website_news:2020120604

កម្ពុជាកំពុងត្រៀមរៀបចំច្បាប់ ស្ដីពីកិច្ចការពារកុមារក្នុងការដោះស្រាយបញ្ហានានារបស់កុមារ

http://btv.com.kh/ 12/06/2020

ភ្នំពេញ ៖ ប្រទេសកម្ពុជា កំពុងត្រៀមរៀបចំច្បាប់ស្ដីពី កិច្ចការពារកុមារ ក្នុងគោលបំណងសំខាន់ ដោះស្រាយបញ្ហានានា ដែលកើតឡើងចំពោះកុមារឱ្យកាន់តែមានប្រសិទ្ធភាព។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ស្របគ្នាទៅនឹង ខួបលើកទី៧១ ទិវាកុមារអន្តរជាតិ១ មិថុនា និងខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារ កម្ពុជាឆ្នាំ២០២០ ឯកឧត្តម តូច ចាន់នី ជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច បានលើកឡើងថា កម្ពុជាកំពុងត្រៀមចំច្បាប់ ស្ដីពីកិច្ចការពារកុមារ ក្នុងគោលបំណងសំខាន់ដោះស្រាយបញ្ហាប្រឈមរបស់ កុមារឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម តូច ចាន់នី បញ្ជាក់ថា សព្វថ្ងៃកុមារកម្ពុជានៅប្រឈមបញ្ហាមួយចំនួន ដោយបញ្ហាសំខាន់គួរឱ្យកត់សម្គាល់នាពេលនេះ រួមមាន ការបោះបង់ចោលកុមារ ការចំណាកស្រុករបស់ឪពុកម្ដាយ និងអំពើហិង្សាដែលនៅតែមានកើតឡើង ជាពិសេសនៅតំបន់ដាច់ស្រយាល ដែលការអប់រំនៅមានកម្រិត។ ឯកឧត្តមអ្នកនាំពាក្យបន្ថែមដែរថា ថ្មីៗនេះ កម្ពុជាក៏បានដាក់ចេញ គោលនយោបាយជាតិស្ដីពីប្រព័ន្ធកិច្ចការពារកុមារ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមអនុវត្ត ក្នុងនោះ មានក្រសួងសង្គមកិច្ច ក្រសួងមហាផ្ទៃ រួមទាំងក្រសួងអប់រំជាដើម។ សម្រាប់ឱកាសទិវាកុមារអន្តរជាតិ១ មិថុនា និងខួបលើកទី១៩ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនានេះ សម្ដេច ហ៊ុន សែន ក៏បានចេញសារលិខិតសាទរ និងគាំទ្រចំពោះទិវានេះផងដែរ ទោះបីជាឆ្នាំ២០២០នេះ ពុំមានការរៀបចំកម្មវិធីយ៉ាងណាក្ដី។

ការមិនរៀបចំកម្មវិធីជួបជុំនេះ គឺដោយសារបញ្ហាជំងឺរាតត្បាត កូវីដ១៩។ ហើយក្នុងស្ថានការណ៍ជំងឺរាតត្បាតនេះ ប្រមុខថ្នាក់ដឹកនាំបានអំពាវនាវឱ្យ ក្រសួង ស្ថាប័នពាក់ព័ន្ធអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ទប់ស្កាត់កុំឱ្យមានការឆ្លងទៅកាន់កុមារ ការជំរុញឱ្យកុមារគ្រប់រូបទទួលបានសេវាអប់រំ អនាម័យនិងទឹកស្អាតស្មើគ្នា និងទាមទារឱ្យគ្រប់វិធានការដែលបានដាក់ចេញត្រូវគិតគូរខ្ពស់ពីឧត្តមប្រយោជន៍របស់កុមារ។ លើសពីនេះ សម្ដេចក៏បានអំពាវនាវឱ្យ ក្រសួង ស្ថាប័ន ដៃគូពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវចាត់វិធានការការពារកុមារពីអំពើហិង្សាគ្រប់រូបភាព លុបបំបាត់ការកេងប្រវ័ញ្ច លើពលកម្មកុមារគ្រប់ទម្រង់ និងជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយពី ការការពារកុមារពីអំពើហិង្សា និងពលកម្មកុមារ ជាពិសេសពង្រឹងការផលិតកម្មវិធីសម្រាប់កុមារ ដែលមានខ្លឹមសារអប់រំទប់ស្កាត់កុមារកុំឱ្យក្លាយជាជនរងគ្រោះ៕

website_news/2020120604.txt · Last modified: 2020/06/12 15:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki