website_news:2020091205

ម៉ាឡេស៊ី ផ្តល់ភាពស្របច្បាប់ដល់ពលករខ្មែរ និងពលករ១៤ប្រទេសទៀត តែត្រូវបង់ប្រាក់មួយចំនួន

https://thmeythmey.com/ 08, Dec 2020 , 5:49 pm ដោយ: សៅ សុខអេង

ភ្នំពេញ៖ រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសផ្តល់ភាពស្របច្បាប់ដល់ពលករខុសច្បាប់ នៃប្រទេស១៥ ដោយក្នុងនោះ មានទាំងពលករខុសច្បាប់របស់កម្ពុជាផងដែរ។ ការផ្តល់ភាពស្របច្បាប់នេះ គឺសំដៅដល់កម្មករខុសច្បាប់ ដែលកំពុងបម្រើការនៅក្នុងវិស័យសំណង់ ឧស្សាហកម្ម ដាំដុះ និង កសិកម្ម នៅក្នុងប្រទេសម៉ាឡេស៊ី។

សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបញ្ជាក់ពីលក្ខខណ្ឌថា មុននឹងនិយោជក និងកម្មករខុសច្បាប់ អាចទទួលបានសិទ្ធស្របច្បាប់នេះ គឺពួកគេ មិនត្រូវមានឈ្មោះនៅក្នុងបញ្ជីខ្មៅ(Black list) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ត្រូវបង់ប្រាក់តម្កល់ ៥០០ រីងហ្គីត (ជាង១២០ដុល្លារ), បង់ថ្លៃផាកពិន័យ១៥០០រីងហ្គីត(៣៦៩ដុល្លារ) តាមប្រព័ន្ធអនឡាញ សម្រាប់ពលករម្នាក់, ត្រូវពិនិត្យសុខភាពនៅមជ្ឈមណ្ឌល FOMEMA, ត្រូវបង់ពន្ធ, បង់សេវាដំណើរការឯកសា និង ទិដ្ឋាការ។ លក្ខខណ្ឌបន្ទាប់មកទៀត គឺ ពលករ ត្រូវមានលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច១៨ខែ, ជាពលករដែលបានចូលទៅធ្វើការនៅម៉ាឡេស៊ីដោយប្រើទិដ្ឋាការទេសចរណ៍ (Social Visit Pass) ឬជាពលករដែលមានទិដ្ឋាការការងារផុតសុពលភាពមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ឬ ត្រូវបានរាយការណ៍ថារត់ចេញពីនិយោជក។ បន្ថែមពីនេះ ពលករត្រូវមានវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ដែលមានសុពលភាពរយៈពេល៣ថ្ងៃមុនថ្ងៃសម្ភាស។

ក្រោយពលករបានបំពេញលក្ខខណ្ឌខាងលើបានសមស្របហើយ ពលករអាចដាក់ពាក្យស្នើសុំផ្តល់ភាពស្របច្បាប់ដល់ពលករតាមរយៈអ៊ីមែលទៅកាន់ .my ។ ក្រោយមកទៀត ពលករទាំងអស់ ត្រូវទាក់ទងផ្ទាល់ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារម៉ាឡេស៊ីដោយគ្មានការពាក់ព័ន្ធជាមួយនឹងភាគីទីបី និងទីភ្នាក់ងារជ្រើសរើសពលករឡើយ។ នេះបើតាមស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដែលអះអាងថា ការផ្តល់ភាពស្របច្បាប់ដល់ពលករខុសច្បាប់នេះ ត្រូវបានអនុវត្តពីខែវិចិ្ឆកា ឆ្នាំ២០២០មក រហូតដល់ខែមិថុនា ឆ្នាំ២០២១៕

website_news/2020091205.txt · Last modified: 2020/12/09 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki