website_news:2020110801

រដ្ឋាភិបាលថៃ អនុញ្ញាតឲ្យពលករខ្មែរ ភូមានិងឡាវ ទៅធ្វើការនៅប្រទេសថៃឡើងវិញ

http://kampucheathmey.com/ 10/8/2020 4:42 Pm

ភ្នំពេញ ៖ លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១០សីហានេះថា រដ្ឋាភិបាលថៃ បានអនុញ្ញាតឲ្យប្រទេសចំនួន៣ នៅក្នុងតំបន់អាស៊ានរួមមានកម្ពុជា ភូមានិងឡាវបញ្ជូនពលកររបស់ខ្លួនទៅធ្វើការនៅប្រទេសថៃឡើងវិញ បានចាប់ពី ខែសីហា ឆ្នាំ២០២០នេះតទៅ។ លោកបានបន្តថា ជាជំហានដំបូងក្នុង១ខែៗរដ្ឋាភិបាលថៃអនុញ្ញាតឲ្យប្រទេសកម្ពុជាបញ្ជូនពលករខ្មែរចំនួន២៤០០នាក់ ភូមា៤៥០០នាក់និងឡាវ១០០០នាក់ទៅធ្វើការនៅតាមក្រុមហ៊ុននានានៅប្រទេសថៃ ដោយផ្តោតទៅលើវិស័យសំណង់និងចំណីអាហារ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ១៩។ លោកបានបន្ថែមទៀតថា ចំពោះលក្ខខណ្ឌវិញរដ្ឋាភិបាលថៃ មិនតម្រូវឲ្យពលករបរទេសទាំងនោះ មានវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ១៩នោះ ប៉ុន្តែត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ពេលទៅដល់ប្រទេសថៃនិងតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាមុនសិន មុននឹងអនុញ្ញាតឲ្យចូលធ្វើការដោយក្រុមហ៊ុនទទួលពលករនៅថៃជាអ្នកធានារ៉ាប់រងទាំងកន្លែងធ្វើចត្តាឡីស័ក អាហារបីពេល សម្ភារផ្សេងៗនិងការធ្វើតេស្តចំនួន២ដង ដែលសរុបការចំណាយទាំងអស់ចំនួន១៣៩០០បាតហើយ ក្នុងកំឡុងពេលធ្វើចត្តាឡីស័កនេះ ពលករទទួលបានប្រាក់ឈ្នួលចំនួនពាក់កណ្តាលនៃប្រាក់ខែគោលផងដែរ។

លោកបានឲ្យដឹងទៀតថា ក្នុងករណីពលករណាម្នាក់មានឆ្លងជំងឺកូវីដ១៩នោះ ថៅកែក្រុមហ៊ុនជាអ្នកធានារ៉ាប់រងទៅលើការព្យាបាលនិងសេវាផ្សេងៗទៀតរហូតដល់ចេញពីមន្ទីរពេទ្យ។ លោកបានបញ្ជាក់ថា តាមផែនការនៅឆ្នាំ២០២០នេះកម្ពុជាគ្រោងនឹងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប្រមាណ២០ម៉ឺននាក់ ក្នុងនោះប្រទេសថៃ១ម៉ឺននាក់ ជប៉ុន សឹង្ហបុរី ហុងកុងនិងម៉ាឡេស៊ីប៉ុន្តែ រហូតមកដល់ពេលនេះបញ្ជូនបានត្រឹមតែ៥ម៉ឺននាក់ប៉ុណ្ណោះ ដោយសារប្រទេសទាំងនោះមានបញ្ហាជំងឺកូវីដ១៩។ សូមរំលឹកថាបច្ចុប្បន្ននេះ កម្ពុជាមានពលករកំពុងធ្វើការនៅក្រៅប្រទេសប្រមាណ១លាន២សែននាក់ ក្នុងនោះប្រទេសថៃមានច្រើនជាងគេ គឺមានរហូត១លាននាក់ដោយបានផ្ញើថវិកាមកក្រុមគ្រួសារប្រមាណជាង២ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ដែលបានជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងថែមទៀត៕ អត្ថបទ៖ សំអឿន

website_news/2020110801.txt · Last modified: 2020/08/11 13:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki