website_news:2020100202

បញ្ជូនបុរសម្នាក់នាំនារីក្មេងៗឲ្យរួមមេត្រីជាមួយភ្ញៀវតាមផ្ទះសំណាក់ ទៅតុលាការ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២០ ម៉ោង ១៦:០៧ ឃឹម ប៊ុនណាក់

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មេខ្យល់ម្នាក់ជាប់ពាក់ព័ន្ធនាំនារីវ័យក្មេងឲ្យទៅរួមភេទជាមួយភ្ញៀវតាមផ្ទះសំណាក់ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់ជាផ្លូវការ និងសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ សេចក្តីរាយការណ៍បន្តថា មេខ្យល់រូបនោះឈ្មោះ កេត រតនៈ ហៅអាហ្សា អាយុ២៩ឆ្នាំ ជាបុរសភេទទី៣ ស្នាក់នៅផ្ទះលេខ២៣២ ផ្លូវលំ ភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ដឹកនាំដោយលោកស្នងការរង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើស «អំពើសញ្ចរកម្មមួយករណី» នៅភោជនីយដ្ឋានម្លប់ស្បូវមានលាភ ផ្លូវលេខ១៩៥៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សូមរំលឹកទៀត ក្នុងនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ និងរំដោះនារីវ័យក្មេងៗ៦នាក់ ក្នុងនោះមាន២នាក់ជាអនីតិជន ដែលមេខ្យល់នាំទៅរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ ។

នៅចំពោះមុខសមត្ថកិច្ចនារីវ័យក្មេងៗមានខ្លះអាយុក្រោម១៥ឆ្នាំ បាននិយាយថា ពួកនាងជាបំរើភ្ញៀវនៅហាងដែលត្រូវការហៅមកអង្គុយផឹកកំដរ ប៉ុន្តែបើសិនភ្ញៀវពេញចិត្ត ហើយត្រូវការចង់នាំនាងឡើងឋានសួគ៌នៅខាងក្រៅតាមផ្ទះសំណាក់ គឺអាចធ្វើការទំទាក់នាក់ទំនងមេការឈ្មោះ កេត រតនៈ ហៅអាហ្សា តាមរយៈទូរស័ព្ទទៅដេកជាមួយភ្ញៀវនៅផ្ទះសំណាក់ និងសណ្ឋាគារបាន ដោយម្នាក់ក្នុងតម្លៃការក្នុង១ដងចាប់ពី១០០ទៅ១៥០ដុល្លារអាមេរិក ក្នុងនោះមេខ្យល់ក៏បានទទួលកម្រៃជើងសារពីភ្ញៀវបន្ថែមដែរ ។

ចំណែកជនសង្ស័យបានសារភាពថា ខ្លួនជាអ្នកមើលការខុសត្រូវនារីទាំងអស់ ដែលនៅបម្រើភ្ញៀវនោះមែន ប៉ុន្តែរឿងពួកនាងៗចង់បានប្រាក់ លួចលាក់ទៅរួមមេត្រីជាមួយភ្ញៀវខាងក្រៅតាមផ្ទះសំណាក់ គេអត់បានដឹងទេ ។ទោះជាយ៉ាងណា ជនសង្ស័យជាមេខ្យល់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការ ពីបទ «អំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស» និងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ (កែសម្រួលដោយ ៖ បុប្ផា)

website_news/2020100202.txt · Last modified: 2020/02/10 15:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki