website_news:2020120202

អង្គការ និងមន្ត្រីធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិត និងសីលធម៌សង្គម

https://www.postkhmer.com/ វ៉ន ដារ៉ា | Publication date 12 February 2020 | 10:26 ICT

ភ្នំពេញៈ អង្គការសកម្មភាពដើម្បីកុមារ (APLE) គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រសួងពាក់ព័ន្ធបានសហការគ្នាធ្វើយុទ្ធនាការស្ដីពីការ «ការលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិត សីលធម៌សង្គម និងតម្លៃគ្រួសារ» ដើម្បីលើកកម្ពស់ការប្រើប្រាស់ អ៊ីនធឺណិតបច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាពពិសេសក្នុងចំណោមកុមារ និងយុវវ័យ។

សេចក្ដីប្រកាសព័ត៌មានរបស់ (APLE) ឲ្យដឹងថា៖ «គោលគំនិតនៃយុទ្ធនាការនេះគឺមនុស្សម្នាក់ៗមានការទទួលខុសត្រូវដើម្បីធ្វើឲ្យមានភាពខុសគ្នាបែបវិជ្ជមានតាមបណ្ដាញអ៊ីនធឺណិត អនឡាញរាប់តាំងពីកុមារដែលគួរតែមានសន្តានចិត្ដល្អ និងគោរពអ្នកដទៃតាមប្រព័ន្ធអ៊ីនធឺណិត និងចេះការពារខ្លួនពីគ្រោះថ្នាក់តាមរយៈការប្រើប្រាស់អ៊ីនធឺណិតនេះ»។ សេចក្ដីប្រកាសដដែលនេះថា ឪពុកម្ដាយ អ្នកមើលថែកុមារ និងគ្រូបង្រៀនគួរតែណែនាំកុមារឲ្យឆ្ពោះទៅរកការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពដោយផ្ដល់ឲ្យពួកគេនូវឧបករណ៍ និងចំណេះដឹងដើម្បីមានជម្រើសកាន់ តែល្អប្រសើរជាងមុន ខណៈក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតអាចជួយបង្កើតសុវត្ថិភាពអ៊ីនធឺណិតតាមរយៈការផ្សព្វផ្សាយនូវមាតិកាល្អៗ និងសេវាកម្មប្រកបដោយសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណិតដោយភាពទទួលខុសត្រូវដល់សង្គម។

លោក សំលៀង សីលា នាយកប្រតិបត្ដិ APLE ថ្លែងថា៖ «អ្វីដែលយើងធ្វើរាល់ថ្ងៃដើម្បីបញ្ឈប់បទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតប្រឆាំងនឹងកុមារយើងសូមគាំទ្រយុទ្ធនាការសកលប្រចាំឆ្នាំនៃសុវត្ថិភាពអ៊ីនធឺណិត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត។ យើងសូមអំពាវនាវដល់ស្ថាប័នរដ្ឋាភិបាល អ្នកនយោបាយ អ្នកធ្វើសេចក្ដីសម្រេចចិត្ដ មន្ដ្រីអនុវត្ដច្បាប់ វិស័យឯកជន សង្គមស៊ីវិល គ្រូបង្រៀន ឪពុកម្ដាយ អាណាព្យាបាលកុមារ និងយុវជនចូលរួមទាំងអស់គ្នាដើម្បីធ្វើឲ្យការប្រើប្រាស់អ៊ីនធឺណិតកាន់តែមានសុវត្ថិភាព»។ លោកបន្ថែមថា យុទ្ធនាការនេះ អង្គការ APLE និងអ្នកពាក់ព័ន្ធមានគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមអ្នកពាក់ព័ន្ធនានាស្ដីពីសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិតហានិភ័យនៃអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត និងអំពីសីលធម៌សង្គម និងតម្លៃគ្រួសារផងដែរ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ បានថ្លែងក្នុងពេលបើកយុទ្ធនាការនេះថា ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតបានផ្ដល់ផលទាំងវិជ្ជមាន និងអវិជ្ជមានដល់កុមារ និងយុវជន ដូច្នេះមាតាបិតា អាណាព្យាបាលត្រូវណែនាំកូនឲ្យបានត្រឹមត្រូវ ពិសេសកុមារ និងយុវជនផ្ទាល់ត្រូវស្វែងយល់ពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងអ៊ីនធឺណិតឲ្យបានច្បាស់លាស់មុននឹងប្រើប្រាស់។ លោកស្រីថ្លែងថា៖ «កុមារនៅពេលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទច្រើនធ្វើឲ្យខួរក្បាលដំណើរការមិនល្អ ប៉ះពាល់ដល់ភ្នែករបស់កុមារ ព្រោះទូរស័ព្ទទំនើបៗមានជាតិវិទ្យុសកម្ម។ ចំពោះកុមារីបើមិនយល់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឲ្យបានច្បាស់លាស់មុននឹងប្រើប្រាស់ទេ អាចនាំឲ្យជនខិលខូចឆ្លៀតឱកាសប្រពឹត្ដអំពើមិនល្អ កេងប្រវ័ញ្ចផ្លូវភេទលើកុមារបានតាមរូបភាពផ្សេងៗជាច្រើន»។

លោកស្រី ជុំ ប្រជាប្រិយ៍ អគ្គនាយិការង និងជាតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្លែងដែរថា ក្នុងការវិវឌ្ឍនៃបច្ចេកវិទ្យា អ៊ីនធឺណិតបានផ្ដល់នូវកាលានុវត្ដភាពជាវិជ្ជមានជាច្រើនសម្រាប់ការលូតលាស់ និងការវិវឌ្ឍរបស់កុមារ។ ទោះជាយ៉ាងនេះក្ដីការវិវឌ្ឍនេះក៏បានក្លាយជាមធ្យោបាយធ្វើឲ្យកុមារងាយរងគ្រោះដោយអំពើហិង្សា និងការកេងប្រវ័ញ្ចផ្លូវភេទ។ លោកស្រីថ្លែងថា៖ «ហានិភ័យនេះមានការកើតឡើងគួរឲ្យព្រួយបារម្ភស្របពេលដែលមានការកើនឡើងនូវការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងដំណាក់កាលដែលកុមារកំពុងប្រើប្រាស់ដោយបានចូលរួមបង្កើតនូវខ្លឹមសារ និងមាតិកាអនឡាញ»។ លោកស្រី ប្រជាប្រិយ៍ បង្ហាញថាតាមទិន្នន័យនៃការវាស់ស្ទង់មតិរបស់អង្គការ unicef ជាមួយយុវជនចំនួន ១៧ ម៉ឺននាក់ក្នុងប្រទេសជាង ៣០ ក្នុងនោះមានប្រទេសក្នុងតំបន់អាស៊ីផងដែរបានបង្ហាញថា កុមារម្នាក់ក្នុងចំណោម ៣ នាក់ត្រូវបានកេងប្រវ័ញ្ច និងរំលោភបំពានតាមរយៈប្រព័ន្ធអ៊ីនធឺណិត ហើយពួកគេពុំបានដឹង និងពុំបានទទួលព័ត៌មានគ្រប់គ្រាន់ក្នុងការគាំទ្រនៃករណីនេះ។

សិស្សវិទ្យាល័យអនុវត្ដន៍រាជធានីភ្នំពេញឈ្មោះ ថុន ជំនោ ដែលបានចូលរួមក្នុងយុទ្ធនាការនេះដែរបានថ្លែងថា ប្រព័ន្ធអ៊ីនធឺណិត គឺមានសារៈសំខាន់ណាស់សម្រាប់ការប្រើប្រាស់របស់មនុស្សគ្រប់គ្នា វាបានផ្ដល់ព័ត៌មានជាតិ និងអន្តរជាតិ និងមេរៀនអប់រំផ្សេងៗបាននៅជុំវិញពិភពលោក។ សិស្សរូបនេះបន្ដថា៖ «ប្រព័ន្ធអ៊ីនធឺណិតក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្រាវជ្រាវរៀនសូត្រ បន្ថែម និងការទំនាក់ទំនងដែលជាផ្នែកសំខាន់មិនអាចខ្វះបាន»។ សិស្សរូបនេះបានអំពាវនាវដល់យុវជនផ្សេងទៀត គួរគប្បីប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតឲ្យមានតម្លៃ និងប្រើក្នុងផ្លូវល្អ ដើម្បីឲ្យក្លាយខ្លួនជាពលរដ្ឋល្អ យុវជនល្អនៅក្នុងសង្គម៕

website_news/2020120202.txt · Last modified: 2020/02/12 16:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki