website_news:2020110502

មន្ត្រីជំនាញផ្នែកកុមារ ប្រាប់ពីវិធានមួយចំនួនក្នុងការការពារហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

http://kampucheathmey.com/ 9/5/2020 7:45 Pm

ភ្នំពេញ ៖ មន្ត្រីជំនាញផ្នែកកុមារបានឲ្យដឹងថា ការរស់នៅ និងទម្លាប់ជាទៀងទាត់របស់កុមារប្រមាណ៦លាននាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយបានបង្ខំឱ្យពួកគេផ្លាស់ប្តូរទៅរកជម្រើសតាមបែបអនឡាញ ទាំងការសិក្សានិងទំនាក់ទំនងសង្គម។

លោក ណេង វណ្ណៈ មន្ត្រីអង្គការសកម្មភាពដើម្បីកុមារ(APLE) បានឲ្យដឹងបន្ថែមថា ខណៈពេលដែលជម្រើសតាមអនឡាញផ្តល់នូវសុវត្ថិភាព ដើម្បីឲ្យពួកគេជៀសផុតពីការឆ្លងមេរោគនោះ ក៏ដូចជាផ្តល់នូវអត្ថប្រយោជន៍ដល់សុខុមាលភាព និងការអភិវឌ្ឍន៍របស់កុមារ តែវាក៏មានការកើនឡើងនូវហានិភ័យ នៃការប្រើប្រាស់ អ៊ីនធឺណិតដ៏លើសលប់ចំពោះកុមារ ហើយហានិភ័យដែលគួរឲ្យព្រួយបារម្ភក្នុងចំណោមហានិភ័យជាច្រើនដទៃទៀត គឺការកើនឡើងនូវការប្រឈមនឹងហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។ លោកបញ្ជាក់ថា ជនល្មើសផ្លូវភេទលើកុមារតាមអនឡាញ កំពុងឆ្លៀតឱកាសទាញយកប្រយោជន៍ពីស្ថានភាពដែលកុមារចំណាយពេលច្រើនតាមអនឡាញ ដើម្បីស្វែងរកពួកគេក្នុងគោលបំណងកេងប្រវ័ញ្ចផ្លូវភេទ។ កង្វះការយល់ដឹងអំពីកត្តាដែលនាំឲ្យមានការប្រឈមនឹងហានិភ័យទាំងកុមារ និងឪពុកម្តាយ បានធ្វើឲ្យជនល្មើសអាចកេងប្រវ័ញ្ចពីភាពងាយរងគ្រោះរបស់កុមារតាមអនឡាញ និងលួងលោមកុមារឲ្យមានទំនាក់ទំនងដែលនាំទៅរកការរំលោភបំពាន។ ហេតុនេះលោកណេង វណ្ណៈ បានណែនាំថា ក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល អ្នកមានលទ្ធភាពក្នុងការជួយការពារពួកគេពីហានិភ័យទាំងនោះបាន ហើយអ្នកក៏អាចកាត់បន្ថយការប្រឈមរបស់ពួកគេទៅនឹងហានិភ័យតាមប្រព័ន្ធអនឡាញផងដែរ។ វិធានណែនាំនេះនឹងផ្តល់ជូនលោកអ្នកនូវព័ត៌មានសំខាន់ៗស្តីពីហានិភ័យតាមប្រព័ន្ធអនឡាញ និងឧបករណ៍ដើម្បីជួយអ្នកក្នុងការតាមដានពីសកម្មភាពអនឡាញរបស់កុមារ អាចអប់រំពួកគេដើម្បីឆ្ពោះទៅរកជម្រើសដ៏ឆ្លាតវៃ ក៏ដូចជាលើកទឹកចិត្តឲ្យមានការសន្ទនាដោយបើកចំហ និងប្រកបដោយសុខុមាលភាពជាមួយពួកគេក្នុងកំឡុងពេលនៃជំងឺរាតត្បាតនេះ ដើម្បីការពារពួកគេឲ្យមានសុវត្ថិភាពពីគ្រោះថ្នាក់តាមប្រព័ន្ធអនឡាញ។

សូមសួរកូនរបស់អ្នកថា តើកម្មវិធីប្រភេទណាដែលពួកគេតែងប្រើនៅពេលពួកគេអនឡាញ។ អ្នកអាចសុំឱ្យពួកគេបង្រៀនអ្នកអំពីកម្មវិធីទាំងនោះ ប្រសិនបើអ្នកមិនសូវស្គាល់ ហើយផ្តល់ឱ្យអ្នកនូវគន្លឹះមួយចំនួនដែលពួកគេដឹង។ សកម្មភាពទាំងនេះ នឹងបង្ហាញនូវចំណាប់អារម្មណ៍ និងទំនាក់ទំនងល្អរបស់អ្នកក្នុងជីវិតពួកគេ ហើយក៏ជួយអ្នកឱ្យយល់ពីអ្វីដែលពួកគេតែងធ្វើតាមអនឡាញ។ នៅពេលដែលអ្នកបានដឹងពីកម្មវិធីដែលពួកគេបានប្រើ អ្នកត្រូវប្រាកដថាអ្នកបានកំណត់ឯកជនភាពចំពោះឧបករណ៍ និងកម្មវិធីដែលកូនរបស់អ្នកបានប្រើរួចរាល់ហើយ។ វាជាការល្អបំផុតនៅពេលដែលអ្នកអនុវត្តវិធាននេះ ជាមួយពួកគេ ហើយធ្វើការពន្យល់ពីសារៈសំខាន់នៃការងារនេះដល់ពួកគេ។ ប្រសិនបើអ្នកមិនទាន់យល់ដឹងពីកម្មវិធីទាំងនេះទេ សូមកុំបារម្ភ និងស្វែងរកជំនួយនានាពីអ្នកជំនាញ។ អ្នកអាចទាក់ទងអង្គការសកម្មភាពដើម្បីកុមារដើម្បីស្នើសុំជំនួយទាំងនេះបាន៕ វត្តី

website_news/2020110502.txt · Last modified: 2020/05/11 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki