website_news:2020100801

ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ សមត្ថកិច្ចបង្ក្រាបអំពើជួញដូរមនុស្សបានចំនួន ៧៩ ករណី

https://www.postkhmer.com/ នៀម ឆេង | Publication date 07 August 2020 | 10:56 ICT

ភ្នំពេញៈ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្លែងកាលពីម្សិលមិញថា បើទោះបីជាមានបញ្ហាប្រឈមដោយជំងឺកូវីដ១៩ក៏ដោយ ក៏សកម្មភាពប្រឆាំងការជួញដូរមនុស្សក្នុងរយៈពេល ៦ ខែឆ្នាំ ២០២០ នេះ បានបន្តយ៉ាងសកម្មដោយបានបង្ក្រាបអំពើជួញដូរមនុស្សបាន ៧៩ ករណី។ លោកស្រីមានប្រសាសន៍ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «បើនិយាយពីការបង្ក្រាបក្នុងរយៈពេល ៦ ខែដូចគ្នា ឆ្នាំ ២០២០ នេះយើងធ្វើបានច្រើនជាងមុន ១ ករណីគឺចំនួន ៧៩ ករណី កើនពី ៧៨ ករណី។ ក្នុងនេះអំពើជួញដូរមនុស្សយើងបង្ក្រាបបាន ២៩ ករណី មានជនសង្ស័យ ៣៦ នាក់ដែលមានជនបរទេស ៣ នាក់។ ក្នុងចំណោម ២៩ ករណីនេះមានជនរងគ្រោះ ១៩០ នាក់»។ លោកស្រីបន្តថា៖ «ចំណែកករណីជួញដូរផ្លូវភេទឆ្នាំនេះការបង្ក្រាបមានការថយចុះ ១៦ ករណី ដោយសារតែឆ្នាំនេះ សេវាកម្សាន្តត្រូវបានផ្អាកច្រើន ដូច្នេះឆ្នាំនេះបង្ក្រាបបាន ៥០ ករណីធៀបនឹង ៦ ខែឆ្នាំមុនដែលមាន ៦៦ ករណី។ ក្នុងនេះមានជនសង្ស័យចំនួន ៦៧ នាក់ដែល ១៤ នាក់ជាជនបរទេស។ ចំណែកជនរងគ្រោះមានចំនួន ៩៧ នាក់»។

លោកស្រី ជូ ប៊ុនអេង បន្តថាការជួញដូរដោយការនាំចេញមិនមានច្រើនទេ ដោយសារតែមានការបិទច្រកព្រំដែនពីប្រទេសជិតខាង និងការបិទជើងយន្តហោះ។ ប៉ុន្តែទោះបីថៃបិទច្រកទ្វារព្រំដែនជាមួយកម្ពុជាក្នុងវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ក៏ដោយ ក៏ពលរដ្ឋខ្មែរជិត ១ ពាន់នាក់ បានចាញ់បោកមេខ្យល់ដោយព្យាយាមចូលទៅប្រទេសថៃ ប៉ុន្តែត្រូវបានថៃចាប់បញ្ជូនមកវិញ។ លោកស្រីថ្លែងថា៖ «ពួកគាត់ (អ្នកដែលថៃចាប់បញ្ជូនមកវិញ) គឺជាជនរងគ្រោះដោយសារអំពើជួញដូរ ហើយដោយសារគាត់ចាញ់បោកមេខ្យល់យកទៅលក់។ ពួកគាត់មិនអាចរកការងារអីបានទេ បានត្រឹមតែចំណាយលុយឲ្យមេខ្យល់។ គេប្រាប់ថា យកទៅឲ្យនិយោជក ប៉ុន្តែពេលចូលទៅដល់ មិនបានផលទេ គាត់ក៏បណ្ដោយទៅតាមយថាកម្ម គឺគាត់ត្រូវបានគេចាប់ និងបញ្ជូនមកវិញ»។ លោកស្រីបានលើកទឹកចិត្តឲ្យពលរដ្ឋពិចារណា កុំឲ្យចាញ់បោកគេ ព្រោះពេលនេះការផ្សងព្រេងអាចទទួលបានត្រឹមតែការខាតបង់ប្រាក់កាសប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកាលពីម្សិលមិញបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី ១ ឆ្នាំ ២០២០ នេះ។ លោកបានថ្លែងថា៖ «សូមក្រុមការងារអនុវត្តច្បាប់បន្តតាមដានស្រាវជ្រាវ ស្វែងរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា។ លើសពីនេះទៅទៀតគ្រប់អង្គភាពសមត្ថកិច្ច គប្បីពង្រឹងវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង បញ្ចៀសឲ្យបានការប្រព្រឹត្តខុសឆ្គងនឹងវិន័យក្រមសីលធម៌វិជ្ជាជីវៈ បទបញ្ជាដែលនាំឲ្យប្រឈមនឹងការដាក់ទោសទណ្ឌជាយថាហេតុ»។ លោកបានផ្ដល់អនុសាសន៍ដល់ក្រុមការងារប្រឆាំងការជួញដូរមនុស្ស និងអាជ្ញាធរពាក់ព័ន្ធឲ្យចងក្រង និងចែករំលែកទិន្នន័យជាប្រព័ន្ធឲ្យមានលក្ខណៈរលូន និងជាទិន្នន័យរួមថ្នាក់ជាតិដែលឆ្លើយតបទៅនឹងការដោះស្រាយបញ្ហា ជាពិសេសសម្រាប់ចែករំលែកជាមួយអន្តរជាតិ។

លោក ស ខេង បានស្នើឲ្យមានទំនាក់ទំនងឲ្យកាន់តែល្អថែមទៀតជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីឲ្យការប្រមូលទិន្នន័យអំពីការផ្តន្ទាទោសអំពើជួញដូរមនុស្ស ត្រូវបានបញ្ចូនយ៉ាងលឿនមកអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រឆាំងការជួញដូរមនុស្ស។ លោកបន្តថា៖ «គ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គប្បីបន្តចូលរួមសហការ និងគាំទ្រអនុវត្តគោលនយោបាយ និងវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលឲ្យបានម៉ឺងម៉ាត់ដើម្បីជម្នះនូវរាល់ឧបសគ្គ និងភាពប្រឈមទាំងឡាយរក្សាសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមទប់ទល់នឹងសភាពការណ៍ដែលវិវត្តឥតឈប់ឈរ និងប្រធានស័ក្តិទាំងឡាយ ដែលប៉ះពាល់ដល់ប្រជាជន និងប្រទេសជាតិយើង»៕

website_news/2020100801.txt · Last modified: 2020/08/10 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki