website_news:2020130101

សំណូមពរដល់អ្នកពាក់ព័ន្ធបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការជួញដូរមនុស្សគ្រប់ទម្រង់

http://www.cen.com.kh/archives/ January 11, 2020

រាជធានីភ្នំពេញ៖ សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្របង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រោះថ្នាក់បងង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ត្រូវបានធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំក្រសួងអប់រំយុវជន និងកីឡា។ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដែលជាអធិបតី បានប្រសាសន៍ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងការជួញដូរមនុស្ស និងសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច អ្នកពាក់ព័ន្ធទាំងអស់ យុវកាយរឹទ្ធិ កាកបាទក្រហម សិល្បករ សិល្បការិនី ពិធីករ ពិធីការិនី សង្គមស៊ីវិល សូមបន្តចូលរួមទាំងអស់គ្នាឲ្យបានសកម្មជាប់ជាប្រចាំដូចភ្លៀងរលឹមដើម្បីសុវត្ថិភាពសហគមន៍ ។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រឆាំងការជួញដូរមនុស្ស ប្រចាំក្រសួងអប់រំ យុវជន និងកីឡា បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងបញ្ហាជួញដូរមនុស្ស សំដៅពង្រឹងគុណភាព ប្រសិទ្ធភាពធនធនមនុស្សនៅកម្ពុជា។

លោក សាម៉ន បណ្ឌិត អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា វិស័យព័ត៌មានដើរតួនាទីសំខាន់ក្នុងការចូលរួមផ្សាយព័ត៌មានចំណេះដឹងទូទៅនានា និងច្បាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងបញ្ហាជួញដូរមនុស្សដល់ប្រជាពលរដ្ឋបានយល់ដឹង។ លោកស្រីឧត្តមសេនីយ៍ឯក ប៉ុន សំខាន់ អគ្គលេខាធិការគណកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស បានប្រសាសន៍ថា អំពើជួញដូរមនុស្សគឺជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដែលតម្រូវឲ្យមានការប្រឆាំងទប់ស្កាត់ការជួញដូរនិងសង្គ្រោះជនរងគ្រោះពីអំពើជួញដូរគ្រប់ទម្រង់។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងសាទរពីវឌ្ឍនភាព និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធ ដែលបានចូលរួមប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ បញ្ហាគ្រឿងញៀនដើម្បីប្រយោជន៍រួម គោលដៅតែមួយ គឺកសាងបាននូវធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាធនធានបន្តវេនដ៏មានសក្តានុពលរបស់ប្រទេសជាតិ។

ក្នុងចំណាប់អារម្មណ៍របស់មន្ទីរក្រសួងអប់រំ យុវជន និងកីឡាខេត្តកោះកុង បន្ទាយមានជ័យ បាត់ដំបង ព្រៃវែង រាជធានីភ្នំពេញ កណ្តាល និងអង្គការភ្លេន Plan សុទ្ធតែបានបង្ហាញពីឆន្ទះរួមចូលរួមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន និងបញ្ហាជួញដូរមនុស្សដើម្បីអនាគតយើងកូនចៅយើង៕ ដោយ៖បញ្ញាស័ក្តិ

website_news/2020130101.txt · Last modified: 2020/01/13 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki