website_news:2020100406

អាជ្ញាធរថៃចាប់ពលករខ្មែរជាច្រើននាក់ដែលធ្វើដំណើរត្រឡប់មកកម្ពុជាបំពានបម្រាមប្រកាសអាសន្ន

https://www.rfa.org/khmer/ ដោយ មាន ឫទ្ធិ 2020-04-09

អាជ្ញាធរខេត្តស្រះកែវរបស់ថៃចាប់ខ្លួនពលករខ្មែរជិត ១០នាក់ ក្នុងពេលពួកគេធ្វើដំណើរឆ្លងកាត់ខេត្តនេះ ឆ្ពោះទៅព្រំដែនកម្ពុជាថៃដើម្បីត្រឡប់ទៅស្រុកកំណើតវិញ នៅព្រឹកថ្ងៃទី៩ មេសា។ អាជ្ញាធរថៃបានចោទប្រកាន់ពលករទាំងនោះពីបទបំពានបម្រាមប្រកាសអាសន្ន។ អាជ្ញាធរស្រុកគោកស៊ូង (Kouk Sung) ខេត្តស្រះកែវ (Sra Keo) ប្រទេសថៃ ចាប់ខ្លួនពលករខ្មែរចំនួន៧នាក់ ជាពលករធ្វើការងារស្របច្បាប់ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែតថៃ ផ្សាយនៅថ្ងៃទី៩ មេសា។ ប្រភពដដែលបន្ថែមថា ពួកគេបានជួលរថយន្ត ១គ្រឿងតម្លៃ ៥ពាន់បាត ឬប្រមាណ១៧០ដុល្លារអាមេរិកធ្វើដំណើរពីខេត្តជាប់ទីក្រុងបាងកក ត្រឡប់ទៅផ្ទះវិញ ដោយសារនៅប្រទេសថៃគ្មានការងារធ្វើបណ្ដាលមកពីផលប៉ះពាល់ជំងឺកូវីដ១៩។ បច្ចុប្បន្ន អាជ្ញាធរថៃបានបញ្ជូនពលករទាំងនោះទៅតុលាការដើម្បីចាត់វិធានតាមច្បាប់ ពីព្រោះពួកគេបានល្មើសបម្រាមប្រកាសអាសន្ន។

អាជ្ញាធរខេត្តស្រះកែវ (Srakao) បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី៥ មេសា ហាមឃាត់រថយន្តដឹកពលករបរទេសគ្រប់ប្រភេទឆ្លងកាត់ខេត្តមួយនេះ ២៤ម៉ោង ដើម្បីទប់ស្កាត់ការឆ្លងរាលដានជំងឺរលាកផ្លូវដង្ហើមថ្មី។ ប្រសិនបើជនណាល្មើសបម្រាមនេះនឹងត្រូវពិន័យដាក់គុក ១ឆ្នាំ និងពិន័យជាប្រាក់១០ម៉ឺនបាត ឬប្រមាណ៣ពាន់ដុល្លារអាមេរិក។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ទទួលបន្ទុកផ្នែកពលករ លោក កឹម ចំរើន និង អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហាបានទេ នៅថ្ងៃទី៩ មេសា ដោយទូរស័ព្ទជាច្រើនដងពុំមានអ្នកទទួល។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ករណីនេះអាជ្ញាធរខ្មែរគួរតែទំនាក់ទងទៅភាគីថៃ ដើម្បីសុំឱ្យដោះលែងពលករខ្មែរទាំងនោះត្រឡប់មកប្រទេសកំណើតវិញ ពីព្រោះរឿងនេះពុំមែនជាកំហុសរបស់ពួកគេឡើយ។ លោកបន្តថា ពលករខ្មែរត្រឡប់ទៅផ្ទះដើម្បីរត់គេចពីជំងឺកូវីដ១៩ផង និងដោយសារនៅក្រៅប្រទេសគ្មានការងារធ្វើផង ទើបពួកគេបង្ខំចិត្តត្រឡប់ទៅផ្ទះវិញ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៖ «អ្វីដែលសំខាន់គឺពួកគាត់រត់ត្រឡប់មកវិញ ដើម្បីភាពរស់រានមានជីវិត អីចឹងមិនមែនជាកំហុសអីធ្ងន់ធ្ងរទេ។ អីចឹងរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធគួរតែប្រឹងប្រែងធ្វើម៉េចដោះស្រាយឱ្យពួកគាត់ហ្នឹងបានចេញមកជួបប្រពន្ធកូន បានមកជួបបងប្អូនញាតិមិត្ត ឱ្យរួចផុយពីជំងឺរាតត្បាត និងដើម្បីឱ្យពលករខ្មែរដទៃទៀតដែលត្រឡប់មកពីប្រទេសថៃឱ្យរួចផុតពីការជាប់គុកជាប់ច្រវាក់នៅក្នុងគ្រាមានអាសន្ននេះ»។

កាលពីថ្ងៃទី៧ មេសា អាជ្ញាធរថៃចាប់ពលករខ្មែរចំនួន៩នាក់រួចមកហើយដែរ ដោយសារតែពួកគេធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ ហើយឆ្លងកាត់ខេត្តមួយនេះ បំពានបម្រាមប្រកាសអាសន្នរបស់ថៃ។ ចាប់តាំងពីជំងឺកូវីដ១៩រាតត្បាតនៅក្នុងប្រទេសថៃ មានពលករខ្មែរជាង ៦ម៉ឺននាក់ ហើយបានត្រឡប់ទៅស្រុកកំណើតវិញ។

លោក ស៊ុំ ច័ន្ទគា ព្រួយបារម្ភថា នៅពេលខាងមុខនឹងមានពលករខ្មែរជាច្រើននាក់ផ្សេងទៀតត្រូវចាប់ខ្លួននៅក្នុងប្រទេសថៃ ប្រសិនបើរដ្ឋាភិបាលខ្មែរមិនជួយអន្តរាគមន៍ដល់ពួកគេនោះ ដោយសារពួកគេមិនមានស្បៀងអាហារហូបចុក និងគ្មានប្រាក់បង់ថ្លៃបន្ទប់ជួលក្នុងពេលស្នាក់នៅក្រៅប្រទេស៕

website_news/2020100406.txt · Last modified: 2020/04/10 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki