website_news:2020120803

៦ ខែ អាជ្ញាធរខេត្តបន្ទាយមានជ័យទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនទៅថៃបានជាង ៤០០ នាក់

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 11 August 2020 | 09:43 ICT

បន្ទាយមានជ័យៈ លោក ឈុន ម៉ៅ មេបញ្ជាការប្រចាំទិសទី ១ នៃខេត្តបន្ទាយមានជ័យបានឲ្យដឹងថា គិតចាប់ពីខែកុម្ភៈដល់ដើមខែសីហា ឆ្នាំ ២០២០ កម្លាំងយោធានៃយោធភូមិភាគទី៥ បានរួមគ្នាទប់ស្កាត់ប្រជាពលរដ្ឋដែលលួចឆ្លងដែនទៅប្រទេសថៃ តាមច្រករបៀងនានាក្នុងខេត្តបន្ទាយមានជ័យបានជាង ៤០០ នាក់។ លោក ឈុន ម៉ៅ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញទៀតថា សម្រាប់តួលេខ ១ ខែ ក្នុងខែកក្កដា វិញ ចំពោះអ្នកវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនខេត្តបន្ទាយមានជ័យគឺមានជាង ៧ ០០០ នាក់ ចំណែកអ្នកលួចឆ្លងដែនដោយខុសច្បាប់ចូលទៅទឹកដីថៃដែលត្រូវបានឃាត់ខ្លួន គឺមានចំនួនតិចតួចប៉ុណ្ណោះព្រោះមានតែជាង ១០ ករណី សម្រាប់ខែកក្កដា។ លោកមេបញ្ជាការប្រចាំទិសទី១ រូបនេះបញ្ជាក់ថា មូលហេតុដែលពលរដ្ឋសម្រេចចិត្តវិលប្រឡប់ទៅប្រទេសថៃ និងវិលចូលមកកម្ពុជាវិញក៏ព្រោះបណ្តាលមកពីកត្តាអត់ការងារធ្វើ។ លោកបន្តថា ពួកគាត់គ្មានការងារធ្វើនៅប្រទេសថៃ ហើយបានត្រឡប់មកកម្ពុជាវិញហើយរកការងារធ្វើមិនបាន ក៏សម្រេចវិលត្រឡប់ទៅប្រទេសថៃ វិញ ប៉ុន្តែពលរដ្ឋភាគច្រើនដែលបានវិលត្រឡប់ទៅប្រទេសថៃ ត្រូវបានទប់ស្កាត់ទាន់ពេលវេលា។

លោកបញ្ជាក់ថា៖ «ជាង ៤០០ នាក់ទេ ចេញពីខ្មែរទៅថៃ ទៅរកការងារធ្វើ ដែលយើងចាប់បាន និងថៃគាត់ឃាត់បាន ហើយបញ្ចូនមកយើងវិញនៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ការព្យាយាមចេញ និងចូលប្រទេសនៅពេលនេះគឺបង្កការលំបាកណាស់ ព្រោះយើងត្រូវចំណាយពេលបញ្ចូនពួកគាត់ទៅធ្វើចត្តាឡីស័កនៅតាមស្រុកកំណើតរបស់ពួកគាត់វិញហើយយើងក៏ចំណាយថវិកា និងកម្លាំងដែរ»។ បើតាមលោក ឈុន ម៉ៅ ក្នុងរយៈពេលចុងក្រោយនេះចំនួនពលរដ្ឋដែលបានត្រឡប់ពីប្រទេសថៃចូលប្រទេសវិញ គឺមានចំនួនថយចុះ បើធៀបនឹងដើមឆ្នាំ ដែលមានចន្លោះពី ៤០០ ទៅ ៥០០ នាក់ មកនៅត្រឹម២០០ ឬ ៣០០ នាក់ប៉ុណ្ណោះ ក្នុង ១ ថ្ងៃ។ កាលពីថ្ងៃទី ៨ សីហា លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានឲ្យដឹងថា ក្នុងអំឡុងពេលដែលថៃបិទច្រកទ្វារព្រំដែនជាមួយកម្ពុជាចាប់តាំងពីខែមីនា មកមានប្រជាពលរដ្ឋខ្មែរប្រមាណ ១ ពាន់នាក់ បានចាញ់បោកមេខ្យល់ដោយព្យាយាមចូលទៅប្រទេសថៃ ប៉ុន្តែត្រូវបានថៃចាប់បញ្ជូនមកវិញ។

លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងការងារហៅកាត់ថា សង់ត្រាល់ (CENTRAL) បានលើកឡើងថា មកដល់ពេលនេះពលករចំណាកស្រុកកម្ពុជានៅតែបន្តធ្វើចំណាកស្រុកទាំងប្រថុយប្រថាននៅតាមច្រករបៀងតូចៗ បើទោះបីជាមានការបិទព្រំដែន និងមានការយាមកាមយ៉ាងតឹងរ៉ឹងពីសំណាក់កម្លាំងសមត្ថកិច្ចថៃ និងកម្ពុជា។ លោកបន្តថា ការឆ្លងដែននេះគឺធ្វើឡើងតាមរយៈមេខ្យល់ ឬតាមទំនៀមទម្លាប់នៃការធ្វើចំណាកស្រុក ដោយធ្វើឡើងតាមរយៈអ្នកស្គាល់ ឬបងប្អូន ហើយរូបភាពបែបនេះគឺនៅតែបន្តកើតឡើង គឺអត់មានភាពស្រាកស្រាន្តនោះទេ។ លោកបញ្ជាក់ថា៖ «នៅពេលគាត់ធ្វើចំណាកស្រុកគឺគាត់ត្រូវចំណាយថវិកាផ្ទាល់ខ្លួនឲ្យទៅមេខ្យល់ និងអ្នកដែលស្គាល់ហ្នឹង ដើម្បីអាចឆ្លងកាត់តាមព្រំដែនបានដោយមិនមានការធានាពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋនោះទេ ហើយក្នុងករណីដែលអាចឆ្លងដែនបានមែន ក៏ត្រូវបានអាជ្ញាធរថៃចាប់បញ្ចូនត្រឡប់មកវិញដែរ»។

លោក ឃុន ថារ៉ូ ក៏បានលើកឡើងទៀតថា ប្រជាពលរដ្ឋចំណាកស្រុកមួយចំនួនបានដឹងច្បាស់អំពីផលវិបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ប៉ុន្តែដោយសារតែគ្មានជម្រើសអ្វីក្រៅពីនេះទើបសម្រេចចិត្តទាំងប្រថុយប្រថានក្នុងការធ្វើចំណាកស្រុកឆ្លងដែនទៅប្រទេសថៃ ព្រោះតែបញ្ហាសេដ្ឋកិច្ចគ្រួសារ។ លោកថា រដ្ឋាភិបាលត្រូវតែមានវិធានការបន្ថែមទៀតដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកនេះ។ លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលគួរតែរកលទ្ធភាពណាមួយក្នុងការបើកច្រកព្រំដែនក្នុងកម្រិតណាមួយ ដែលអាចឲ្យពលរដ្ឋនៅតាមបន្ទាត់ព្រំដែនអាចប្រកបអាជីវកម្មរបស់ខ្លួន ដើម្បីចិញ្ចឹមជីវិត។ ម្យ៉ាងទៀត រដ្ឋាភិបាលក៏គួរតែបង្កើតការងារនៅក្នុងប្រទេសឲ្យបានច្រើនបន្ថែមទៀត ដូចជារោងចក្រ សួនឧស្សាហកម្មនៅតាមបណ្តាខេត្តផ្សេងៗរួមទាំងការបន្តផ្សព្វផ្សាយនូវព័ត៌មានជុំវិញការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពផងដែរ»៕

website_news/2020120803.txt · Last modified: 2020/08/12 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki