website_news:2020100403

ពលករខ្មែរមួយចំនួនដែលទើបត្រឡប់ពីថៃត្អូញត្អែរជួបការលំបាកព្រោះគ្មានការងារធ្វើ

https://www.rfa.org/khmer/ ដោយ សេក បណ្ឌិត 2020-04-09

ពលករខ្មែរមួយចំនួន ដែលទើបត្រឡប់មកពីប្រទេសថៃ ចាប់ផ្ដើមជួបបញ្ហាសេដ្ឋកិច្ចនៅក្នុងគ្រួសារ ដោយសារនៅក្នុងស្រុកអត់ការងារធ្វើ។ ពលករទាំងនោះព្រួយបារម្ភថា ប្រសិនបើស្ថានការណ៍រាតត្បាតជំងឺកូវីដ១៩ ចេះតែអូសបន្លាយយូរទៀតនោះជីវភាពរបស់ពួកគេកាន់តែដុនដាបខ្លាំងជាមិនខាន។ មន្ត្រីសង្គមស៊ីវិលយល់ថា បញ្ហានេះរដ្ឋាភិបាលគួរតែបញ្ចេញកញ្ចប់ថវិកាជាតិជួយដល់ពលករដើម្បីសម្រាលទុក្ខលំបាករបស់ពួកគាត់។ ពលករម្នាក់មានស្រុកកំណើតនៅស្រុកបារាយ ខេត្តកំពង់ធំ លោក ជា ខន ប្រាប់អាស៊ីសេរីថា លោកត្រឡប់មកពីប្រទេសថៃកាលពីថ្ងៃទី៥ មីនា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ។ បុរសវ័យ៣៦ឆ្នាំរូបនេះបន្តថា មូលហេតុដែលលោកសម្រេចចិត្តត្រឡប់មកស្រុកកំណើតអំឡុងពេលនេះ ដោយសារថៅកែបានផ្អាកការងារដោយពុំមានថ្ងៃកំណត់ ដើម្បីការពារខ្លាចឆ្លងជំងឺកូវីដ១៩ តាមសេចក្ដីប្រកាសរបស់រដ្ឋាភិបាលថៃ។ ពលករធ្វើការផ្នែកដឹកជញ្ជូនត្រីនៅលើទូកនេសាទថៃរូបនេះបន្តថា ចាប់តាំងពីថៅកែផ្អាកការងារមក គឺលោកពុំមានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារនោះទេ ហើយសព្វថ្ងៃនេះលោកនៅផ្ទះជាមួយក្រុមគ្រួសារនៅស្រុកកំណើត ដោយពុំបានការងារធ្វើអ្វីឡើយ។ លោកបន្តថា ថវិកាដែលលោកធ្វើការងារនៅប្រទេសថៃកន្លងទៅនោះ មួយចំនួនត្រូវបង់រំលោះធនាគារនិងមួយចំនួនទៀតលោកផ្ញើឱ្យប្រពន្ធ និងឪពុកម្ដាយចាយវាយដូច្នេះនៅពេលនេះលោកមិនមានប្រាក់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះទេ៖ «ថ្ងៃខ្លះក៏ចាយតិច ថ្ងៃខ្លះក៏ចាយច្រើនទៅព្រោះត្រូវការទិញនេះទិញនោះយកមកហូប។ ខ្ញុំមានជំពាក់គេនៅថៃខ្ញុំចងការប្រាក់គេយកមកឱ្យប្រពន្ធលក់ចាប់ហួយ ទូកចតនៅមួយកន្លែងចេះមិនដឹងយ៉ាងណាទេ ហើយខ្ញុំក៏មិនដឹងថានិយាយយ៉ាងណាប្រាប់គេដែរ។ ឥឡូវចាប់ហួយក៏លក់មិនដាច់ ប៉ុន្តែបើទិញទំនិញគេនៅផ្សារកាន់តែឡើងថ្លៃ»។

ស្រដៀងគ្នានេះដែរប្រជាពលរដ្ឋនៅស្រុកអង្គរធំខេត្តសៀមរាបលោក សឿន រ៉ាន់ រៀបរាប់ថា កូនរបស់លោក ចំនួន៣នាក់ត្រឡប់មកពីប្រទេសថៃប្រមាណ៣សប្ដាហ៍ហើយ ដោយសារនៅក្រៅប្រទេសអត់ការងារផង និងខ្លាចឆ្លងជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ផង ទើបលោកហៅកូនឱ្យត្រឡប់មកផ្ទះ។ លោកបន្តថា នៅពេលនេះកូនរបស់លោកទាំង ៣នាក់នៅផ្ទះជុំគ្នា និងពុំមានការងារធ្វើរកប្រាក់ចំណូលឡើយ ហើយធ្វើឱ្យជីវភាពគ្រួសារកាន់តែក្រីក្របន្ថែមទៀត។ លោកបន្ថែមថា សព្វថ្ងៃគ្រួសាររបស់លោកជំពាក់ប្រាក់ធនាគារជាង១ម៉ឺនដុល្លារអាមេរិក ដែលបានខ្ចីគេធ្វើដើមទុនដាំដុះ និងទិញគោយន្តសម្រាប់ភ្ជួរហើយពេលនេះលោកពុំមានប្រាក់សងគេវិញនៅឡើយទេ។ លោកថា កន្លងមកបានប្រាក់របស់កូនផ្ញើពីប្រទេសថៃមកសងធនាគារនិងចាយវាយប្រចាំថ្ងៃ ក៏ប៉ុន្តែនៅពេលនេះ ពួកគេអត់ការងារធ្វើ បានប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមគ្រួសារ។ លោកបន្ថែមថា ចាប់តាំងពីកូនមកដល់ផ្ទះមក ពុំមានអាជ្ញាធរណាមកអើពើជួយដល់ក្រុមគ្រួសាររបស់លោកនៅឡើយទេ៖ «ខ្ញុំអត់មានអីចាយទេអង្គុយមើលមុខគ្នាពិគ្រោះយោបល់គ្នាថា ទៅណានៅឯថៃ ក៏បិទដែរនោះ។ អីចឹងហើយបានថាខ្ញុំចង់សំណូមពរឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ហ្នឹងជួយពន្យារពេលបង់ការប្រាក់ធនាគារបើអូសបន្លាយទៅមុខយូរ កាន់តែយ៉ាប់ណាស់ខ្មែរយើងមិនអាចរស់បានទេ គឺថាកញ្ជ្រោលងាប់បណ្ដោយអត់មានអីហូបទេ។ បើគេបិទ៥ខែកន្លះឆ្នាំអីមិនស្រេចរកប្រាក់ណាបានទិញអំបិលម្សៅស៊ុបបើអីចេះបើរដ្ឋាភិបាលមិនជួយដោះស្រាយយ៉ាប់មែនទែនកូនខ្មែរ»។

ចំណែកពលករនៅខេត្តបន្ទាយមានជ័យលោក រាំ ប៊ូរា វិញថ្លែងថា លោកបាននាំប្រពន្ធនិងកូនត្រឡប់មកពីប្រទេសថៃ កាលពីថ្ងៃទី២០ ខែមីនា ដោយសារនៅក្រៅប្រទេសអត់ការងារធ្វើ។ ពលករធ្វើការផ្នែកកាត់ដេររូបនេះបន្តថា អំឡុងពេលធ្វើការនៅប្រទេសថៃគ្រួសាររបស់លោករកប្រាក់ចំណូលបានប្រមាណ ២ម៉ឺនបាត(២០,០០០) ឬប្រហែល៦០០ដុល្លារអាមេរិកក្នុងមួយខែ ក៏ប៉ុន្តែនៅពេលនេះលោកមិនមានប្រាក់ចំណូលដូចពេលមុនឡើយ។ លោកថា ប្រសិនបើស្ថានការណ៍អូសបន្លាយទៅមុខទៀតគ្រួសារលោកប្រឈមនឹងដាច់ស្បៀង ពីព្រោះលោកគ្មានផ្ទះស្នាក់នៅ ហើយសព្វថ្ងៃជួលផ្ទះគេស្នាក់បណ្ដោះអាសន្ន និងត្រៀមវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ៖ «និយាយទៅប៉ះពាល់ចំណូលច្រើនបង ព្រោះអីខ្ញុំត្រូវចំណាយច្រើនដល់ពេលអីចឹងប៉ះពាល់ដល់ក្រុមគ្រួសារត្រូវខ្វះខាតលុយកាក់ចាយហើយ។ ពិបាកហ្នឹងការរកប្រាក់បង់ថ្លៃបន្ទប់ខ្ញុំមិនបានហូបចុកដូចមុនទេឥឡូវត្រូវត្បិតត្បៀតខុសគ្នាឆ្ងាយណាស់ បើប្រៀបពីមុន ហើយប្រពន្ធខ្ញុំអត់ធ្វើការអីទេមើលកូន»។

កាលពីថ្មីៗនេះនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលរបស់លោកបានត្រៀមថវិកា៨០០លានដល់ ២ ពាន់លានដុល្លារអាមេរិកដើម្បីប្រើប្រាស់ក្នុងពេលប្រទេសមានបញ្ហាដោយសារជំងឺកូវីដ១៩។លោកក៏បានអំពាវនាវដល់ស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុទាំងអស់ឱ្យពន្យារពេលដល់ពលរដ្ឋក្នុងការសងបំណុល និងមិនឱ្យរឹបអូសទ្រព្យពីអ្នករងគ្រោះដោយសារតែជំងឺរលាកផ្លូវដង្ហើមថ្មីនេះស្របពេលពួកគាត់កំពុងគ្មានការងារធ្វើ៖ «វិធានការខាងផ្នែកធនាគារបានធ្វើច្រើនហើយ ក៏ប៉ុន្តែសុំបន្តធ្វើតទៅទៀតបង្ហាញពីការយោគយល់ឧទាហរណ៍ពន្យារការសង់ ឬពន្យារការសងអត្រា ការប្រាក់មិនផាកពិន័យ។ ព្រោះធនាគារគេមានបែបបទរបស់គេ បើអ្នកឯងមិនបានសងគេហ្នឹងផាកពិន័យពីលើហ្នឹង។ ឥឡូវសុំឱ្យយោគយល់គ្នានៅក្នុងកាលទេសនេះ តែនេះមិនមែនជាបទបញ្ជាទេ ជាការអំពាវនាវរបស់រដ្ឋាភិបាលចំពោះវិស័យឯកជនដែលសុំឱ្យយោគយល់»។ លោក ហ៊ុន សែន បន្ថែមថា អំឡុងពេលនេះជាឱកាសល្អរបស់កសិករដើម្បីរកប្រាក់ចំណូលនៅក្នុងគ្រួសារហើយលោកក៏បានជំរុញឱ្យក្រសួងកសិកម្មណែនាំដល់ប្រជាកសិករបង្កើនការដាំដុះផលដំណាំឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីក្នុងស្រុក៖ «កន្លងទៅកំណើនក្នុងវិស័យឧស្សាហកម្មវិស័យសេវាកើនខ្ពស់វិស័យកសិកម្មកើនទាបនៅពេលខាងមុខនេះកំណើនក្នុងវិស័យឧស្សាហកម្មនិងសេវាធ្លាក់ចុះកំណើតក្នុងវិស័យកសិកម្មហ្នឹងហក់ឡើងតែម្ដង។នេះជាឱកាសដែលយើងអាចមើលឃើញតាំងពីឥឡូវអីចឹងយើងត្រូវកិច្ចការងារនេះជាមួយគ្នា»។

ប្រធានអង្គការសង់ត្រាល់លោក មឿន តុលា មានប្រសាសន៍ថា ពលករខ្មែរដែលត្រឡប់ទៅស្រុកកំណើតភាគច្រើនជាពលករធ្វើការក្រៅប្រពន្ធដែលពួកគេពុំបានទទួលប្រាក់ឧបត្ថម្ភ៥០ភាគរយពីរដ្ឋាភិបាលថៃអំឡុងពេលថៅកែផ្អាកការងារនោះឡើយ។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែបញ្ចេញប្រាក់៨០០លានដុល្លារ និងប្រាក់ខែដែលមន្ត្រីរាជការបានធ្វើវិភាគទានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមនេះ៖ «អីចឹងបានខ្ញុំថា ប្រទេសយើងវាពិបាកត្រង់ថាយើងអត់មានប្រព័ន្ធគាំពារសង្គមហ្នឹង វាអត់ទាន់បានទូលំទូលាយទេ នៅគេមានប្រព័ន្ធគាំពារសង្គមរបស់គេគ្រាន់បើនៅពេលពលរដ្ឋអត់ការងារធ្វើគេត្រូវប្ដឹងទៅអាជ្ញាធរ ដើម្បីយកប្រាក់ឧបត្ថម្ភសម្រាប់អត់ការងារធ្វើហ្នឹងតែនៅស្រុកយើងវាអត់ទាន់មានប្រាក់ហ្នឹង។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំឃើញមានខ្ទង់មួយបេឡាជាតិរបបសន្តិសុខសង្គមដែលពលរដ្ឋបានប្រាក់កន្លងមកតាមរយៈក្រុមហ៊ុនគួរតែអាចពិចារណាយកកញ្ចប់ណាមួយយកមកប្រើដែរ ក្នុងដំណាក់កាលដែលពេលកំពុងមានវិបត្តិអីចឹង»។ របាយការណ៍របស់អង្គការសង់ត្រាល់ឱ្យដឹងថា ពលករខ្មែរធ្វើការនៅប្រទេសថៃស្របច្បាប់និងមិនស្របច្បាប់មានប្រមាណ ២លាន់នាក់(២០.០០០.០០០)។

លោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី៧ មីនាថា មកទល់ពេលនេះមានពលករខ្មែរជាង ៦ម៉ឺននាក់ ហើយបានត្រឡប់ទៅកម្ពុជាវិញ។ លោក មឿន តុលា ព្រួយបារម្ភថា ប្រសិនបើស្ថានការណ៍នៅតែបន្តអូសបន្លាយទៅមុខទៀត ដូច្នេះនឹងមានពលកររាប់ម៉ឺននាក់បន្ថែមទៀតត្រឡប់ទៅកម្ពុជាវិញ ពីព្រោះពួកគេអត់ការងារធ្វើ គ្មានប្រាក់បង់ថ្លៃបន្ទប់ជួលនិងប្រាក់ចាយវាយប្រចាំថ្ងៃ៕

website_news/2020100403.txt · Last modified: 2020/04/10 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki