website_news:2020110604

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចុះទៅសាកសួរសុខទុក្ខស្រ្តីរងគ្រោះដែលមកពីប្រទេសចិន

http://kampucheathmey.com/ 11/6/2020 7:40 Am

ក្រចេះ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចុះទៅសាកសួរសុខទុក្ខស្រ្តីរងគ្រោះ ដែលប្រទេសចិនបានបញ្ជូនមកប្រទេសកម្ពុជាវិញ និងកំពុងដាក់ចត្តាឡីស័ក្ត១៤ថ្ងៃ នៅមន្ទីរពេទ្យបង្អែកឆ្លូង ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។

តាមការរៀបរាប់របស់ស្ត្រីរងគ្រោះឱ្យដឹងថា នាងមានទីលំនៅក្នុងភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង បានចាញ់បោកមេខ្យល់នាំទៅធ្វើការដោយខុសច្បាប់កាលពីខែកក្កដា ឆ្នាំ២០១៩។ នាងបានចេញដំណើរតាមច្រកអន្តរជាតិបាវិត និងបានជិះឡានទៅដល់ព្រំដែនវៀតណាម ចិន ព្រមទាំងធ្វើដំណើរដោយថ្មើរជើងឆ្លងទៅប្រទេសចិន។នាងបានធ្វើការដោយខុសច្បាប់នៅទីនោះ និងបានស្រលាញ់គ្នាជាមួយបុរសចិនរហូតមានផ្ទៃពោះ។ ពេលនាងមានផ្ទៃពោះបាន៥ខែ នាងបានធ្វើដំណើរត្រឡប់មកស្រុកខ្មែរវិញ ដោយជិះឡានតាមច្រកចិន វៀតណាម ហើយត្រូវប៉ូលីសចិនចាប់(ពីព្រោះពុំមានឯកសារស្របច្បាប់) និងជាប់ឃុំនៅខេត្តគាន់ស៊ី ប្រទេសចិនចំនួន៣ខែ មុនពេលនាងបានត្រឡប់មកប្រទេសកម្ពុជាវិញ។ អ្នកជាប់ឃុំនៅទីនោះហូបបាយ១ថ្ងៃ២ ពេលជាមួយឆៃប៉ូវ ប៉ុន្តែសម្រាប់នាងដែលមានផ្ទៃពោះ ត្រូវបានប៉ូលីសចិនឱ្យរស់នៅបន្ទប់សមរម្យ និងផ្តល់អាហារគ្រប់គ្រាន់។ នាងជាប់ឃុំបាន២ខែ ស្ថានទូតខ្មែរបានទៅជួបសួរសុខទុក្ខ និងជួយនាង ហើយរយៈពេលមួយខែក្រោយមក នាងបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ដោយសារនាងចេះភាសាចិនខ្លះៗ ប៉ូលីសចិនបានឱ្យនាងជួយបកប្រែស្រ្តីខ្មែរដែលកំពុងជាប់គុកនៅខេត្តគាន់ស៊ី ប្រទេសចិន ចំនួន៧នាក់ទៀត ដែលក្នុងនោះមាន១នាក់ទីលំនៅក្នុងខេត្តកំពង់ឆ្នាំង នឹងវិលត្រឡប់មកប្រទេស កម្ពុជាវិញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ។ ចំណែក៦នាក់ទៀតមានទីលំនៅក្នុងខេត្តកំពង់ធំ ពុំទាន់ដឹងពីលទ្ធផលនៃការត្រឡប់មកវិញនៅឡើយ។ នារីរងគ្រោះទាំងនោះ មានខ្លះអាយុ១៦ឆ្នាំ ១៨ឆ្នាំ និងជាង៣០ឆ្នាំ។ ពួកនាងសុទ្ធតែចាញ់បោកមេខ្យល់និងធ្វើដំណើរឆ្លងកាត់តាមប្រទេសវៀតណាម ដូចស្ថានភាពរបស់នាងដែរ។ សូមបងប្អូនខ្មែរ ឈប់ចាញ់បោកតាមការបញ្ឆោតរបស់មេខ្យល់ក្នុងការនាំទៅធ្វើការនៅក្រៅប្រទេស ដោយខុសច្បាប់៕ អត្ថបទ៖ ឧត្តរ៉ា

website_news/2020110604.txt · Last modified: 2020/06/11 14:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki