើសេវាផ្លូវភេទនោះទើបសមត្ថកិច្ចចម្រុះមានលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងដោយមានការសម្របសម្រួលផ្លូវច្បាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចុះឆែកឆេរផ្ទះលេខ F១០២ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម កាលពីវេលាម៉ោងជាង ៨ យប់ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២០។ ក្នុងការបង្ក្រាបនោះដែរក្រៅពីឃាត់ខ្លួនជនសង្ស័យ ៦ នាក់ សមត្ថកិច្ចរកឃើញស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើមួយចំនួន ហើយប្រមូលយករក្សាទុកជាវត្ថុតាងដើម្បីបញ្ជូនទៅតុលាការ។

ដោយឡែកកាលពីថ្ងៃទី ៥ ធ្នូ នគរបាលខណ្ឌឫស្សីកែវក៏បានបង្ក្រាបទីតាំងលេងល្បែងចាក់បាល់ខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិតមួយកន្លែងស្ថិតក្នុងភូមិសាមគ្គី សង្កាត់-ខណ្ឌឫស្សីកែវ។ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបុរស-ខ្មែរជាអ្នកចូលលេងល្បែងបានចំនួន ៥ នាក់ និងបុរសជាអ្នកមើលការខុសត្រូវកន្លែងលេងល្បែងភ្នាល់ចាក់បាល់នោះបានចំនួន ២ នាក់។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវប្រាប់ពីម្សិលមិញថា ដោយអនុវត្ត និងចូលរួមបង្ក្រាបបទល្មើស ពិសេសការចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ គឺអាជ្ញាធរខណ្ឌក៏ដូចជាសមត្ថកិច្ចរបស់លោកបានបង្ក្រាបល្បែងភ្នាល់លុយខុសច្បាប់ ដោយឃាត់ខ្លួនបានមនុស្ស ៧ នាក់។ ក្រៅពីនេះសមត្ថកិច្ចដកហូតបានកុំព្យូទ័រចំនួន ១៤ ឈុតម៉ូនីទ័រចំនួន ១៤ គ្រឿង និងម៉ាស៊ីនបម្រើដល់ការលេងចំនួន ១៤ គ្រឿងផង។ លោកបញ្ជាក់ថា៖ «ជនពាក់ព័ន្ធយើងនឹងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ព្រោះល្បែងស៊ីសង ឬភ្នាល់ចាក់លុយគឺជាអំពើខុសច្បាប់»៕

website_news/2020081203.txt · Last modified: 2020/12/09 11:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki