website_news:2020090706

សម្រាប់ឆមាសទី១ឆ្នាំ២០២០នេះ រាជធានីភ្នំពេញមានបទល្មើសព្រហ្មទណ្ឌជាង៣០០លើក ថយចុះជិត៦០ករណីស្លាប់មនុស្ស៣០នាក់

http://nokorwatnews.com/ 09-07-2020

ភ្នំពេញ៖ សម្រាប់ឆមាសទី១ឆ្នាំ២០២០នេះ នៅរាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌបានកើតមានឡើង ៣៤៨/៤០៧លើក ថយចុះ៥៩លើក ស្លាប់មនុស្ស៣០នាក់/១៥នាក់ របួស៩០នាក់/៧៤នាក់។ បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៣០ករណី ឃាត់ខ្លួនមនុស្ស៤៦៥នាក់ និងបង្ក្រាបតាមដីកា២៦ដីកា ឃាត់ខ្លួនមនុស្ស២៧នាក់។ ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនទៅសាលារាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីនាយករដ្ឋបាលរាជធានីភ្នំពេញលោក សេង វណ្ណៈ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក សេង វណ្ណៈ បានបញ្ជាក់ថា កម្លាំងរបស់សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងបាន៣៤៧ករណី ឃាត់ខ្លួន៥២១ នាក់ ក្នុងនោះពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ១០០ករណី ឃាត់ខ្លួន ២១៤នាក់ស្រី ១៤នាក់ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ និងករណីអុកឡុក បង្កការបាត់បង់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន២៤៧ករណីឃាត់ខ្លួនមនុស្ស៣០៧នាក់ ស្រី១១នាក់ បានអនុវត្តវិធានការរដ្ឋបាលដោយធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព ។ បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន១.១៥៣ករណី បើប្រៀបធៀបនឹងឆមាសទី១ឆ្នាំ២០១៩ បង្ក្រាបបាន១.០៩៦ករណី កើនឡើង៥៧ករណី ឃាត់ខ្លួនមនុស្ស ២.០៧៨/២.២៦៣ នាក់ ស្រី១២៤នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។ បង្ក្រាបល្បែងស៊ីសងបាន៤៤ករណី ឃាត់ខ្លួនមនុស្ស១៩៦នាក់ ក្នុងចំនួននេះ បានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចំនួន៣៤នាក់និងធ្វើកិច្ចសន្យាអប់រំ ១៦២នាក់។

ការងារប្រឆាំងការជួញដូរនិងការពារអនីតិជន បង្ក្រាបបាន១៤ករណី ឃាត់ខ្លួនមនុស្ស១៦នាក់ ស្រី ២នាក់ ជនបរទេសម្នាក់។ ជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងដោះលែងជនរងគ្រោះបាន១៧នាក់ បញ្ជូនទៅសង្គមកិច្ចរាជធានី៦នាក់ និងប្រគល់ជូនគ្រួសារជនរងគ្រោះ១១នាក់។សម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះដែរ គ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងចំនួន៨០៤ករណី បើប្រៀបធៀបឆមាសទី១ឆ្នាំ ២០១៩ កើនឡើង២៣៣លើកក្នុងនោះស្លាប់ ១៥៩នាក់/១៧១នាក់ របួស៧២៥នាក់/៧៥១នាក់ ខូចខាតរថយន្ត៧២០គ្រឿង ។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្នុងឱកាសនោះ បានសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានអនុវត្តនូវការងារ ក្នុងកិច្ចការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានស្នើដល់អាជ្ញាធររាជធានីភ្នំពេញនិងកងកម្លាំងសមត្ថកិច្ច បន្តការខិតខំប្រឹងប្រែងលើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ខណៈដែលបទល្មើសចរាចរណ៍នៅតែជាកង្វល់មួយរបស់រាជធានីភ្នំពេញ៕ដោយ៖សំរិត

website_news/2020090706.txt · Last modified: 2020/07/09 15:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki