website_news:2020130301

កម្ពុជា-អូស្ត្រាលី បន្តពង្រឹងលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យកាន់តែប្រសើរ

http://bayontv.com.kh/ 12/03/2020

ភ្នំពេញ៖ តាមរយៈជំនួបការងារ រវាងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសកម្ពុជានិងអូស្ត្រាលី នៅព្រឹកថ្ងៃទី១២ មីនា ឆ្នាំ២០២០នេះ ភាគីទាំងពីរបានអះអាងថា នឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាន់តែប្រសើរទៅមុខថែមទៀត។ ក្រោយចប់ជំនួបការងារ រវាងឯកឧត្ដម Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីប្រទេសអូស្ត្រាលីប្រចាំកម្ពុជា និងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ឯកឧត្ដម ងុយ រិទ្ធ អនុរដ្ឋលេខាធិការ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័តមានថា ថ្នាក់ដឹកនាំកម្ពុជា ទាំងក្រសួងការងារ នឹងត្រៀមសហការជាមួយឯកអគ្គរដ្ឋទូត ដើម្បីជួយសម្រួលដល់បេសកកម្មការទូត ប្រកបដោយជោគជ័យ ក្នុងន័យថា ឲ្យទំនាក់ទំនងប្រទេសទាំង២ កាន់តែមានលក្ខណៈស៊ីជម្រៅ ក្នុងការរួមចំណែកយ៉ាងសកម្មលើការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាពេលកន្លងមក សម្រេចបានជោគជ័យ ក្នុងការបង្កើតឱកាសការងារ និងធានាបាននូវសុខដុមនីយកម្មរវាងកម្មករនិយោជិត និងនិយោជក។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ក្នុងជំនួបនោះ ពាក់ព័ន្ធទៅនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីអូស្ត្រាលីចង់ស្វែងយល់បន្ថែមទៅលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យអាណាព្យាបាល ព្រមទាំងយុវជនមានការយល់ដឹង ងាកមកចូលរៀនផ្នែកជំនាញវិជ្ជាជីវៈនៅកម្ពុជាកាន់តែច្រើន ដើម្បីឆ្លងតបទៅនឹងតម្រូវទីផ្សាររីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងនោះ អូស្ត្រាលីសន្យានឹងផ្តល់នូវអាហារូបករណ៍ដល់សិស្សនិស្សិត មន្ត្រីរាជការ បានបន្តការសិក្សានៅប្រទេសអូស្ត្រាលីផងដែរ។

ឯកឧត្ដមបន្ថែមថា អូស្ត្រាលីបានជួយកម្ពុជាលើក្រមសីលធម៌ទីភ្នាក់ងារជ្រើសរើសឯកជន ធ្វើយ៉ាងណាទប់ស្កាត់ការជួញដូរមនុស្ស ជាបញ្ហាធ្វើប៉ះពាល់សិទ្ធពលករទេសន្តរប្រវេសក៍។ កម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតទៅលើសុវត្ថិភាព សន្តិសុខការងារ កន្លងមកនេះអូស្ត្រាលីបានធ្វើការជាមួយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ហើយចំពោះសុវត្ថិភាពអគារ យើងចង់អូស្ត្រាលីជួយជាបច្ចេកទេសនូវសុវត្ថិភាព និងសន្តិសុខការងារនៅកន្លែងធ្វើការផងដែរ ក្នុងការទប់ស្កាត់នូវបញ្ហាសុវត្ថិភាពការងារនេះដែរ៕

website_news/2020130301.txt · Last modified: 2020/03/13 15:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki