website_news:2020110504

ស្ត្រីពលករសម្រាលកូនក្នុងព្រៃលើទឹកដីស្រុកអារញ្ញប្រទេសថៃ បានវិលត្រឡប់មកសម្រាកនៅមន្ទីរពេទ្យម៉ាឡៃ

http://kampucheathmey.com/ 9/5/2020 9:39 Pm

សៀមរាប ៖ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ស្ត្រីពលករខ្មែរក្នុងពេលធ្វើដំណើរវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ បានសម្រាលកូននៅក្នុងព្រៃលើទឹកដីស្រុក អារញ្ញ នៃព្រះរាជាណាចក្រថៃ។ ក្រោមកិច្ចអន្តរាគមន៍របស់លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង លោកទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានធ្វើការទំនាក់ទំនងអាជ្ញាធរថៃ ដើម្បីបញ្ជូនស្ត្រីម្នាក់នេះមកប្រទេសកម្ពុជាវិញ ហើយបានទទួលឲ្យសម្រាកព្យាបាលនិងថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃ។ ក្នុងការសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកម៉ាឡៃនោះ ក៏មានក្រុម ការងារទទួលពលករវិលត្រឡប់មកពីក្រៅប្រទេស ដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប បានចុះសួរសុខទុក្ខស្ត្រីសម្រាលកូន ព្រមទាំងបានធ្វើការឧបត្ថម្ភនូវថវិកាមួយចំនួន ក្នុងថ្ងៃនោះផងដែរ។

នៅថ្ងៃបន្ទាប់ ក៏ត្រូវបានលោកស្រី ម៉ននី រង្សី អភិបាលនៃគណៈអភិបាលស្រុក ក្រឡាញ់ ធ្វើការទំនាក់ទំនងនិងបញ្ជូនរថយន្តពេទ្យទៅទទួលយកគាត់មកសម្រាកព្យាបាលនិងថែទាំសុខភាពបន្តទាំងម្ដាយនិងកូននៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ផងដែរ។ លុះនៅចុងសប្តាហ៍ថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០ លោក ឃុត សំអាត ប្រធានគណៈកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និង លោក សុខ ណារ៉េត អភិបាលរងនៃគណៈអភិបាលស្រុក និង សហការី បាននាំយកអំណោយជាសម្ភារៈ និង គ្រឿងឧបភោគបរិភោគ របស់អនុសាខាកាកបាទក្រហមស្រុកក្រឡាញ់ ខេត្តសៀមរាប ដើម្បីប្រគល់ជូនស្ត្រីដែលបានសម្រាលកូននៅក្នុងព្រៃលើទឹកដីស្រុក អារញ្ញ នៃព្រះរាជាណាចក្រថៃ។

ស្ត្រីសម្រាលកូនមាន ឈ្មោះ ជូច វាសនា រស់នៅភូមិឈូករ័ត្ន ឃុំចន្លាស់ដៃ ដែលសម្រាលកូនក្នុងព្រៃ ក្នុងភូមិសាស្ត្រស្រុកអារញ្ញ ប្រទេសថៃ ក៏បានធ្វើការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តសៀមរាប បន្ទាយមានជ័យ និង អាជ្ញាធរថៃ ដែលបានយកចិត្តទុកដាក់អំពីសុខភាពម្តាយនិងកូន ធានានូវសុវត្ថិភាពខ្ពស់ទៀតផង។ អំណោយប្រគល់ជូននាពេលនោះ មាន អង្ករ ២៥គ.ក្រ, មី ១កេស, ត្រីខ ១យួរ ,ទឹកសុទ្ធ ៣យួរ ,មុង ១ ,ភួយ ១ ,កន្ទេល ១ និង ថវិកាសរុប ១០ម៉ឺនរៀល របស់កាកបាទក្រហមស្រុក ក្នុងនោះលោក ឃុត សំអាត ក៏បានឧបត្ថម្ភ នូវ ៥ម៉ឺនរៀលផងដែរ៕ គឿនវេត

website_news/2020110504.txt · Last modified: 2020/05/11 14:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki