website_news:2020110906

ពលរដ្ឋខ្មែរ១៧នាក់ត្រូវទាហានថៃឃាត់ខ្លួនមួយរយៈ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២០ ម៉ោង ១៣:៥០ ឆោម ពិសម័យ

ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់ ពលរដ្ឋខ្មែរចំនួន១៧នាក់ដែលក្នុងចំណោមនោះមានស្ត្រីចំនួន៤នាក់ផង ត្រូវបានកងទាហានឈុតខ្មៅថៃឃាត់ខ្លួនយកទៅសួរនាំ ខណ:ដែលពួកគេបានឆ្លងដែនចូលទៅលួចជីករ៉ែមាស នៅក្នុងទឹកដីបរទេសថៃដោយខុស ច្បាប់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី ៩ កញ្ញា នៅក្នុងទឹកដីស្រុកខ្លងហាត ខេត្តស្រះកែវ ទល់មុខភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពពីមន្ត្រីនគរបាលការពារព្រំដែនលេខ៨១៧បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង១៧នាក់ បាននាំគ្នាឆ្លងដែនចូលទឹកដីថៃ ដើម្បីលួចជីកយករ៉ែមាសនៅត្រង់ចំណុចខាងលើ តែត្រូវកម្លាំងទាហានឈុតខ្មៅថៃ ដើរល្បាតក៏ប្រទះឃើញ ទើបឃាត់ខ្លួនពួកគេនាំយកទៅសួរនាំតែម្ដង ។ មន្ត្រីបានប្រាប់ថា ពលរដ្ឋទាំងនោះ មានសម្ភារសម្រាប់ជីករ៉ែ ការ៉ុងសម្រាប់រ៉ែ និងឧបករណ៍រែងមាស នៅជាប់ជាមួយផង។ បើតាមព័ត៌មាននៅទីនោះថា ជារឿយៗ ពលរដ្ឋខ្មែរមួយចំនួនតែលួចឆ្លងដែនចូលទឹកដីថៃ នៅជាប់ព្រំដែនក្នុងតំបន់នោះ ដើម្បីលួចជីកកកាយរករ៉ែមាស ហើយទាហានថៃ ក៏ធ្លាប់ដេញចាប់ផងដែរ តែពួកគេនៅតែប្រថុយនឹងគ្រោះថ្នាក់នេះដដែលដោយសារតែជីវភាព។ ប្រភពបានបញ្ជាក់ថា កន្លងទៅ ពួកគេតែងជីករុករករ៉ែមាសនៅលើទឹកដីខ្មែរខ្លួនឯង នៅជាប់អូរព្រំដែន តែក្រោយមកពួកគេកាន់តែហ៊ានលួចឆ្លងដែនខុសច្បាប់ ចូលទៅជីករករ៉ែមាសដល់ក្នុងទឹកដីថៃ រហូតត្រូវក្រុមទាហានឈុតខ្មៅរថែ ឃាត់ខ្លួនបានទាំងហ្វូងតែម្ដង។ នេះចាត់ទុកថា ជាសំណាងល្អដែរ ដែលទាហានថៃ មិនប្រើប្រាសអាវុធបាញ់ប្រហារដូចក្រុមអ្នកចូលលួចកាន់ឈើ នៅតាមព្រំដែនស្រុកសំឡូត។

លោក សុងសុភ័ក្រ អភិបាលស្រុកភ្នំព្រឹក បានថ្លែងប្រាប់កោះសន្តិភាព តាមទូរស័ព្ទថា ពិតជាមានពលរដ្ឋខ្មែរត្រូវក្រុមទាហានថៃចាប់ខ្លួនមែន។ លោកថា ការចាប់ខ្លួននោះ ដោយសារតែពលរដ្ឋទាំង១៧នាក់នោះ បានឆ្លងដែនដោយខុសច្បាប់ ទៅលួចជីករ៉ែមាសនៅក្នុងទឹកដីគេ (ដីថៃ)។ ហើយនេះមិនមែនជាលើកដំបូងទេ ដែលពលរដ្ឋខ្មែរយើងមូយចំនួនចូលលួចជីកយករ៉ែមាសនៅទឹកដីថៃ។ យើងបានអប់រំណែនាំដល់ពលរដ្ឋទាំងនោះជាបន្តបន្ទាប់ កុំឲ្យលួចឆ្លងដែលទៅប្រព្រឹត្តបទល្មើសក្នុងទឹកដីថៃបែបនេះចៀសវាងក្រែងមានបញ្ហា តែពួកគេនៅតែលួចចូលម្ដងម្កាលរហូតត្រូវទាហានថៃ ដើរល្បាតប្រទះឃើញធ្វើការឃាត់ខ្លួនតែម្ដង។ ប៉ុន្តែយ៉ាងណា លោកសុង សុភ័ក្រ បានបញ្ជាក់ថា ក្រោយពីត្រូវទាហានថៃ ឃាត់ខ្លួនពលរដ្ឋខ្មែរ និង បាននាំទៅសួរនាំ ប៉ុន្មានមោងក្រោយ ទើបអាជ្ញាធរស្រុក និង មន្ត្រីនគរបាល វរ:ការពារព្រំដែនលេខ៨១៧ ចុះទៅសម្របសម្រូលជាមួយភាគីថៃ ដើម្បីធានា និង ដោះស្រាយយកពលរដ្ឋទាំង១៧នាក់នោះ ត្រឡប់ចូលប្រទេសខ្លួនវិញ។ លោកបានបន្ថែមថា ជាមួយនឹងការធានាយកមកវិញនេះ ភាគីថៃក៏បានឲ្យពលរដ្ឋខ្មែរទាំងនេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់ ទៅលួចជីករ៉ែក្នុងទឹកដីគេបន្តទៀតដែរ តែយើងក៏បានធ្វើការអប់រំដល់ពលរដ្ឋទាំងនេះឲ្យបញ្ឈប់នូវសកម្មលួចឆ្លងដែននេះផងដែរ ៕

website_news/2020110906.txt · Last modified: 2020/09/14 12:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki