website_news:2020130109

ប៉ូលិសហ្វីលីពីនភ្ញាក់ផ្អើលខ្លាំងក្នុងពេលឆ្មក់បង្ក្រាបហាងខារ៉ាអូខេចិនសម្រាប់តែជនជាតិចិន ឃើញស្រីពេស្យាច្រើនអនេក

http://khmeread.com/ January 13, 2020 01:26AM

ពេស្យាចារ គឺជាអាជីពមួយមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោកប៉ុន្តែការវិវឌ្ឍថ្មីនៃការជួញដូរផ្លូវភេទបានធ្វើឱ្យប៉ូលិសហ្វីលីពីនឆ្ងល់ឡើងអេះក្បាលខ្លួនឯង ព្រោះតែការកើនឡើងខ្លាំងនៃពេស្យាចារចិនសម្រាប់តែផ្គត់ផ្គង់ដល់អតិថិជនចិន។ នេះយោងតាមកាសែត South China Morning Post សរសេរកាលពីថ្ងៃអាទិត្យទី១២មករា។ ទូរទស្សន៍ហ្វីលីពីន ABS-CBN បានរាយការណ៍ថា អ្នករកស៊ីផ្លូវភេទជនជាតិចិនជិត ៣០០ នាក់និងអតិថិជនរបស់ពួកគេត្រូវបានចាប់ខ្លួនក្នុងការឆ្មក់បង្ក្រាបដោយការិយាល័យស៊ើបអង្កេតជាតិ (NBI) និងប៉ូលិសជាតិហ្វីលីពីនលើផ្ទះបនចំនួន ១២ កន្លែងនៅក្នុងទីក្រុងចំនួន ៦ នៅក្នុងឆមាសទី ២ នៃឆ្នាំចុង២០១៩។ ពួកភ្នាក់ងារសម្ងាត់ជឿថា រាល់ផ្ទះបនដែលបង្ក្រាបទាំងអស់នោះគឺគ្រប់គ្រងដោយជនជាតិចិនដីគោកសម្រាប់អតិថិជនចិន។

ប្រភពមួយនៅ NBI ដែលបានចូលរួមក្នុងការឆ្មក់បង្ក្រាប បានពិពណ៌នាផ្ទះបនទាំងអស់នោះថាជា “ការវិវឌ្ឍថ្មី”។ អតិថិជន ស្រីពេស្យា អ្នកគ្រប់គ្រង និង ម្ចាស់របស់ផ្ទះបនទាំងនោះគឺមកពីចិនដីគោកទាំងអស់ ។ ប្រភពនោះបាននិយាយថា អ្នកគ្រប់គ្រងត្រូវជាប់ពន្ធនាគារនិងត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស ដែលជាបទឧក្រិដ្ឋមួយមិនអាចបង់ប្រាក់នៅក្រៅឃុំបានទេ ហើយករណីចោទទាំងនោះនឹងត្រូវប្តឹងលើម្ចាស់ដទៃទៀត ដែលប៉ូលិសមិនអាចចាប់ខ្លួនបាន ពីព្រោះពួកគេនៅក្រៅប្រទេសហ្វីលីពីន។

ស្ត្រីជនជាតិចិន ដែលគាត់ពិពណ៌នាថា “ក្មេង មានអាយុប្រហែលពី ១៨ ទៅ ៣០ ឆ្នាំ” ត្រូវបានបញ្ជូនទៅមណ្ឌលជ្រកកោន លិខិតឆ្លងដែនរបស់ពួកគេត្រូវបានរឹបអូស និង ត្រូវបញ្ជូនទៅកាន់ការិយាល័យអន្តោប្រវេសន៍។ អតិថិជនមកវ៉ៃសិចមិនត្រូវបានចាប់ខ្លួនទេ ប៉ុន្តែព័ត៌មានលម្អិតអំពីលិខិតឆ្លងដែនរបស់ពួកគេក៏ត្រូវបានបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍ដែរ។ ប្រភពដដែលបាននិយាយថា ទីភ្នាក់ងាររដ្ឋាភិបាលជាច្រើនបាននិងកំពុងចាត់វិធានការប្រឆាំងនឹងក្រុមពេស្យាចាររបស់ចិន។

ប្រភព NBI បានពិពណ៌នាផ្ទះបន ដែលក្រុមរបស់លោកបានឆ្មក់បង្ក្រាបថាជា “គ្រឹះស្ថានដ៏ធំសម្បើម” ដែលសុំសិទ្ធិបើកធ្វើជាហាងខារ៉ាអូខេ។ លោកបានបន្ថែមថា “យើងមិនបានដឹងថាមានអំពើពេស្យាចារកំពុងកើតឡើងនៅទីនោះទេ” ដោយលោកនិយាយថាទទួលបានតម្រុយពីអ្នកទម្លាយរឿងសម្ងាត់ជនជាតិចិននិងហ្វីលីពីន។ លោកនិយាយទៀតថា មានជនជាតិចិនដែលព្រួយបារម្ភ បានមករកពួកយើង ហើយប្រាប់ពួកយើងថា “អ្នកគួរតែពិនិត្យតាមហាងខារ៉ាអូខេទាំងនោះ”៕

website_news/2020130109.txt · Last modified: 2020/01/13 15:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki