website_news:2020090407

កម្ពុជា-ថៃ ពិភាក្សាពីការបើកច្រកព្រំដែនបន្ថែមទៀត ដើម្បីបង្កើនការនាំចេញទំនិញ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 09 April 2020 | 09:18 ICT

បន្ទាយមានជ័យៈ កម្ពុជា ស្នើឲ្យភាគីថៃ បើកច្រកចេញ-ចូល តាមព្រំដែនបន្ថែមទៀត ដើម្បីទទួលកសិផលរបស់ខ្មែរ ខណៈប្រទេសនេះក៏បានស្នើឲ្យកម្ពុជាទទួលយកទំនិញផ្សេងទៀតបន្ទាប់ពីព្រំដែនមួយចំនួនបានបិទ និងហាមការចេញ-ចូល ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។ ការស្នើទៅវិញទៅមកបែបនេះបានធ្វើឡើងកាលពីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំរកដំណោះស្រាយរួមគ្នាដែលដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យលោក ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន និងភាគីថៃមានលោក វរ៉ាផាន់ សុវាណុន អភិបាលខេត្តស្រះកែវរួមទាំងស្ថាប័នពាក់ព័ន្ធរបស់ថៃនាភូមិខ្លងលឹក ស្រុកអារញ្ញជាប់ព្រំប្រទល់ក្រុងប៉ោយប៉ែត។

លោក ពេជ្រ វណ្ណា បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា បើទោះជាក្នុងអំឡុងពេលនេះថៃប្រកាសបិទព្រំដែន ប៉ុន្តែការចរាចរទំនិញរវាងប្រទេសទាំង ២ គឺនៅតែដំណើរការជាធម្មតាតាមរយៈសកម្មភាពនៃការដោះដូរទំនិញជាលក្ខណៈដឹកតាមរថយន្តប្រភេទធំៗ ខណៈដែលការដឹកទំនិញតូចតាចតាមរយៈរទេះជាដើមនោះគឺត្រូវបានផ្អាក។ លោកបន្តថា ដោយសារតែការដោះដូរទំនិញ និងកសិផលនានាបានធ្វើឡើងនៅតាមច្រកព្រំដែនមួយចំនួនដូចជាអូរស្មាច់ច្រកប៉ោយប៉ែត និងច្រកព្រំដែនដូង ដែលនាំឲ្យប្រជាពលរដ្ឋមួយចំនួនមានការលំបាកក្នុងការដឹកទំនិញ ព្រោះមានចម្ងាយឆ្ងាយពីលំនៅឋានរបស់ពួកគេ។ លោកបន្ថែមថា តាមរយៈនេះយើងស្នើឲ្យភាគីថៃបើកច្រកព្រំដែនបន្ថែមទៀត ដូចជាច្រកអន្តរជាតិភ្នំដី ច្រកម៉ាឡៃ និងច្រកព្រំដែនអូរស្ងួត ដើម្បីទទួលទំនិញរបស់ប្រជាពលរដ្ឋកម្ពុជាដែលផ្តោតជាសំខាន់គឺកសិផលដំឡូង។

លោកបញ្ជាក់ថា៖ «កន្លងមកថ្នាក់លើរបស់គាត់ (ថៃ) បានប្រកាសបិទគ្រប់ច្រកទាំងអស់ដោយឡែកច្រកអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនដែលបើក គឺអាចដឹកទំនិញចេញ-ចូលបានជាធម្មតា។ ច្រកអន្តរជាតិប៉ោយប៉ែតកន្លងទៅ មិនធ្លាប់ដឹកដំឡូងចេញនោះទេ ព្រោះវាមានចម្ងាយឆ្ងាយពីតំបន់ពលរដ្ឋរស់នៅ ហើយច្រកដែលធ្លាប់ចេញ-ចូលនូវដំណាំកសិផលនេះ គឺភាគច្រើននៅច្រកភ្នំដី និងច្រកម៉ាឡៃជាដើម។ សព្វថ្ងៃនេះច្រកអន្តរជាតិដូង និងឡែម គឺមានការចេញ-ចូលជាធម្មតា ប៉ុន្តែការចេញ-ចូល វាឆ្ងាយពេកទើបពួកគាត់ស្នើឲ្យបើកច្រកផ្សេងទៀតដូចជា សំពៅលូនដែរ»។ លោកបញ្ជាក់ទៀតថា៖ «មុនបិទច្រកព្រំដែនហ្នឹង យើងបានចេញ-ចូលចរាចរណ៍ជាធម្មតាដល់ពេលបិទអ៊ីចឹងទៅក៏មានការកកស្ទះ ដូចជាដំឡូងអីហ្នឹង។ យើងក៏សំណូមពរខាងថៃ ដើម្បីសម្រួលខាងច្រកដែលអាចចេញចូលបាន (បន្ថែមទៀត) ជួយសម្រួលខាងកសិផលដូចជាដំឡូងហ្នឹង។ ប៉ុន្តែសំណើនេះភាគីថៃមិនទាន់មានការសម្រេចយ៉ាងណានោះទេ ខណៈដែលសំណើរបស់ថៃស្នើនាំចូលផលិតផលផ្សេងៗ ដូចជាការនាំចូលជ្រូក (មកកម្ពុជា) នោះក៏កម្ពុជាមិនទាន់សម្រេចដែរ ដោយរង់ចាំការជួបចរចាជាថ្មី»។ លោក ពេជ្រ វណ្ណា ឲ្យដឹងថាចំពោះការនាំកសិផលដំទ្បូងមីចូលក្នុងប្រទេសថៃតាមសំណើរបស់កម្ពុជាគឺភាគីថៃ នឹងជូនដំណឹងទៅក្រសួងពាណិជ្ជកម្មរបស់ខ្លួនរួចជូនដំណឹងមកកម្ពុជាវិញនៅពេលក្រោយ ខណៈកម្ពុជាក៏មិនទាន់សម្រេចចំពោះសំណើរបស់ភាគីថៃផងដែរ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី ៧ ខែមេសាថា ក្នុងនោះភាគីថៃបានស្នើសុំសម្របសម្រួលដល់បងប្អូនពលករខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាជាបន្តបន្ទាប់រាល់ថ្ងៃដោយកំណត់យកទីចតសំណាក់មួយ។ លោកបញ្ជាក់ថា ទីសំណាក់សមរម្យនោះមានដូចជា៖ «ច្រកបឹងត្រកួន ច្រកអូរ ៣ ជាន់ ដើម្បីងាយស្រួលពិនិត្យដើម្បីការពារវីរុស COVID-19។ ភាគីថៃបានឯកភាពលើគោលការណ៍រួមកំណត់យកទីតាំងអូរ ៣ ជាន់ ស្រុកអូជ្រៅ ជាប់ព្រំប្រទល់ភូមិគោកធ្យូង ប្រទេសថៃ ជាកន្លែងតែមួយគត់សម្រាប់ពលករខ្មែរចូលមកកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់វីរុស COVID-19»។

បើតាមលោក ពេជ្រ វណ្ណា គិតត្រឹមថ្ងៃទី ៧ ខែមេសា ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកព្រំដែនមានជាង ៦ ម៉ឺននាក់ហើយក្នុងនោះ ភាគីថៃនៅតែបន្តបើកឲ្យពលករខ្មែរអាចវិលត្រឡប់មកប្រទេសកម្ពុជាវិញ ខណៈភាគីថៃបានស្នើឲ្យកម្ពុជាពង្រឹងវិធានការបន្ថែមទៀតឲ្យបានតឹងរ៉ឹងក្នុងករណីនេះ។

លោក ស៊ុំ ច័ន្ទគា មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តបន្ទាយមានជ័យរំពឹងថាការចរចានេះនឹងទទួលបានអត្ថប្រយោជន៍ស្មើគ្នារវាងប្រទេសទាំង ២ ខណៈលោកមើលឃើញថាក្នុងរយៈពេលចុងក្រោយនេះបើទោះបីជាមានការបិទព្រំដែនប្រទេសទាំង ២ ក៏នៅតែមានការដោះដូរទំនិញរវាងគ្នាទៅវិញទៅមក ប៉ុន្តែភាគីថៃនៅតែមានប្រៀបជាង។ លោកបន្ថែមថា៖ «សុំឲ្យគិតទាំងអស់គ្នាឡើងវិញ ព្រោះថាការអាចធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនទាំងអស់គ្នាបានគឺការដោះដូរគ្នាបាន ព្រោះបើមិនអាចដោះដូរបានចុះប្រជាពលរដ្ឋបានអីរស់? ថៃនាំទំនិញចូលមកខ្មែរបានច្រើន និងសេរីជាង ឃើញថាការដោះដូរនេះគឺភាគីថៃមានភាពទូលំទូលាយជាង បើខ្មែរយើង ពេលនាំចូលមានការរឹតបន្តឹងច្រើន។ ខ្ញុំសូមឲ្យមានការនាំចេញទំនិញរវាងភាគីទាំង ២ មានសមភាព។ គេមិនឲ្យយើងចូល ប៉ុន្តែគេនាំចូលមកយើងបានគិតយ៉ាងណាដែរ?»។ ជាមួយនឹងការមើលឃើញបែបនេះលោក ច័ន្ទគា រំពឹងថារដ្ឋាភិបាលកម្ពុជានឹងព្យាយាមធ្វើយ៉ាងណា ក្នុងអំឡុងពេលនេះឲ្យភាគីថៃអាចផ្តល់សិទ្ធិច្រើនជាងនេះ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរដែលពឹងអាស្រ័យលើការនាំទំនិញ ឬកសិផលចេញទៅប្រទេសថៃអាចរស់បានដោយគ្មានការភ័យខ្លាច៕

website_news/2020090407.txt · Last modified: 2020/04/09 16:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki