website_news:2020121101

ផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន

https://www.rasmeinews.com/ 10 November, 2020 បញ្ចូលអត្ថបទដោយ Houputh Visal

ដោយៈ ទេព មង្គល / កណ្តាលៈ លោកស្រី ហ៊ុន កុសនី អភិបាលរង ខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអប់រំកូនចៅ ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត កុំឲ្យចាញ់បោកកលល្បិច ជនខិលខូចមួយចំនួន ក្នុងការចំណាកស្រុក ដោយប្រថុយប្រថាន និងខុសច្បាប់ ដែលជាមូលហេតុ ធ្វើឲ្យពួកគាត់ងាយធ្លាក់ ទៅក្នុងស្ថានភាព នៃការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ និងកម្លាំងពលកម្ម ជាពិសេស ត្រូវប្រុងប្រយ័ត្ន ចំពោះឆ្លងរាលដាលនៃ ជំងឺរលាកផ្លូវដង្ហើម កូវីដ ១៩។ លោកស្រី បានថ្លែងដូច្នេះ នៅក្នុងវេទិកាផ្សព្វផ្សាយច្បាប់ ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ផលប៉ះពាល់ នៃការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងឃុំឈើខ្មៅ ស្រុកកោះធំ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពី លោកស្រី ឧត្តមសេនីយ៍ត្រី ឈឹម វណ្ណនី ស្នងការរង ខេត្តកណ្ដាល លោកស្រី អភិបាលរងស្រុក មន្ទីរពាក់ព័ន្ធ ប្រជាពលរដ្ឋ និងពលករ ពលការិនី ជាង ៦០ នាក់។ លោកស្រី ហ៊ុន កុសនី បានបញ្ជាក់ថាៈ បច្ចុប្បន្ននេះ ជនល្មើស កាន់តែមានល្បិចកលខ្ពស់ ហើយរូបភាព នៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ កេងប្រវ័ញ្ច កម្លាំងពលកម្ម និងផ្លូវភេទតែប៉ុណ្ណោះទេ គឺថែមទាំងមានជួញដូរសិរីរាង្គ បទល្មើសរត់ពន្ធ ជួញដូរទារកឆ្លងដែន ជាពិសេស គឺការពរពោះជំនួស ដែលអំពើនេះ គឺជារឿងដែលអមនុស្សធម៌បំផុត ដែលបញ្ហាទាំងនេះ គឺតម្រូវឲ្យ គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែដាក់វិធានការ ស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាប ឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ លោកស្រីអភិបាលរងខេត្ត ក៏បានពន្យល់ណែនាំ ដល់ប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ទាំងអស់ថា ការធ្វើចំណាកស្រុក ឆ្លងដែន ដោយគ្មានឯកសារ ផ្លូវច្បាប់ត្រឹមត្រូវ បានធ្វើឲ្យពលករទាំងនោះ ត្រូវបានទទួលរង ការកេងប្រវ័ញ្ចគ្រប់រូបភាព ដូចជាទទួលរងគ្រោះ ដោយការចាប់ឃាត់ខ្លួន ដាក់ពន្ធនាគារ ការផាកពិន័យ ការចាប់បញ្ជូនត្រឡប់ ការមិនផ្ដល់ប្រាក់កម្រៃ ពលកម្មពេញលេញ ការបញ្ជូនបន្ត ទៅធ្វើការ ពីកន្លែងមួយ ទៅកន្លែងមួយ ឬនៅឆ្ងាយ ដែលមិនអាចទំនាក់ទំនង ទៅគ្រួសារបាន មានការដកហូត អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ការធ្វើទារុណកម្ម រហូតបាត់បង់ជីវិត ក៏មាន។ លោកស្រី បានបន្តថាៈ ដើម្បីធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់ គឺពលករ ពលការនី ត្រូវមានអាយុចាប់ពី១៨ ឆ្នាំឡើងទៅ ហើយត្រូវទៅជួប ជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងពាក់ព័ន្ធ ពីព្រោះកន្លែងនោះ អាចជួយអ្នករកការងារ និងអាចជួយចុះឈ្មោះអ្នក ជាមួយក្រុមហ៊ុន ជ្រើសរើសពលករ ដែលស្របច្បាប់ ដែលទទួលស្គាល់ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវមានលិខិតឆ្លងដែន និងមានឯកសារពាក់ព័ន្ធនានា។នៅក្នុងឱកាសនោះដែរ លោកស្រី ទេស សុភាព អភិបាលរង ស្រុកកោះធំ បានឲ្យដឹងថា ស្រុកកោះធំ មានអ្នកចំណាកស្រុក ទៅក្រៅប្រទេស ចំនួន ៩៧១ នាក់ ស្រី ៤៩២ នាក់ និងត្រឡប់ចូលស្រុកវិញ ២៧ នាក់ មកពីប្រទេស ចិន កូរ៉េ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសហ្វីលីពីន ដោយបានឆ្លងកាត់ ការដាក់តាមមណ្ឌលចត្តាឡីស័ក ចំនួន ១៤ ថ្ងៃ មុននឹងអនុញ្ញាតអោយទៅជួបជុំ ជាមួយក្រុមគ្រួសារវិញ៕/V

website_news/2020121101.txt · Last modified: 2020/11/12 11:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki