website_news:2020120805

ពលករខ្មែរចំណាកស្រុក 20នាក់ ត្រូវយោធាថៃឃាត់ខ្លួន

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២០ ម៉ោង ១៨:២៥ ប៊ុន ធឿន

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរចំណាកស្រុកចំនួន២០នាក់ទៀត បានត្រូវកម្លាំងយោធាថៃឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ នៅក្នុងស្រុកតាប្រយ៉ា ខេត្តស្រះកែវ ។ មន្ត្រីយោធាដែលឈជើងតាមបន្ទាត់ព្រំដែនបានប្រាប់ថា ពលករខ្មែរចំណាកស្រុកដែលត្រូវទាហានថៃឃាត់ខ្លួនចំនួន២០នាក់នេះ មានប្រុស១៤នាក់ ស្រី៦នាក់ ។ ពួកគាត់បានឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកថ្មពួក ចូលទៅក្នុងទឹកដីថៃ ដើម្បីទៅរកការងារធ្វើនៅក្រុងបាងកកប្រទេសថៃ ហើយនៅពេលឆ្លងដែនចូលដល់កណ្តាលព្រៃទឹកដីថៃ ក៏ត្រូវកម្លាំងយោធាថៃឃាត់ខ្លួន ។ មន្ត្រីដដែលឲ្យដឹងទៀតថា ពលករខ្មែរដែលត្រូវបានយោធាថៃឃាត់ខ្លួនតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃនោះ គ្រោងបញ្ជូនមកវិញតាមច្រកព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ ដែលមានក្រុមគ្រូពេទ្យចត្តាឡីស័កធ្វើការត្រួតពិនិត្យ រួចហើយបញ្ចូនទៅតាមមូលដ្ឋានរបស់ខ្លួនវិញ ។ គួររំឭកថា ស្ទើរតែរៀងរាល់ថ្ងៃដែលកម្លាំងយោធាថៃឃាត់ខ្លួនពលករខ្មែរតាមបន្ទាត់ព្រំដែនក្នុងទឹកដីថៃ ហើយដឹកបញ្ជូនមកវិញតាមច្រកព្រំដែនអូរបីជាន់ ស្រុកអូរជ្រៅ ។ ពលករខ្មែរភាគច្រើន ឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅទីក្រុងបាងកកប្រទេសថៃ ដែលជាការលួចឆ្លងដែនក្រោយពីជំងឺកូវីដ-១៩ កំពុងត្រូវបានរឹតបន្តឹងទាំងនៅថៃនិងកម្ពុជា ។

អភិបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី តែងតែដាក់វិធានការដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ត្រូវមានវិធានការទប់ស្កាត់ឱ្យបាននូវពលករចំណាកស្រុកដោយខុសច្បាប់ ដើម្បីការពារសុវត្ថិភាពពួកគាត់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅពេលដែលប្រទេសថៃកំពុងទប់ស្កាត់ដូចគ្នា ។ ជាមួយនេះ ត្រូវស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ដែលឃុបឃិតគ្នានាំពលករខុសច្បាប់ចេញ គឺត្រូវចាត់វិធានការតាមច្បាប់ ។ ទោះបីជាបែបណា ពលករទាំងនេះនៅតែធ្លាយចេញរាល់ថ្ងៃ ៕

website_news/2020120805.txt · Last modified: 2020/08/12 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki