website_news:2020100203

ប្រមុខរដ្ឋាភិបាលអំពាវនាវដល់ភាគីកូរ៉េបន្តយកចិត្តទុកដាក់លើពលករខ្មែរកំពុងបម្រើការងារនៅកូរ៉េ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២០ ម៉ោង ០៨:១០ ឡុង សារ៉េត

រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុនសែន បានអំពាវនាវទៅដល់ម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនទាំងអស់នៅប្រទេសកូរ៉េដែលទទួលយកពលករខ្មែរទៅបម្រើការងារនៅក្នុងផលិតកម្មរបស់ខ្លួនឱ្យបន្តជួយយកចិត្តទុកដាក់និងថែរក្សាពួកគេឱ្យបានល្អ ខណៈពលករខ្មែរគោរពច្បាប់និងមានសិលធម៌ល្អទទួលបានការកោតសសើរពីភាគីកូរ៉េ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយពលករខ្មែរនិងម្ចាស់រោងចក្រកូរ៉េប្រមាណ៣៧នាក់នៅប្រទេសកូរ៉េកាលពីពេលថ្មីៗនេះថា សម្តេចបានអរគុណដែលកូរ៉េបានវាយតម្លៃខ្ពស់ទៅលើគុណភាពនៃពលកររបស់កម្ពុជា។ សម្តេចតេជោបានសង្កត់ធ្ងន់ថា «អ្វីដែលខ្ញុំសុំពីអស់លោកគឺសុំអស់លោក (ម្ចាស់រោងចក្រ) ជួយថែទាំកូនក្មួយរបស់ខ្ញុំ។មើលសុខទុកកូនក្មួយរបស់ខ្ញុំបានកំពុងធ្វើការនៅតាមរោងចក្រ ឬការដ្ឋានរបស់អស់លោកឱ្យបានល្អ។នោះហើយគឺជាបំណងប្រាថ្នារបស់ខ្ញុំ។ខ្ញុំចាត់ទុកថាពួកគេជាសាច់ឈាមរបស់ខ្ញុំ»។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ខ្ញុំនូវតែអំពាវនាវឱ្យនិយោជកដែលម្ចាស់រោងចក្រ, ម្ចាស់ការដ្ឋាន,ម្ចាស់ក្រុមហ៊ុននិង សហគ្រាសកូរ៉េ ជួយបន្តការថែទាំពលករពលការិនីដែលធ្វើការនៅគ្រប់ទីកន្លែងក្នុងប្រទេសកូរ៉េ ព្រោះយើងត្រូវការឱ្យពលករយើង មិនត្រឹមតែដោះស្រាយការងារ ហើយមកឱ្យគេសង្កតសង្កឹននោះទេ។ យើងបានតាមការពារពលកររបស់យើងនៅតាមប្រទេសនានា ហើយមានពេលខ្លះពលករបស់យើងត្រូវគេបោកទៅដល់អាប៊ីសាអូឌិត យើងតាមយកមកវិញ»។ សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា «ប្រទេសកូរ៉េមានការខ្វះពលកម្មពិតប្រាកដ ។ ដូច្នេះកូរ៉េត្រូវនាំពលកម្មចូល ហើយជាសំណាងពលករខ្មែរធ្វើការមានការគោរពច្បាប់ មានសិលធម៌ល្អទទួលបានការកោតសសើរពីភាគីកូរ៉េ។ដូច្នេះហើយបានជាយើងស្នើសុំបង្កើនចំនួនពលករខ្មែរឱ្យបានច្រើនបន្ថែមទៀត។ម្យ៉ាងដើម្បីដោះស្រាយការងារធ្វើនិងម្យ៉ាងទៀតទទួលយកបច្ចេកវិទ្យាសម្រាប់ទៅក្នុងប្រទេសនៅពេលត្រលប់ទៅវិញ»។

លោក ឡុងឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ មានប្រសាសន៍ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សរណៈយោគយល់ជាមួយរដ្ឋាភិបាលសាធារណៈកូរ៉េស្តីពីប្រព័ន្ធអនុញ្ញាតមុខរបរកាលពីឆ្នាំ២០០៦រហូតមកដល់បច្ចុប្បន្នពលករពលការិនីដែលកំពុងមានវត្តមាននៅប្រទេសកូរ៉េនេះមានជាង៤,៩ម៉ឺននាក់ ក្នុងនោះពលការិនីជាង១ម៉ឺននាក់ធ្វើការនៅក្នុងវិស័យឧស្សាហកម្ម,សំណង់និងកសិកម្ម។ លោកឯកអគ្គរាជទូតបានបញ្ជាក់ថា« ជារៀងរាល់ឆ្នាំថវិកាសរុបមានជាង៤០០លានដុល្លារអាមេរិកត្រូវបានផ្ញើរទៅប្រទេសកម្ពុជាដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ។ក្រៅពីនេះប្រជាពលរដ្ឋខ្មែរក៏ទទួលបានបទពិសោធន៍ការងារ ចំណេះដឹង ជំនាញបច្ចេកទេសនឹងភាសាសម្រាប់ជាយានបង្កើតមុខរបរនាពេលអនាគតនៅពេលបញ្ចប់អាណត្តិត្រលប់ទៅប្រទេសកម្ពុជាវិញ»។ បើតាមឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ ក្នុងចំណោមពលករខ្មែរទាំងអស់ដែលធ្លាប់បានបម្រើការងារនៅកូរ៉េមួយចំនួនបានក្លាយជាពាណិជ្ជកម្មករដ៏ជោគជ័យក្នុងវិស័យអចលនទ្រព្យ ម្ចាស់ស្ថានីយ៍ប្រេងឥន្ទៈ,ភោជនីយដ្ឋាន កសិដ្ឋាននឹងបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋនិងឯកជន ។ ប្រាក់ខែអតិបរមា និងអប្បរមារបស់ពលករកម្ពុជា គឺមិនមានតួលេខច្បាស់លាស់នោះទេ គឺវាអាស្រ័យទៅលើការអនុម័តច្បាប់នៃការងារនៅក្នុងប្រទេសកូរ៉េ ។ តែគ្រាន់តែដឹងថាជាមធ្យម ពលករ កម្ពុជាទទួលបានប្រាក់ខែ ប្រហែល ២០០០ ដុល្លារអាមេរិក ៕ កែសម្រួលដោយ ៖សុឃាក់

website_news/2020100203.txt · Last modified: 2020/02/10 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki