website_news:2020100301

លោក ហ៊ុន សែន បង្កើនថវិកា៥០០លានរៀលឱ្យក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ដើម្បីផ្ដល់សេវាយុត្តិធម៌ដល់ស្ត្រី និងក្មេងស្រីរងគ្រោះ

https://www.rfa.org/khmer/ ដោយ ហេង រស្មី 2020-03-06

រដ្ឋាភិបាលកម្ពុជា បង្កើនថវិកាប្រមាណ៥០០លានរៀលក្នុង១ឆ្នាំ ដល់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក្នុងគោលដៅជួយដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ឱ្យអាចស្វែងរកសេវាយុត្តិធម៌ តាមរយៈក្រុមមេធាវីរបស់រដ្ឋាភិបាល។ សង្គមស៊ីវិល រំពឹងការបែងចែង និងប្រើប្រាស់ថវិកាប្រព្រឹត្តត្រឹមត្រូវចំទិសដៅ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ដំណើរការរឿងក្ដីលើស្ត្រីជាប់ពន្ធនាគារ ត្រូវតែពន្លឿនឱ្យទាន់ពេលវេលា។ លោកបន្តថា រដ្ឋាភិបាល សម្រេចដំឡើងថវិកាជាតិប្រមាណ៥០០លានរៀល ឬប្រមាណ១២ម៉ឺន៥ពាន់ដុល្លារ ក្នុងមួយឆ្នាំ ឱ្យទៅក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក្នុងកិច្ចការផ្ដល់សេវាផ្នែកច្បាប់ និងការស្វែងរកយុត្តិធម៌ដល់ស្ត្រីក្រីក្រ និងក្មេងស្រីរងគ្រោះពីអំពើហិង្សា ដែលគ្មានលទ្ធភាពរកមេធាវី ការពាររឿងក្ដីរបស់ខ្លួនបាន។ លោកបញ្ជាក់ថា ក្រុមមេធាវីរបស់រដ្ឋាភិបាល គឺជាដៃគូធ្វើការជាមួយក្រុមប្រឹក្សាជាតិដើម្បីស្ត្រីក្នុងកិច្ចការងារនេះ។

ការថ្លែងដូច្នេះធ្វើឡើង នៅព្រឹកថ្ងៃទី៦ ខែមីនា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ»៖ រាជរដ្ឋាភិបាលបានបង្កើតច្បាប់ គោលនយោបាយ ផែនការសកម្មភាពជាតិ ការផ្ដល់សេវាជាពហុវិស័យ និងវិធានការជាច្រើនទៀត ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងអង្គការសង្គមស៊ីវិល ដើម្បីជួយជនរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានបង្កើតថវិកាជូនដល់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រីចំនួន៥០០លានរៀល ក្នុងមួយឆ្នាំ ដើម្បីជួយដល់ស្ត្រី និងក្មេងស្រីរងគ្រោះ ក្នុងការស្វែងរកសេវាយុត្តិធម៌។ក្រៅពីនេះ លោក ហ៊ុន សែន ក៏តម្រូវឱ្យក្រសួងពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឱ្យបានម៉ត់ចត់ ក្នុងការគ្រប់គ្រងនិងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត Internet នៅទូទាំងប្រទេស ឱ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បញ្ហានានា ទាក់ទងនឹងអំពើហិង្សា ការកេងប្រវ័ញ្ចលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet និងបណ្ដាញផ្សព្វផ្សាយជាច្រើនដែលធ្វើឱ្យបាត់សណ្ដាប់ធ្នាប់សង្គម។

អនុប្រធានការពារផ្លូវច្បាប់នៃក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត ប្រាប់អាស៊ីសេរីថា ថវិកាសរុប៥០០លានរៀលនេះ ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី នឹងបែកចែកទៅថ្នាក់ក្រោមជាតិ តាមរយៈមន្ទីរកិច្ចការនារី ដើម្បីផ្ដល់សេវាគាំពារផ្នែកច្បាប់ដល់ជនរងគ្រោះ ក្នុងអំពើហិង្សា ទាក់ទងនឹងយេនឌ័រ៖ លុយ៥០០លាននេះ យើងជួយទៅលើសេវាសម្រាប់ជួយជនរងគ្រោះ ក្នុងការធ្វើដំណើរ ថ្លៃហូបចុក ឬទាក់ទងនឹងកិច្ចអន្តរាគមន៍របស់អ្នកផ្ដល់សេវាចុះទៅ។ មួយវិញទៀត យើងយកលុយមួយចំណែកក្នុងលុយ៥០០លានរៀលនេះ ដើម្បីទៅធ្វើសហការជាមួយមេធាវី ដើម្បីឱ្យមេធាវីគាត់ដំណើរការនីតិវិធី តាំងពីចាប់ផ្ដើមករណីរហូតដល់បញ្ចប់ករណី។ អ្នកស្រី ស ស៊ីណែត ឱ្យដឹងទៀតថា ការផ្ដល់សេវាដល់ជនរងគ្រោះជាស្ត្រី និងក្មេងស្រី គឺមានពីរករណី។ ករណីទី១ គឺ ជនរងគ្រោះអាចមកស្វែងរកតម្រូវការរបស់ខ្លួន ដូចជាការប្រឹក្សាយោបល់ ផ្លូវចិត្ត ឬស្នើសុំជំនួយផ្នែកច្បាប់ ពីក្រសួងកិច្ចការនារីដោយផ្ទាល់ នោះក្រសួងនឹងរៀបចំជូន។ អ្នកស្រីបន្តថា ចំពោះករណីទី២ ប្រសិនបើក្រសួងកិច្ចការនារី មិនអាចផ្ដល់សេវាទៅតាមតម្រូវការរបស់ជនរងគ្រោះទេ នោះក្រសួងនឹងរៀបចំសម្របសម្រួល ហើយបញ្ជូនជនរងគ្រោះទៅរកសេវាចាំបាច់នៅក្នុងមូលដ្ឋានរបស់ពួកគេ៖ «ទន្ទឹមហ្នឹង កិច្ចការនារី ក៏មិនធ្វើការម្នាក់ឯងទេ នៅពេលដែលយើងចុះទៅជួយអន្តរាគមន៍ ឬក៏ផ្ដល់សេវាដល់ជនរងគ្រោះ គឺយើងមានការសហការយ៉ាងជិតស្និតជាមួយសមត្ថកិច្ចដែលនៅជិតនោះ។ បើករណីហ្នឹង ចូលជាករណីបទល្មើសព្រហ្មទណ្ឌ បើកិច្ចការនារីទទួលករណីហ្នឹងមុន គឺកិច្ចការនារីត្រូវបញ្ជូនទៅសមត្ថកិច្ច ភ្លាម ដើម្បីធ្វើពាក្យបណ្ដឹង ឱ្យសមត្ថកិច្ចធ្វើការជាមួយជនរងគ្រោះ ដើម្បីធ្វើនីតិវិធី ស្វែងរក និងចាប់ជនល្មើស។ បន្ទាប់មកកិច្ចការនារី មានការសម្របសម្រួលក្នុងការរកសេវាពាក់ព័ន្ធមួយចំនួនទៀត ដែលជាតម្រូវការរបស់ជនរងគ្រោះ»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា ស្ត្រីរងគ្រោះអំពើហិង្សាក្នុងគ្រួសារ កុមារីរងគ្រោះដោយអំពើរំលោភសេពសន្ថវៈ រួមទាំងស្ត្រីពពោះ ស្ត្រីមានកូនតូច និងអនីតិជនដែលជាស្ត្រី ជាប់នៅក្នុងពន្ធនាគារ គឺពួកគាត់មិនមានលទ្ធភាពទៅរកមេធាវី ជួយការពាររឿងក្ដីបានទេ។ លោកបន្តថា បើរដ្ឋាភិបាលប្រើប្រាស់ថវិកាប្រមាណ៥០០លានរៀលនេះ ប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាព នោះពិតជាអាចជួយក្រុមស្ត្រីរងគ្រោះទាំងនោះបាន។ ដើម្បីលើកស្ទួយនិងគាំទ្រទៅដល់ស្ត្រីនិងកុមារីរងគ្រោះដោយអំពើហិង្សានេះ លោក អំ សំអាត ក៏ស្នើដល់រដ្ឋាភិបាលធ្វើយ៉ាងណា ការពង្រឹង និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ជាពិសេសនោះ គឺការកែទម្រង់ប្រព័ន្ធតុលាការ ឱ្យឈរលើគោលការណ៍ឯករាជភាព ដើម្បីផ្ដល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះ៖ «យើងគាំទ្រហើយបន្ថែមថវិកា ដើម្បីគាំទ្រ និងការពារទៅស្ត្រី និងកុមារីរងគ្រោះ ក៏ប៉ុន្តែធ្វើយ៉ាងសុំឱ្យការអនុវត្តឱ្យមានប្រសិទ្ធភាព ហើយគ្រប់ស្ថាប័នទាំងអស់ត្រូវចូលរួមផងដែរ រួមទាំងបញ្ហាសំខាន់ គឺតុលាការតែម្ដង»។

ប្រទេសកម្ពុជា បានបង្កើតបទដ្ឋានច្បាប់មួយចំនួន ដែលធានាការពារទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារី ដើម្បីឱ្យស្របតាមបទដ្ឋានច្បាប់អន្តរជាតិ ដែលរដ្ឋាភិបាលបានផ្ដល់សច្ចាប័ន។ ក្នុងនោះរួមមានច្បាប់ប្រឆាំង ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ច្បាប់ទប់ស្កាត់អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ច្បាប់គ្រប់គ្រងទឹកអាស៊ីដផែនការជាតិលើកទី២ទប់ស្កាត់អំពើហិង្សាលើស្ត្រីរួមនឹងបទដ្ឋានពាក់ព័ន្ធមួយចំនួនទៀត។ទោះជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជារិះគន់ថា ច្បាប់ទាំងនោះមិនត្រូវបានរដ្ឋាភិបាលយកទៅអនុវត្តឱ្យស្មើភាពគ្នានៅឡើយទេ បណ្ដាលឱ្យមានអយុត្តិធម៌សង្គម ដែលជនក្រីក្រ និងអ្នកគ្មានអំណាចក្លាយជាជនរងគ្រោះ៕

website_news/2020100301.txt · Last modified: 2020/03/10 15:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki