website_news:2020120301

ពលករខ្មែរធ្វើការនៅថៃខ្លះមិនហ៊ានទៅលេងស្រុក ព្រោះខ្លាចថៅកែផ្អាកពីការងារ ១៤ថ្ងៃ ពិនិត្យជំងឺកូវិដ១៩

https://www.rfa.org/khmer/news/ ដោយ ទីន ហ្សាការីយ៉ា 2020-03-11

ពលករខ្មែរធ្វើការងារនៅប្រទេសថៃមួយចំនួនប្រឈមនឹងការខកខានមិនបានទៅលេងបុណ្យចូលឆ្នាំខ្មែរនៅស្រុកកំណើត ដូចឆ្នាំមុនៗ ឡើយ។ បញ្ហាអាចមិនបានទៅលេងស្រុកនេះ ដោយសារតែពួកគេមិនចង់ប្រឈមឱ្យថៅកែថៃផ្អាកការងារប្រមាណ ២សប្ដាហ៍ ដើម្បីត្រួតពិនិត្យសុខភាពរកជំងឺកូវិដ១៩ នៅពេលត្រឡប់មកវិញ។

ពលករខ្មែរធ្វើការងារនៅក្រុមហ៊ុនកាប់សាច់ជ្រូកមួយកន្លែងនៅខេត្តជាប់ទីក្រុងបាងកក លោក មាស បូរ៉ា ហៅ តា ឥណ្ឌា ថ្លែងនៅថ្ងៃទី១១ មីនាថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះលោកមិនបានទៅលេងស្រុកកំណើតនោះទេ ដោយសារថៅកែថៃមិនអនុញ្ញាតច្បាប់ឱ្យទៅផ្ទះ ព្រោះខ្លាចត្រឡប់មកវិញមានជំងឺកូវិត១៩ ហើយឆ្លងដល់ពលករដទៃនៅក្នុងក្រុមហ៊ុននេះ៖ «ទី១ គេថា យើងដាក់ច្បាប់ភ្លាមៗ ហេតុផលទី២ ប្រទេសគេកំពុងតែជ្រួលច្របល់អីចឹងគេមិនអាចឱ្យនាំមនុស្សចូលប្រទេសគេបានទេ ហើយខ្ញុំថាគ្រាន់តែទៅយកកូនខ្ញុំក៏គេមិនឱ្យខ្ញុំទៅផ្ទះដែរ។ បើនិយាយទៅគេចង់និយាយថា ប្រទេសគេមិនមែនសម្រាប់ដាក់មនុស្សពេលមានបញ្ហាអីនាំចូលមកនៅអីចឹងទេ»។ លោកបន្តថា ពលករខ្មែរប្រមាណ ៥០ភាគរយក្នុងចំណោលពលករ ១ពាន់នាក់ (១.០០០) ដែលធ្វើការជាមួយលោកក៏មិនបានទៅលេងស្រុកកំណើតដែរ ពីព្រោះខ្លាចថៅកែមិនឱ្យចូលធ្វើការវិញ ស្របពេលដែលរោងចក្រជាច្រើនកន្លែងក៏បានជូនដំណឹងដល់ពលករទាំងឡាយដែលត្រឡប់ទៅផ្ទះនឹងត្រូវដាក់នៅកន្លែងត្រួតពិនិត្យដាច់ដោយឡែកចន្លោះពី ១៤ ទៅ ២១ថ្ងៃ ដើម្បីពិនិត្យជំងឺផ្លូវដង្ហើមកូវីដ១៩។

ពលករធ្វើការនៅប្រទេសថៃម្នាក់ទៀត លោក សារ ផៃ ឱ្យដឹងថា ថៅកែរោងចក្រ និងក្រុមហ៊ុនសាងសង់ជាច្រើនកន្លែង នៅតំបន់ដែលលោកធ្វើការ បានជូនដំណឹងដល់ពលករឱ្យផ្អាកធ្វើការងារចំនួន ១៤ថ្ងៃ ដើម្បីតាមដានជំងឺផ្លូវដង្ហើម ប្រសិនបើពួកគេទៅលែងស្រុកខ្មែរនោះ៖ «បាទ! គេអត់ឱ្យយើងចុះទៅលេងស្រុកទេ ទី១ គេការពាររោគកូវិដ១៩ ហ្នឹងផង ហើយណាមួយពេលចូលឆ្នាំបើយើងនាំគ្នាទៅផ្ទះច្រើនធ្វើក្រុមហ៊ុនគេខ្វះមនុស្សធ្វើការ។ ខាងខ្ញុំគេបានប្រាប់មុន មិនមែនថាយើងទៅផ្ទះហើយមកវិញគេអត់ទទួលទេ គ្រាន់តែថា បើយើងឡើងមកវិញ គេហ្នឹងឱ្យយើងសម្រាកពី១៤ថ្ងៃ ទៅ ២២ថ្ងៃ។បើតាមខ្ញុំសួរគេមកទីមួយ អ្នកមិនទៅផ្ទះអ្នកខ្លះខ្លាចបញ្ហាពេលទៅមកវិញគេឱ្យសម្រាកពីការងារហ្នឹង អ្នកខ្លះថាគាត់មិនសូវមានលុយកាក់អីចឹង»។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកកទទួលបន្ទុកពលករលោក ចិន សំណាង និងអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១១ មីនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។

ទោះជាយ៉ាងណាប្រធានផ្នែកពលករចំណាកស្រុកនៃអង្គការសិទ្ធិការងារសង់ត្រាល់ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរនៅប្រទេសថៃមួយចំនួនប្រឈមនឹងអត់ការងារធ្វើ ប្រសិនបើពួកគេត្រឡប់ទៅលេងបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅពេលខាងមុខ ដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចនៅក្នុងប្រទេសនេះ ដែលបណ្ដាលមកពីជំងឺកូវិដ១៩។ លោកបញ្ជាក់ទៀតថា រហូតមកទល់ពេលនេះ មានរោងចក្រនិងក្រុមហ៊ុនខ្លះបានប៉ះពាល់អាជីវកម្មរបស់ខ្លួន និងកាត់បន្ថយបុគ្គលិកបណ្ដើរៗហើយ៖ «យើងពិបាកនិយាយថាវាយ៉ាងម៉េចណាស់ ព្រោះវាជាវិធានការមួយដែលខាងក្រុងហ៊ុននីមួយៗគេមានការព្រួយបារម្ភអីចឹង ដោយសារខ្ញុំទើបមកពីថៃដែរ ស្ដាប់ទៅថាខាងថៅកែមួយៗ ហ្នឹងដូចជាបារម្ភរឿងមិនទុកចិត្តស្រុកខ្មែរយើងហ្នឹងវាយ៉ាងម៉េចយ៉ាងម៉ាអីចឹង ដោយសារតែមានព័ត៌មានថៃមួយចំនួនធ្លាប់និយាយអំពីការធ្វេសប្រហែស មិនសូវយកចិត្តទុកដាក់ក្នុងការពារជំងឺអីចឹង»។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ដើម្បីកុំប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ពលករនៅពេលខាងមុខ គឺរដ្ឋាភិបាលគួរតែត្រៀមការងារផ្នែកសំណងនៅក្នុងស្រុក និងពង្រីកការដាំដុះឱ្យបានច្រើន ដើម្បីឱ្យពួកគេមានការងារធ្វើរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។

របាយការណ៍របស់ក្រសួងការងារបង្ហាញថា ពលករខ្មែរធ្វើការប្រទេសថៃមានជាង ១លាន ១សែននាក់ (១.១០០.០០០)។ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់ ឱ្យដឹងថា មានពលករខ្មែរស្របច្បាប់ និងខុសច្បាប់ប្រមាណ ២លាននាក់ (២.០០០.០០០) កំពុងធ្វើនៅប្រទេសថៃ៕

website_news/2020120301.txt · Last modified: 2020/03/12 14:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki