website_news:2020110608

មិនមែនប្រព្រឹត្តលើក្មេងស្រីតែម្នាក់ឯណា គឺថែម២នាក់ទៀត

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១៤:២២ ប៊ុន លីនណា

ខេត្តក្រចេះ៖ បុរសវ័យចំណាស់ម្នាក់ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះមិនទាន់គ្រប់អាយុចំនួន៣នាក់ ហើយថែមទាំងប្រើទូរស័ព្ទថតប្រដាប់ភេទពួកនាងយករូបភាពទៅចែកចាយទៀតផងនោះ ត្រូវបានតុលាការខេត្តក្រចេះសម្រេចធ្វើការឃុំខ្លួននៅពន្ឋនាគារខេត្ត ក្រោយពីកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឃាត់ខ្លួន និងកសាងសំណុំរឿងរយៈពេល៣ថ្ងៃរួចមក។

ចៅក្រមសាលាដំបូងខេត្តក្រចេះ លោកញ៉ិល ប៊ុនលី បានសម្រេចធ្វើការឃុំខ្លួនជនសង្ស័យឈ្មោះ អម អៀម អាយុ៥៤ឆ្នាំ មានទីលំនៅភូមិបាត់ហើយ ឃុំស្រែចារ ស្រុកស្នួល នៅពន្ឋនាគារខេត្ត ក្រោមបទចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈមានស្ថានទំងន់ទោស ទាក់ទងទៅនិងជនរងគ្រោះដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែឧសភា នៅក្នុងស្រុកស្នួល។

លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ស្នងការរងទទួលបន្ទុកកិច្ចការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះបានថ្លែងឲ្យដឹង នៅថ្ងៃទី១១ ខែមិថុនា នេះថា ជនសង្ស័យត្រូវបានចាប់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ម្តាយ ក្មេងស្រីរងគ្រោះអាយុ១១ឆ្នាំម្នាក់ នៅពេលនាងបានយករឿងនេះប្រាប់មកឪពុកម្តាយរបស់នាង ក្រោយបានរងការចាប់រំលោភពីជនសង្ស័យជាលើកចុងក្រោយកាលពីថ្ងៃទី៥ មិថុនា ។ ក្មេងស្រីរងគ្រោះមានចំនួន៣នាក់ មានអាយុចាប់ពី១០ឆ្នាំដល់១២ឆ្នាំ ក្នុងនោះមានពីរនាក់ជាបងប្អូនបង្កើត។ បើតាមលោកស្រីឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់ថា កាលពីចុងខែឧសភា បុរសសង្ស័យបានធ្វើសកម្មភាពរំលោភលើក្មេងស្រីអាយុ១២ឆ្នាំម្នាក់ និងបានយកទូរស័ព្ទថតប្រដាប់ភេទនាងទៀតផង។ នៅពេលធ្វើសកម្មភាពរំលោភនាងជាលើកចុងក្រោយ នាងបម្រុងស្រែកតែនាងមិនហ៊ាន ដោយសារត្រូវជននេះគំរាមបាញ់សម្លាប់នាងចោល។ តែបើទោះជាបែបណា នាងសម្រេចយករឿងទាំងអស់នេះប្រាប់មកឪពុកម្តាយទើបបែកធ្លាយ ហើយនគរបាលក៏ឈានទៅចាប់ខ្លួនជននេះមកសាកសួរ។

លោកស្រីស្នងការរងបានឲ្យដឹងទៀតថា ក្រោយការឃាត់ខ្លួនមកសាកសួរ ជនសង្ស័យបានឆ្លើយថា «មានក្មេងស្រីរងគ្រោះ នៅក្នុងភូមិពីរនាក់ផ្សេងទៀត ត្រូវរូបគេធ្វើសកម្មភាពចាប់ រំលោភក្នុងសកម្មភាពដូចៗគ្នា» ។ ក្មេងស្រីរងគ្រោះទាំង៣នាក់បានឆ្លើយប្រាប់នគរបាលថា ពួកនាងបានរងការចាប់រំលោភសេពសន្ថវៈពីជននេះ ជាច្រើនលើកច្រើនសារចាំមិនអស់។ ។ សកម្មភាពរបស់ជននេះ បានធ្វើមកលើពួកនាងនៅពេលឱពុកម្តាយមិននៅ។ ដោយជនសង្ស័យបានល្បួងពួកនាងឲ្យមើលទូរស័ព្ទ រួចបានធ្វើសកម្មភាពរំលោភតែម្តង។

website_news/2020110608.txt · Last modified: 2020/06/11 16:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki