website_news:2020101201

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនអន្តរាគមន៍ជួយរំដោះ”ក្មេងស្រីខ្មែរម្នាក់បម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវម្ចាស់ផ្ទះធ្វើទារុណកម្ម និងកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃ

http://cambodiapolice.com/policekh/ 4:38 pm 9 ធ្នូ 2020

ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានពិនិត្យឃើញថា ថ្មីៗនេះមានការចែករំលែកជាបន្តបន្ទាប់លើបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណីហិង្សាដែលកើតឡើងលើពលការិនីជនជាតិខ្មែរអ៊ីស្លាមម្នាក់នៅប្រទេសម៉ាឡេស៊ី ។ ករណីនេះត្រូវបានដាក់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តជំនាញ និងជួយអន្តរាគមន៍ ។

នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ស្ត្រីជនជាតិខ្មែរអ៊ីស្លាមម្នាក់ដែលត្រូវបានគេសរសេរសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “ក្មេងស្រីខ្មែរម្នាក់បម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវម្ចាស់ផ្ទះធ្វើទារុណកម្ម និងកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃ” នោះត្រូវបានជួយសង្គ្រោះដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងសហការជាមួយសមត្ថកិច្ចម៉ាឡេស៊ីផងដែរ ទើបឈានដល់ការរំដោះនារីរងគ្រោះ និងបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ ។ឯកឧត្តម ជីវ ផល្លី បានបញ្ជាក់បន្ថែមថា សមត្ថកិច្ចម៉ាឡេស៊ីកំពុងស៊ើបអង្កេត ដើម្បីមានចំណាត់ការបន្តលើជនដៃដល់ រីឯជនរងគ្រោះ បន្ទាប់ពីព្យាបាលជាសះស្បើយពីរបួស ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី នឹងរៀបចំសម្របសម្រួលឲ្យវិលត្រឡប់មកកម្ពុជាវិញ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានសង្កត់ធ្ងន់ថា ជាទិសដៅនៅពេលដែលនារីរងគ្រោះខាងលើ បានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ជំនាញរបស់នាយកដ្ឋាន សហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតស្វែងរកជនសង្ស័យជាមេខ្យល់នាំនារីរងគ្រោះខាងលើទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដើម្បីឈានដល់ការអនុវត្តនីតិវិធីនាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមនាយកដ្ឋានជំនាញ សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់អាជ្ញាធរម៉ាឡេស៊ី និងស្ថាប័នពាក់ព័ន្ធ បានរួមចំណែកលើការងារនេះ និងសូមអរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន បណ្ដាញទំនាក់ទំនងសង្គមដែលតែងតែចូលរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងក៏ដូចជាការចូលរួមចំណែកស្វែងរកយុត្តិធម៌សង្គម ៕

website_news/2020101201.txt · Last modified: 2020/12/11 10:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki