website_news:2020120802

តុលាការកំពូល បើកសវនាការលើសំណុំរឿងជួញដូរមនុស្សឆ្លងដែន

https://www.postkhmer.com/ គឹម សារុំ | Publication date 11 August 2020 | 14:16 ICT

ភ្នំពេញៈ តុលាការកំពូលពីម្សិលមិញបានបើកសវនាការជំនុំជម្រះបុរសជាប់ចោទម្នាក់ក្នុងចំណោម ៣ នាក់ (២ នាក់មិនប្តឹងសារទុក្ខ) បន្ទាប់ពីសាលាឧទ្ធរណ៍ផ្តន្ទាទោសពី ៨ ឆ្នាំដល់ ៩ ឆ្នាំពីបទចោទជួញដូរមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដែលបានប្រព្រឹត្តនៅភូមិអន្សងពង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាបកាលពីឆ្នាំ ២០០៩។

យោងកំណត់ហេតុរបស់តុលាការកំពូលបានបង្ហាញថា សំណុំរឿងនេះមានជនជាប់ចោទឈ្មោះ ណាក់ សម្បត្តិ ហៅ កែវ ជាអ្នករត់តាក់ស៊ី, ទី ២- ឈ្មោះ ង៉ែត ផល្លា និងឈ្មោះ មឿត គា។ នៅអំឡុងឆ្នាំ ២០០៩ ក្រុមជនជាប់ចោទបានដឹកបុរសរងគ្រោះទាំង ៦ នាក់ ពីភូមិអន្សងពង ឃុំកំពង់ក្តីទៅក្រុងប៉ោយប៉ែត។ ពេលនោះជនជាប់ចោទ ណាក់ សម្បត្តិ ដែលជាអ្នករត់តាក់ស៊ីបានដាក់ជនរងគ្រោះទាំង ៦ នាក់នៅមុខវត្តប៉ាលិលេយ្យក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយក្រុមជនរងគ្រោះត្រូវបានគេនាំចូលប្រទេសថៃ ធ្វើជាកម្មករទូកនេសាទ។ កំណត់ ហេតុបង្ហាញទៀតថា ក្រោយពីក្រុមជនរងគ្រោះធ្វើការនៅលើទូកនេសាទបានជាង ៦ ឆ្នាំ ដោយរងការធ្វើបាបពីសំណាក់ថៅកែទូកនេសាទថៃមក ក្រុមជនរងគ្រោះបានព្យាយាមទំនាក់ទំនងទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃហើយត្រូវបានស្ថានទូតកម្ពុជារំដោះពួកគេចេញពីទូកនេសាទ និងបញ្ជូនមកប្រទេសកម្ពុជាវិញនៅអំឡុងខែឧសភា ឆ្នាំ ២០១៦។ ពេលមកដល់ស្រុកកំណើតវិញក្រុមជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅតុលាការ និងសមត្ថកិច្ចនគរបាលស្រុកជីក្រែង។ បន្ទាប់មកសមត្ថកិច្ចបានស្រាវជ្រាវរកឃើញថាក្រុមជនជាប់ចោទជាអ្នករៀបចំចាត់ចែងក្នុងអំពើជួញដូរមនុស្សឆ្លងដែនមែន។ កំណត់ហេតុរបស់តុលាការកំពូលឲ្យដឹងទៀតថា ក្រោយពីតុលាការខេត្តសៀមរាបទទួលបានពាក្យបណ្តឹងរបស់ក្រុមជនរងគ្រោះមក តុលាការខេត្តសៀមរាបបានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនជនជាប់ចោទទាំង ៣ នាក់ដែលសមត្ថកិច្ចប្រើពេលស្រាវជ្រាវរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០១៦ ទើបចាប់ក្រុមជនជាប់ចោទបាន។

សំណុំរឿងនេះត្រូវបានសាលាដំបូងខេត្តសៀមរាបប្រកាសសាលក្រមនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៧ សម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ណាក់ សម្បត្តិ ដាក់ពន្ធនាគារ ៨ ឆ្នាំ និងជនជាប់ចោទឈ្មោះ ង៉ែត ផល្លា និងឈ្មោះ មឿត គា ដាក់ពន្ធនាគារម្នាក់ៗ ៩ ឆ្នាំចោទបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការនាំឆ្លងដែនតាមបញ្ញត្តិមាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។ នៅក្នុងបន្ទប់សវនាការជនជាប់ចោទឈ្មោះ ណាក់ សម្បត្តិ និយាយប្រាប់ចៅក្រមថា គាត់មិនបានអូសទាញក្រុមជនរងគ្រោះឲ្យទៅធ្វើការនៅប្រទេសថៃ ទេ។ ប៉ុន្តែក្រុមជនរងគ្រោះបានមកទាក់ទងគាត់ឲ្យដឹកពួកគេពីស្រុកជីក្រែងទៅក្រុងប៉ោយប៉ែតដែលក្នុងមនុស្សម្នាក់គាត់យកថ្លៃដឹក ៤ ម៉ឺនរៀល។ ជនជាប់ចោទនិយាយថា៖ «ខ្ញុំមិនស្គាល់ជនរងគ្រោះទាំង ៦ នាក់នោះទេ ប៉ុន្តែពួកគេជួលឡានខ្ញុំជិះទៅក្រុងប៉ោយប៉ែត។ ខ្ញុំសុំឲ្យតុលាការកំពូលដោះលែងខ្ញុំឲ្យមានសេរីភាពវិញ។ ព្រោះខ្ញុំមិនបានប្រព្រឹត្តទេ»។

លោក ជុំ សំបាន តំណាងមហាអយ្យការសន្និដ្ឋានថា ការសម្រេចតម្កល់សាលក្រមរបស់សាលាឧទ្ធរណ៍ត្រឹមត្រូវហើយ។ ដូច្នេះសូមក្រុមប្រឹក្សាជំនុំជម្រះពិចារណាតាមច្បាប់។

លោក នូ ចន្ថា មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទឈ្មោះ ណាក់ សម្បត្តិ បានថ្លែងប្រាប់ចៅក្រមក្នុងបន្ទប់សវនាការពីម្សិលមិញថា ករណីនេះតាមអង្គហេតុឃើញថា ក្រុមជនរងគ្រោះបានជួលរថយន្តកូនក្តីលោកជិះម្នាក់ៗថ្លៃ ៤ ម៉ឺនរៀល ហើយពេលទៅដល់ក្រុងប៉ោយប៉ែតគាត់ទម្លាក់ក្រុមជនរងគ្រោះចុះ កូនក្តីលោកមិនបានដឹកក្រុមជនរងគ្រោះចូលក្នុងប្រទេសថៃទេ។ លោកថា៖ «ករណីនេះ ខ្ញុំសុំឲ្យតុលាការកំពូលបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ជម្រះឡើងវិញ»។

ក្រោយជំនុំជម្រះលោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានថ្លែងថា សាលដីកានេះប្រកាសនៅថ្ងៃទី ១៤ សីហា។ លោក ជា ណារ៉ា ជាមេធាវីការពារសិទ្ធិឲ្យក្រុមជនរងគ្រោះទាំង ៦ នាក់ថ្លែងថាសំណុំរឿងនេះកូនក្តីលោកមិនបានដាក់បណ្តឹងសារទុក្ខមកតុលាការកំពូលទេ៕

website_news/2020120802.txt · Last modified: 2020/08/12 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki