website_news:2020101203

មេសហជីព បារម្ភពីជនបរទេសដណ្ដើមការងារក្រៅប្រព័ន្ធ ហើយធ្វើឲ្យពលករខ្មែរ ត្រូវចំណាកស្រុក

https://thmeythmey.com/ 08, Dec 2020 , 11:29 pm ដោយ: ឡាយ សុភាវតី

ភ្នំពេញ៖ មេសហជីពក្រៅប្រព័ន្ធ បង្ហាញក្តីបារម្ភពីការកើនឡើងនៃចំនួនជនបរទេសមកប្រកបមុខរបរនិងធ្វើការនៅកម្ពុជា ពិសេសការងារក្រៅប្រព័ន្ធ ដែលជាកត្តាធ្វើឲ្យពលរដ្ឋខ្មែរបាត់បង់ការងារ ហើយងាកទៅធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារនៅក្រៅប្រទេស។

តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើឲ្យរដ្ឋាភិបាលពិនិត្យច្បាប់ការងារឡើងវិញ ពីសិទ្ធិការងាររបស់ជនបរទេស។ លោក កត់សម្គាល់ឃើញថា ចាប់តាំងពីឆ្នាំ២០១៨ ជនបរទេស ដែលប្រកបរបរក្រៅប្រព័ន្ធ មានការកើនឡើង ក្នុងនោះមានច្រើនគឺជនជាតិចិន និងវៀតណាម។ លោក បន្តថា កត្តានេះ ធ្វើឲ្យពលរដ្ឋខ្មែរពិបាកក្នុងការប្រកួតប្រជែកនិងបាត់បងឱកាសការងារ។ មេសហជីពការពារកម្មករក្រៅប្រព័ន្ធរូបនេះ ថ្លែងថា៖«រដ្ឋ គួរមានវិធានការ។ សម្រាប់កម្មករជំនាញដូចជាជំនាញវិស្វករសំណង់ វិស្វករអេឡិចត្រូនិច គួរតែអនុញ្ញាតសម្រាប់បរទេស តែមុខរបរតូចតាច រដ្ឋគួរទប់ស្កាត់។ ហើយច្បាប់ស្ដីពីការងារក៏បានចែងដែរថា ជនបរទេសអាចប្រកបមុខរបរក្នុងប្រទេសកម្ពុជាបាន លុះត្រាតែកម្មករជំនាញ អ៊ីចឹង សម្រាប់កម្មករក្រៅប្រព័ន្ធ មិនមែនជាកម្មករជំនាញទេ។ រដ្ឋគួរគិតពីចំណុចនេះឡើងវិញ»។ លោក បន្ថែមថា កន្លងមកលោកធ្លាប់បានស្នើទៅរដ្ឋាភិបាលជាច្រើនដងដែរលើបញ្ហានេះ ប៉ុន្តែការស្នើរបស់លោកមិនឃើញការឆ្លើយតបជាវិជ្ជមានណាមួយសម្រាប់អ្នកធ្វើការក្រៅប្រព័ន្ធឡើយ។

លោក សូ ឆ្លូញ អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើ យល់ថា រដ្ឋាភិបាលគួរបញ្ឈប់ការផ្ដល់សិទ្ធិឲ្យជនបរទេសមកធ្វើការដោយសេរី ហើយគួរតែកំណត់ពេលណាមួយជាក់លាក់។ លោក ក៏សម្គាល់ឃើញមានការកើនឡើងនូវជនបរទេសធ្វើក្រៅប្រព័ន្ធដែរ ពិសេសកម្មករសំណង់ ភាគច្រើនជាជនជាតិចិន វៀតណាម បង់ក្លាដែស និងនេប៉ាល់ជាដើម។ លោកបន្តថា សព្វថ្ងៃពលរដ្ឋខ្មែរមិនទាន់មានការងារគ្រប់គ្រាន់នៅឡើយទេ ដូច្នេះ លោកបារម្ភថាពួកគេ នឹងបាត់បង់ឱកាសការងារនិងងាកទៅចំណាកស្រុក។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សូ ឆ្លូញ ដែលមេសហជីពការពារកម្មករក្រៅប្រព័ន្ធដែរនោះ លើកឡើថា៖«កម្មករសំណង់ភាគច្រើនមិនមែនមានតែជនជាតិចិននោះទេ មានវៀតណាម បង់ក្លាដែស នេប៉ាល់ ជាដើម ប៉ុន្តែខ្ញុំមិនច្បាស់ថាពួកគេមកស្របច្បាប់ឬមកតាមមេខ្យល់នាំមកឡើយ។…មិនគួរឲ្យបន្តមានជនបរទេសច្រើនឡើង មកធ្វើការនៅស្រុកយើងទេ ដោយសារប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍ អ៊ីចឹង តម្រូវការការងាររបស់ពលរដ្ឋមិនទាន់បានគ្រប់គ្រាន់នៅឡើយទេ។ យើងមានក្ដីបារម្ភដែលជនបរទេសមកធ្វើការច្រើន ដែលធ្វើឲ្យយើងជាម្ចាស់ស្រុកបាត់បង់ឱកាសការងារសម្រាប់ធ្វើការ ហើយឈានទៅធ្វើការនៅស្រុកគេវិញ»។ លោក និយាយទៀតថា កម្មករខ្មែរនិងជនបរទេស បើទោះបីមានសមត្ថភាពដូចគ្នា ក៏កម្រិតប្រាក់ខែខុសគ្នាដែរ ពោលគឺជនបរទេសតែងបានប្រាក់ខែខ្ពស់ជាងកម្មករសំណង់ខ្មែរ។ លោកទទូចឲ្យរដ្ឋាភិបាលពិចារណាបញ្ហានេះឡើងវិញ ក្នុងករណីអនុញ្ញាតឲ្យជនបរទេសមកវិនិយោគ ហើយថែមទាំងមានកម្លាំងកម្មករបរទេសទៀត។

ទន្ទឹមនឹងនេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ក៏យល់ឃើញដូចមេសហជីពទាំងពីរខាងលើដែរ។ ប៉ុន្តែអ្វីដែលលោក បារម្ភមួយទៀតនោះ គឺការមកបំពេញការងារនៅកម្ពុជា ដោយស្របច្បាប់ឬយ៉ាងណា។ ត្រង់ចំណុចនេះ លោកសង្កត់ធ្ងន់ថា រដ្ឋគួរចុះអធិការកិច្ចតាមកន្លែងដែលមានជនបរទេសធ្វើការ ពិសេសវិស័យការងារសំណង់ ដោយលោក យល់ថា ការធ្វើបែបនេះ ដើម្បីឲ្យច្បាស់ពីទិន្នន័យនិងធានាថាជនបរទេសដែលកំពុងបំពេញការងារ គឺចូលមកកម្ពុជាស្របច្បាប់ឬខុសច្បាប់។

ពាក់ព័ន្ធនឹងការប្រកបរបរខ្នាតតូចរបស់ជនបរទេសនេះ ក្រសួងការងារ កាលពីអំឡុងសីហា ឆ្នាំ២០១៩ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយមិនអនុញ្ញាតឲ្យជនបរទេសប្រកបមុខរបរខ្នាតតូចនេះឡើង។ មុខរបរទាំងនោះរួមមាន អ្នកបើកបរយានជំនិះគ្រប់ប្រភេទ អាជីវកម្មម៉ាស្សា អ៊ុនសក់ កាត់ដេរ ប៉ះកង់ ជួសជុលយានយន្ត និង លក់វត្ថុអនុស្សាវរីយ៍ ជាដើម។ ប៉ុន្តែនៅអំឡុងដើមខែតុលា ឆ្នាំ២០១៩ ក្រសួងការងារក៏ប្រកាសអនុញ្ញាតឲ្យជនបរទេសប្រកបរបរទាំងនោះឡើងវិញ។ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងការងារអះអាងថា នៅកម្ពុជា អត្រានៃចំនួនអ្នកអត់ការងារគឺស្ថិតក្រោម១ភាគរយប៉ុណ្ដោះ ពោលគឺអត្រាពលរដ្ឋមានការងារធ្វើ មាន៩៩.៣ភាគរយ ដែលក្នុងនោះមានកម្លាំងពលកម្មប្រមាណ១០លាននាក់។ ក្រសួងបញ្ជាក់ថាពលរដ្ឋមានការងារធ្វើ១០លាននាក់នោះមាន១លាន៥សែននាក់ ជាអ្នកធ្វើការក្នុងប្រព័ន្ធនិង២លាន២សែននាក់ ធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ជនបរទេសចូលមកកម្ពុជាជាង១លាន៦សែននាក់ មាន២១៦សញ្ជាតិ ដែលភាគច្រើនជនជាតិចិន។ ពួកគេភាគច្រើនជាអ្នកទេសចរណ៍ ពាណិជ្ជករ និងអ្នកការទូត។ ជនបរទេសចូលមកទាំងអស់នេះ សុទ្ធតែមានឯកសារគ្រប់គ្រាន់និងចូលមកស្របច្បាប់។ នេះបើតាមការអះអាងរបស់លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ Telegram ដោយលោកបញ្ជាក់បន្ថែមថា ជនបរទេសមួយចំនួនដែលប្រព្រឹត្តខុសច្បាប់និងរស់នៅខុសច្បាប់ ក្នុងរយៈពេល៩ខែឆ្នាំ២០២០នេះ ត្រូវបានបណ្តេញជាង៥០០នាក់ មាន៤០សញ្ជាតិ ភាគច្រើន លួចស្នាក់នៅខុសច្បាប់ លើសទិដ្ឋាការ និងគ្មានលិខិតឆ្លងដែន៕

website_news/2020101203.txt · Last modified: 2020/12/11 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki