website_news:2020110505

ទាហានឈុតខ្មៅថៃ ចាប់ឃាត់ខ្លួនពលករខ្មែរ ៦៨នាក់ ដែលឆ្លងដែនខុសច្បាប់

https://dap-news.com/national/ ByKD102 Posted on May 11, 2020

ភ្នំពេញ៖ ពលករខ្មែរចំនួន ៦៨នាក់ ដែលលួចឆ្លងដែន ដោយខុសច្បាប់តាមរយៈមេខ្យល់ ក្នុងបំណងវិល ត្រឡប់ចូលទៅប្រទេសថៃវិញ ត្រូវបានទាហានឈុតខ្មៅថៃ ឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចជិត ភូមិណងពឺ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខវត្ត៩៣ ស្ថិតស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យឃាត់ខ្លួន ហើយបញ្ជូនមកកម្ពុជាវិញ ។ ក្នុងចំនួន ៦៨នាក់នោះ មានប្រុស ៣៧នាក់ ស្រីចំនួន២៥នាក់ និងក្មេង៦នាក់។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប ទទួលរបាយការណ៍ក្រុមការងារ ទទួលប្រជាពលករពីប្រទេសថៃ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ហើយត្រូវបានផ្សាយក្នុងហ្វេសប៊ុក លោក ជា ច័ន្ទបូរិបូណ៍ មន្រ្តីក្រសួងព័ត៌មាន។ ពួកគេទាំង ៦៨នាក់ធ្វើដំណើរ កាលពីថ្ងៃ៩ ឧសភា ។

នាយប៉ុស្តិ៍ទាហានឈុតខ្មៅថៃ លោក ភូងកង ប៊ិន បានឲ្យដឹងថា ពលករទាំងនេះ នឹងត្រូវបញ្ជូនមកកម្ពុជាវិញតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោក ក៏បានស្នើសុំឲ្យខាងកម្ពុជាជួយទប់ស្កាត់ ពលករខ្មែរផងកុំឲ្យបន្តឆ្លងដែរទៀត ។ លោកសំណូមពរថា “ខាងកម្ពុជា សូមជួយទប់ស្កាត់ ពលករកុំឲ្យទៅប្រទេសថៃ ក្នុងពេលបច្ចុប្បន្ននេះ ព្រោះមេរោគកូវីដ-១៩កំពុងតែរាតត្បាតយ៉ាងខ្លាំង ។ ប្រទេសថៃអនុវត្តបទបញ្ជាបិទច្រកព្រំដែរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះទាំងអស់គ្នា”។ លោកនាយប៉ុស្តិ៍ ដដែលបានបន្តថា មេខ្យល់តែងតែយកលុយពីពលករខ្មែរក្នុងម្នាក់ ២,៥០០បាត ហើយមិនបានជូនដល់គោលដៅនោះទេ ដូច្នេះត្រូវគេចាប់បញ្ជូនមកវិញដដែល ។ លោកបានបញ្ជាក់ផងដែរថា ពលករខ្មែរទាំងនោះ ត្រូវបានមេខ្យល់លួចនាំចូលតាមកន្លែងផ្សេងៗ ក៏ត្រូវបានកម្លាំងទាហានរបស់ថៃ ចាប់ឃាត់ខ្លួនតែម្តង។ លោកថា តែងតែឃាត់ទុកពលករខ្មែរ ដែលលួចឆ្លងដែនខុសច្បាប់ ចូលតាមច្រករបៀងផ្សេងៗ តាមរយៈមេខ្យល់ទុកម្តុំ ព្រមទាំងយកថវិកាផ្ទាល់ខ្លួន ទិញអាហារឲ្យពលករខ្មែរទាំងនោះ ហូបចុកថែមទៀតផង ៕

website_news/2020110505.txt · Last modified: 2020/05/11 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki