website_news:2020090906

ដើរកាត់ព្រៃផង ជិះម៉ូតូឌុបផង ទំរាំដល់តាក់ស៊ី ទីបំផុតនៅតែគេចមិនរួចដដែល

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១០:១៤ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ ពិតជាគួរឲ្យអាណិតណាស់ បើមើលតាមការរៀបរាប់លើគេហទំព័រ និងកាសែតថៃមួយ ដែលបានបង្ហោះ ឬផ្សាយថា ពលករខ្មែរចំនួន៩នាក់ត្រូវសមត្ថកិច្ចចម្រុះថៃចាប់ខ្លួនតាមដងផ្លូវ ខណៈពេលកំពុងជិះតាក់ស៊ី ក្រោយពីដើរកាត់ព្រៃផង ជិះម៉ូតូឌុបផង ទម្រាំតែដល់គោលដៅ រួចចង់ជិះរថយន្តតាក់ស៊ីទៅហើយ ប៉ុន្តែទីបំផុតនៅតែត្រូវគេចាប់ខ្លួនបានដដែល។ ករណីឃាត់រថយន្តតាក់ស៊ី២គ្រឿង និងឃាត់បានពលករខ្មែរ៩នាក់ខាងលើនេះ បានកើតឡើងកាលពីម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។

ពាក់ព័ន្ធករណីខាងលើនេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណពលករខ្មែរទាំង៩នាក់នៅឡើយទេ គ្រាន់តែដឹងថា ក្នុងនោះមានប្រុស៥នាក់ និងស្រីចំនួន៤នាក់ ។ ហើយពេលសាកសួរនោះ ក្រុមពលករខ្មែរទាំង៩នាក់បានប្រាប់សមត្ថកិច្ចថៃថា មុនពេលឡើងជិះរថយន្តតាក់ស៊ីនោះ គឺត្រូវចំណាយប្រាក់២ដងរួចមកហើយ ដោយលើកទី១ ចំណាយម្នាក់៩០០បាតឲ្យមេខ្យល់ខ្មែរនាំដើរកាត់ព្រៃពីព្រំដែនចូលទឹកដីថៃ លុះលើកទី២ គឺជិះម៉ូតូឌុបរបស់ថៃ ដោយចំណាយម្នាក់៥០០បាត និងលើកទី៣ ចំណាយម្នាក់១៨០០បាតទៀត លើរថយន្តតាក់ស៊ី សរុបទាំងអស់៣២០០បាត ក្នុងគោលដៅទៅរកការងារធ្វើនៅខេត្តនគររាជសីមា និងខេត្តសមុទ្រប្រាកាន តែមិនទាន់ទាំងទៅដល់ផង ក៏ត្រូវគេចាប់ខ្លួនទាំងអស់គ្នា រួមទាំងអ្នកបើកបររថយន្តស្លាកលេខថៃ និងជាជនជាតិថៃប្រុស២នាក់ទៀតផង។ក្រោយពេលចាប់ខ្លួន ទាំងពលករខ្មែរ ទាំងបុរសជនជាតិថៃ ត្រូវបានគេបញ្ជូនទៅស្ថានីយតម្រួតស្រុកតាប្រាយ៉ា ដើម្បីធ្វើកាសាសួរ និងចាត់ការបន្តទៀត៕

website_news/2020090906.txt · Last modified: 2020/09/09 13:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki