website_news:2020100802

ស្ថានទូតកម្ពុជា ៖ អាជ្ញាធរថៃសម្រេចបន្តសុពលភាពការស្នាក់នៅរបស់ប្រជាពលរដ្ឋខ្មែររហូតដល់ខែមករា ឆ្នាំ២០២១

http://kampucheathmey.com/ 8/8/2020 6:07 Pm

ភ្នំពេញ ៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅព្រះរាជាណាចក្រថៃបានឲ្យដឹងថា នៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលថៃបានសម្រេចបន្តសុពលភាពស្នាក់នៅដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ រហូតដល់ខែមករាឆ្នាំ២០២១។ បើតាមការបញ្ជាក់ពីស្ថានទូតកម្ពុជាឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបន្តឲ្យស្នាក់នៅប្រទេសថៃមានចំនួន៤ ក្រុម ដែលរួមមាន ក្រុមទី១. ពលករខ្មែរ ដែលចូលទៅធ្វើការក្រោមអនុស្សរណៈនៃការ យោគយល់គ្នា (MOU) ចប់កិច្ចសន្យាការងាររយៈពេល៤ ឆ្នាំ។ ក្រុមទី២. ពលករខ្មែរដែលចូលធ្វើការក្រោមមនុស្សសារណៈនៃការយោគយល់គ្នា (MOU) បានអស់សុពលភាពស្នាក់នៅ និងធ្វើការដោយសារនិយោជកចាស់ឈប់ជួល ហើយមិនអាចធ្វើការប្តូរនិយោជកបានទាន់ពេលវេលាតាមច្បាប់កំណត់។ ក្រុមទី៣. ពលករ ព្រមទាំងអ្នកនៅក្នុងបន្ទុក ធ្លាប់បានបញ្ជាក់អត្តសញ្ញាណ និងមានលិខិតឆ្លងដែន លិខិតធ្វើការ ដែលអស់សុពលភាពស្នាក់នៅ និងធ្វើការចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយសារនយោជកពុំបាននាំទៅចុះបញ្ជីឈ្មោះតាមប្រព័ន្ធអនឡាញ ឲ្យបានទាន់ពេលវេលា។

បើតាមស្ថានទូតកម្ពុជា ក្រុមទាំងបីខាងលើនេះ ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅនិងធ្វើការបណ្ដោះអាសន្នចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ប៉ុន្តែក្នុងអំឡុងពេលនេះ ដើម្បីទទួលបានការអនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការ និយោជក ឬតំណាងនិយោជក ត្រូវនាំពលករទៅដំណើរការដាក់ពាក្យស្នើសុំបន្តទិដ្ឋាការស្នាក់នៅ និងបានអនុញ្ញាតការងារឲ្យបានរួចរាល់ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ ក្រុមទី៤. ពលករខ្មែរ ដែលចូលធ្វើការព្រឹកហើយវិលល្ងាច និងតាមរដូវ នៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ក្រុមទី៤. នេះត្រូវបានអនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការបណ្ដោះអាសន្នចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ប៉ុន្តែក្នុងអំឡុងពេលនេះ ដើម្បីទទួលបានការអនុញ្ញាតឲ្យស្នាក់នៅ និងធ្វើការរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ និយោជក ឬតំណាងនិយោជក ត្រូវនាំពលករទៅដំណើរការដាក់ពាក្យដើរសុំបន្តទិដ្ឋាការស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារឲ្យបានរួចរាល់ ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

បើតាមស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋក៏ដូចជាពលករ មានចម្ងល់លើបញ្ហានេះ ត្រូវទាក់ទងទៅស្ថានទូតតាមរយៈ page facebook ឬលេខទូរសព្ទ៕ កោះកែវ

website_news/2020100802.txt · Last modified: 2020/08/10 13:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki