website_news:2020100703

រដ្ឋបាលខេត្តក្រចេះបើកវគ្គផ្សព្វផ្សាយច្បាប់មួយចំនួនស្តីពីវិធីសាស្ត្រធ្វើចំណាកស្រុកដោយសុវត្ថិភាព

http://ppd-news.net/ ថ្ងៃចេញផ្សាយៈ July 9, 2020

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ខាំ សុភាព អភិបាលរងខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តក្រចេះបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយច្បាប់មួយចំនួន ស្តីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពច្បាប់ការទប់ស្កាតអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងអន្តរាគមន៍ជួយជនរងគ្រោះស្ត្រី និងកុមារដោយការបំពានផ្លូវភេទ។ ពិធីនេះរៀបចំឡើងដោយ លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តក្រចេះ នៅវត្តកសាង ស្ថិតនៅភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី និងមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងស្រុកចិត្របុរី សមាជិកក្រុមលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត មន្ត្រីរាជការរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ ប្រជាពលរដ្ឋ សរុបប្រមាណជាង ១០០នាក់ ផងដែរ។

លោកស្រី ធីន សុធី អភិបាលរងស្រុកចិត្របុរី និងជាសមាជិកគណៈកម្មាធិការ ប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្សខេត្តក្រចេះ មានប្រសាសន៍ ស្វាគមន៍ និងរាយការណ៍ស្ថានភាពនៃវឌ្ឍនៈភាពក្នុងស្រុក ពិសេសការរីកចំរើនលើវិស័យកិច្ចការនារី ដែលបានអនុវត្តភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន តាមផែនការយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ស្តាប់នូវការផ្សព្វផ្សាយច្បាប់ទាំងនេះ ព្រោះវាមានសារៈសំខាន់ណាស់ចំពោះយើងទាំងអស់គ្នា។

លោកជំទាវ ខាំ សុភាព មានប្រសាសន៍លើកឡើងដែរថាកម្មវិធីផ្សព្វផ្សាយច្បាប់ថ្ងៃនេះមានសារៈសំខាន់ណាស់ចំពោះយើងទាំងអស់គ្នា ហើយនេះជាគោលបំណងដើម្បីកសាងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងភូមិឃុំគោលដៅឲ្យមានការយល់ដឹងក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចនានាតាមរូបភាព និងកាត់បន្ថយការធ្វើចំណាកស្រុកប្រកបដោយប្រថុយប្រថាន ។ និងដោយសង្កេតឃើញថា ប្រជាពលរដ្ឋសព្វថ្ងៃនេះធ្វើការចំណាកស្រុកច្រើនដោយមិនស្របច្បាប់ តាមរយៈមេខ្យល់ ធ្វើឲ្យបងប្អូនពិបាកក្នុងការឆ្លងដែន និងរកទីកន្លែងធ្វើការ ក៏ដូចជាកន្លែងស្នាក់នៅជាដើម។ ដូច្នេះប្រសិនបើបងប្អូនចង់ទៅធ្វើការនៅក្រៅប្រទេស គឺត្រូវទៅដោយស្របច្បាប់ រកក្រុមហ៊ុនឲ្យបានច្បាស់លាស់។ ក្នុងឱកាសនោះលោកជំទាវ ខាំ សុភាព បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចេះពិចារណាឲ្យបានត្រឹមត្រូវមុន និងសម្រេចចិត្តធ្វើចំណាកស្រុកទៅរកការងារនៅក្រៅស្រុក ឬក្រៅប្រទេស និងត្រូវមានការផ្ដល់កិច្ចសហការជាមួយអាជ្ញាមូលដ្ឋានរបស់ខ្លួន។ ម៉្យាងវិញទៀតសូមបងប្អូនត្រូវបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងត្រូវអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបន្តចូលរួម រិតបន្តឹងបញ្ហាសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ភូមិស្ថានគ្មានល្បែងស៊ីសង ក្រុមក្មេងទំនើង ខិតខំដោះស្រាយបញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ បទល្មើសគ្រប់រូបភាព ដើម្បឲ្យភូមិ ឃុំមានសុវត្ថិភាព៕ ដោយ ៖ ស៊ាន ចន្ទ័ដា

website_news/2020100703.txt · Last modified: 2020/07/10 15:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki