website_news:2020100204

ស្នងការដ្ឋាននគរបាលកម្ពុជា-ថៃ ឯកភាពតាមផែនការនឹងត្រូវអនុវត្តឱ្យបាន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ម៉ោង ០៩:៣៤ ហួត សុងហាក់

• ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៧ កុម្ភៈ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានរៀបចំជំនួបពិភាក្សាពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនគរបាលភូមិភាគ២ នៃព្រះរាជាណាចក្រថៃ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន មេបញ្ជាការរងនគរបាលជាតិទិសភូមិភាគទី៥ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាសហប្រធាននៃជំនួនពិភាក្សា ដែលភាគីថៃដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ថាណាស័ក្តិ រិទ្ធីដេតផៃប៊ូន មេបញ្ជាការរងនគរបាលភូមិភាគ២ នៃព្រះរាជាណាចក្រថៃ ជាសហប្រធាននៃជំនួនពិភាក្សាមកចូលរួមចំនួន២៩នាក់។ ចំណែកកម្ពុជាចំនួន៣៨នាក់ ។

• លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានលើកឡើងពង្រឹងកម្លាំងសហការជាមួយគ្នា ដោយអនុវត្តតាមខ្លឹមសារចំនួន៧ចំណុច ដែលបានជួបឯកភាពគ្នា រវាងនគរបាលខេត្តបាត់ដំបង និងខេត្តច័ន្ទបូរីនៅប្រទេសថៃកាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០១៩ រួចមកនោះ យកមកអនុវត្តបន្តទៀត ហើយក៏បានសុំបន្ថែមកិច្ចសហការជាមួយនគរបាលខេត្តត្រាត និងខេត្តស្រះកែវបន្ថែមទៀត ហើយបានជំរុញឲ្យមានជំនួបគ្នារវាងថ្នាក់ស្រុក និងស្រុកដែលមានព្រំប្រទល់ជាមួយគ្នា និងជំនាញតាមគោលដៅនៅទល់មុខគ្នា សុំបន្តពង្រឹងបន្ថែមតាមខ្លឹមសារចាស់ឲ្យបានល្អបន្ថែមជាបន្តទៀត ។

• បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ថាណាស័ក្តិ រិទ្ធីដេតផៃប៊ូន មេបញ្ជាការរងនគរបាលភូមិភាគ២នៃព្រះរាជាណាចក្រថៃបានលើកឡើងថា សុំឯកភាពបន្តពង្រឹងជាមួយជាមួយខេត្តទាំង៣របស់ថៃ ដែលមានព្រំដែនជាប់ជាមួយខេត្តបាត់ដំបង ហើយសុំឲ្យខាងកម្ពុជាជួយជំរុញផ្សព្វផ្សាយដល់ពលករមួយចំនួនឲ្យយល់អំពីច្បាប់ដែលត្រូវចេញ-ចូល ទៅធ្វើការរស់នៅឱ្យសមស្របទៅតាមច្បាប់ផង ។ ភាគីថៃបានបន្ថែមទៀតថា បើមានករណីមានអ្នកជំងឺដែលត្រូវសង្គ្រោះបន្ទាន់ ត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃ សូមភាគីទាំងសងខាងជួយសម្រួលឲ្យបានឆាប់បំផុត ចៀសវាងការខកពេលនាំឲ្យអ្នកជម្ងឺអាចស្លាប់ ក្នុងការជួយសង្គ្រោះមិនទាន់ ។ បន្ទាប់ពីបានឯកភាពគ្នារួចហើយភាគីទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុរួមគ្នា ហើយបន្តយកទៅអនុវត្តឲ្យមានប្រសិទ្ធិភាពបំផុត ។

website_news/2020100204.txt · Last modified: 2020/02/10 15:39 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki