website_news:2020090603

ឃាត់ខ្លួនជនជាតិថៃ ២ នាក់ ចិន៤នាក់ និងខ្មែរ ២នាក់ ករណី ឆ្លងដែនខុសច្បាប់ នៅបន្ទាយមានជ័យ

http://www.arey-news.com/archives/ (ថ្ងៃទី 08 June 2020 ម៉ោង 9:30 pm)

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី៧ខែមិថុនា ឆ្នាំ២០២០ កម្លាំងយោធា នៃកងការពារព្រំដែន លេខ៥០៣ របស់កម្ពុជា បានឃាត់ខ្លួនមនុស្ស ៨ នាក់ និងរឹបអូសរថយន្ត ២ គ្រឿង ករណីជនជាតិថៃ ២ នាក់ នាំជនជាតិចិន ៤ នាក់ តាមរថយន្ត ១គ្រឿង ពីថៃ ចូលមកកម្ពុជា ដោយខុសច្បាប់ តាមច្រករបៀង នៃព្រំដែនចម្ការគ ហើយមានជនជាតិខ្មែរ ២ នាក់ បានយករថយន្ត ១គ្រឿង ដើម្បីចាំទទួលបន្ត ។

ឧបទ្ទវហេតុ នៃការនាំជនបរទេសឆ្លងដែន ក្នុងអំឡុងប្រទេសថៃ ក៏ដូចកម្ពុជា បានបិទព្រំដែនប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ នេះ គឺដំបូង នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ មានជនជាតិថៃ ២ នាក់ បាននាំជនជាតិចិន (ដីគោក) ៤ នាក់ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមរថយន្ត ១គ្រឿង ដោយឆ្លងកាត់ច្រករបៀង ក្នុងស្រុកគោកធ្យូង ខេត្តស្រះកែវ ដែលខាងកម្ពុជា គឺច្រករបៀងចម្ការគ ភូមិចម្ការគ ឃុំ -ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ នៅពេលចូលមកដល់ ដែនដីកម្ពុជា (ភូមិសាស្ត្រខាងលើ ដែលឈរជើងដោយយកងល្បាតទី១ នៃកងការពារព្រំដែន លេខ៥០៣ ) មានជនជាតិខ្មែរ ២ នាក់ បានយករថយន្ត ១ គ្រឿង មកចាំទទួលដឹកបន្ត ចូលជ្រៅក្នុងប្រទេសកម្ពុជា តែម្តង។

ជនបរទេស ៦ នាក់ ( ថៃ២នាក់ ចិន៤នាក់) និងជនជាតិខ្មែរ ២ នាក់ ត្រូវបានឃាត់ខ្លួន ហើយប្រគល់អោយកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាត់ការបន្ត ក្នុងនាមមន្ត្រីនគរបាលយុត្តិធម៌ ។ ឃាត់ខ្លួន ជនជាតិថៃ ជនជាតិចិន និងជនជាតិខ្មែរ សរុបចំនួន ៨ នាក់ ដោយសារពួកគេ ឆ្លងព្រំដែនខុសច្បាប់ ហើយបំពានបម្រាម ឆ្លងកាត់ព្រំដែន ក្នុងអំឡុងបិទប្រទេស ដើម្បីហេតុផលប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ក្នុងនោះ កងទ័ពនៅព្រំដែន ចំណុះយោធភូមិភាគ៥ បានដកហូតវត្ថុតាង រួមមាន រថយន្ត២គ្រឿង ទូរស័ព្ទ ៨ គ្រឿង ប្រាក់ថៃ ១.៦៦០ បាត ប្រាក់អាម៉េរិក ៨០ ដុល្លារ ។ សាកសួរធ្វើកំណត់ហេតុរួច ជនជាតិថៃ ជនជាតិចិន និងជនជាតិខ្មែរទាំង ៨ នាក់ និងរថយន្ត ២ គ្រឿង ត្រូវបានយោធា ប្រគល់ឲ្យកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចាត់ការបន្ត តាមនិតិវិធី ៕

website_news/2020090603.txt · Last modified: 2020/06/09 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki