website_news:2020090601

ថៃដោះលែងអ្នកទោស២នាក់ឱ្យមានសេរីភាពឡើងវិញ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ០៩:០៩ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរចំនួន២នាក់ដែលក្រុមអាជ្ញាធរថៃចោទពីបទឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើគ្រញូង ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ហើយបញ្ជូនយកមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អ្នកទោសខ្មែរទាំង២នាក់ខាងលើដែលក្រុមអាជ្ញាធរថៃដោះលែង ក្នុងនោះម្នាក់ឈ្មោះសូ តី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរឫស្សី ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ត្រូវថៃចាប់ខ្លួនកាលពីថ្ងៃទី២២ មីនា ឆ្នាំ២០១៩ និងម្នាក់ទៀតឈ្មោះអ៊ុន តាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរឬស្សី ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ត្រូវថៃចាប់ខ្លួនថ្ងៃទី១ មករា ឆ្នាំ២០១៩ ពីបទឆ្លងដែនកាប់ឈើគ្រញូង ចូលតាមច្រកអូស្វាយ ជាប់គុកនៅខេត្តស៊ីសាកេត ប្រទេសថៃ។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា បន្ទាប់ពីបានទទួលអ្នកទោសខ្មែរ២នាក់ពីក្រុមអាជ្ញាធរថៃរួចមក សមត្ថកិច្ចកម្ពុជាបានធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនដោយខុសច្បាប់ជាបន្តទៀត និងបានអនុញ្ញាតឱ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញក្នុងថ្ងៃដដែល៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020090601.txt · Last modified: 2020/06/09 13:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki