website_news:2020090604

ថៃពន្យារការស្នាក់នៅប្រមាណ ២ ខែ សម្រាប់ពលករចំណាកស្រុក

https://www.postkhmer.com/ នៀម ឆេង | Publication date 08 June 2020 | 15:24 ICT

ភ្នំពេញៈ រដ្ឋាភិបាលថៃ ពន្យារការស្នាក់នៅសម្រាប់ពលករចំណាកស្រុកមកពីប្រទេស កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលធ្វើការនៅប្រទេសថៃពីថ្ងៃទី ១ មិថុនា ដល់ ថ្ងៃទី ៣១ កក្កដា ជាវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ ១៩។ នេះបើតាមសេចក្ដីប្រកាសរបស់នាយកដ្ឋានទំនាក់ទំនងសាធារណៈថៃចេញផ្សាយថ្ងៃទី ៥ មិថុនា។

សេចក្ដីប្រកាសសរសេរថា៖ «ការសម្រេចនេះធ្វើឡើងក្នុងគោលបំណងបញ្ចៀសការខ្វះកម្លាំងពលកម្ម និងដើម្បីគាំទ្រដល់ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីស្ថានភាពមានភាពប្រសើរឡើងវិញ និងដើម្បីជួយរារាំងការចម្លងជំងឺកូវីដ ១៩»។ សេចក្ដីប្រកាសឲ្យដឹងថា ការសម្រេចពន្យារនេះធ្វើឡើងដោយទីស្ដីការក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២ មិថុនា បន្ទាប់ពីមានការស្នើសុំពីក្រសួងការងារថៃ ដែលបានយល់ព្រមពន្យារការស្នាក់នៅរបស់ពលករចំណាកស្រុកពីប្រទេសទាំង ៣ ពីថ្ងៃទី ១ មិថុនា ដល់ ៣១ កក្កដា ឆ្នាំ ២០២០។ ការពន្យារនេះគឺសម្រាប់ពលករចំណាកស្រុក ដែលមានបណ្ណការងារចេញក្រោមអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីបញ្ហាពលករ និងសម្រាប់ពលករកម្ពុជា និងមីយ៉ាន់ម៉ាដែលមានបណ្ណឆ្លងកាត់ព្រំដែន ស្របតាមចំណុចទី ៦៤ នៃច្បាប់របស់ថៃ។ សេចក្ដីប្រកាសបន្តថា៖ «បន្ទាប់ពីថ្ងៃទី ៣១ កក្កដា ពលករបរទេសទាំងនោះត្រូវតែចាកចេញពីព្រះរាជាណាចក្រ ថៃ ក្នុងពេលកំណត់ដែលដាក់ចេញក្នុងការប្រកាសរបស់ក្រសួងមហាផ្ទៃ។ អ្នកដែលរំលោភច្បាប់នឹងត្រូវប្រឈមមុខនឹងផ្លូវច្បាប់»។

លោក មឿន តុលា នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ឲ្យដឹងថា តាមលោកដឹង រដ្ឋាភិបាលថៃបានបន្ថែមការបិទប្រទេសរហូតដល់ចុងខែមិថុនានេះ ដើម្បីទប់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ក្នុងរយៈពេលនេះរដ្ឋាភិបាលថៃពន្យារទិដ្ឋាការឲ្យពលករចំណាកស្រុកស្របច្បាប់ដោយស្វ័យប្រវត្តិ។លោកបន្តថា តាមនីតិវិធីដែលលោកធ្លាប់ដឹង បន្ទាប់ពីពេលនេះបានផុតទៅ អាជ្ញាធរថៃនឹងផ្ដល់ពេលសម្រាប់ឲ្យពលករទៅពន្យារទិដ្ឋាការរបស់ពួកគេ មុនពេលប្រឈមមុខនឹងការពិន័យ ឬបណ្ដេញចេញ។ លោកថា តាមលោកទទួលបានព័ត៌មាន ពលករចំណាកស្រុកពីកម្ពុជានៅថៃមានប្រមាណជិត ២ លាននាក់ បូករួមទាំងអ្នកដែលគ្មានឯកសារចំនួនប្រមាណ ២០ ភាគរយ។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំអធិប្បាយបានទេម្សិលមិញ៕

website_news/2020090604.txt · Last modified: 2020/06/09 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki