website_news:2020111101

ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ កោតសរសើរនគរបាលការពារព្រំដែនគោកទាំង០៤ រក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅតាមព្រំដែន និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់

http://cambodiapolice.com/policekh/ 6:06 pm 10 វិច្ឆិកា 2020

បន្ទាយមានជ័យ ៖ ដើម្បីសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព នៅតាមបន្ទាត់ព្រំដែនថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រជុំពង្រឹងភារកិច្ចដល់នគរបាលវរសេនាតូចការពារព្រំដែនគោកទាំង០៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការដ្ឋានលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារធនធានមនុស្សនិងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងផែនការងារព្រំដែនគោក ។

លោកវរសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងផែនការងារ ព្រំដែនគោកបានឲ្យធ្វើសេចក្តីរាយការណ៍ថា៖ ក្នុងខែតុលាឆ្នាំ២០២០កន្លងមកនេះ នគរបាលនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ និង ៩១១ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋបំរុងឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ចំនួន០៤លើក មានមនុស្សចំនួន៤៥នាក់ ស្រី១៧នាក់ កុមារចំនួន០៦នាក់។ ពលករដែលចូលមកប្រទេសកម្ពុជា តាមខ្សែបន្ទាត់ព្រំដែនរយៈពេល០១ខែ មានចំនួន៧៤លើក សរុបចំនួន៨,២៨៨នាក់ ស្រី៣.៨០១នាក់ កុមារចំនួន៧២៩នាក់ ។ ជាមួយគ្នានោះដែរ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨៩១ បានបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ប្រគល់ឲ្យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៩១១ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទទទួលផលចោរកម្ម ។

ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកទាំង០៤ ដែលបានយកចិត្តទុកដាក់កក្នុងការងាររក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដី។ ជាមួយគ្នានោះដែរទន្ទឹមនឹងតួនាទីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែនកម្លាំងនរបាលវរសេនាតូចទាំង០៤បានចូលរួមកិច្ចការងារសង្គមជាច្រើន។ ជាក់ស្តែងថ្មីៗនេះបានសហការជាមួយបណ្តាកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ជួយជន្លៀសប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់មករកទីទួលសុវត្ថិភាព។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ជាមួយនឹងស្ថានភាពទឹកជំនន់បានស្រក់ចុះនេះ សូមលោកនាយប៉ុស្តិ៍ការពារព្រំដែនក៏ដូចជាបញ្ជាការដ្ឋាន ដែលទទួលរងនូវការលិចលង់កន្លងមក ត្រូវរៀបចំជួសជុលសម្អាត់ទីធ្លាឡើងវិញ ពិសេសគឺត្រូវស្តារលេណដ្ឋានឡើងវិញ និងគ្រប់គ្រងអាវុធយុទ្ធភ័ណ្ឌឲ្យបានល្អ នឹងត្រូវមានវិធានការទប់ស្កាត់ពលករលួចឆ្លងដែនដោយខុសច្បាប់ ដោយធ្វើការអប់រំដល់ពួកគាត់អំពីការធ្វើចំណាកស្រុកដោយប្រខុសច្បាប់និងប្រថុយប្រថាននាំឲ្យមានគ្រោះថ្នាក់។ លោកឧត្តមសេនីយ៍ស្នងការបានផ្តាំផ្ញើដល់នគរបាលាការពារព្រំដែនទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ សហការឲ្យបានជិតស្និតជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ និងត្រូវមានកិច្ចសហការល្អជាមួយសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីរក្សាឲ្យបាននូវព្រំដែនសន្តិភាព ស្ថិរភាព កិច្ចប្រតិបត្តិការ និងការអភិវឌ្ឍន៍ ជាងនេះទៀតគឺត្រូវរួមគ្នាទប់ស្កាត់នូវជំងឺកូវីដ-១៩ កុំមានការឆ្លងរាលដាលដល់សហគមន៍ ៕

website_news/2020111101.txt · Last modified: 2020/11/11 10:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki