website_news:2020130303

សន្ធិសញ្ញាស្តីពីការផ្ទេរអ្នកទោសរវាងកម្ពុជា-វៀតណាម ត្រូវបានអនុម័ត

https://thmeythmey.com/ 13, Mar 2020 , 11:06 am

រដ្ឋសភាកម្ពុជា បានអនុម័តសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជានិងវៀតណាម ក្នុងកិច្ចប្រជុំពេញអង្គវិសាមញ្ញ នាព្រឹកថ្ងៃទិ១៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត អាចឲ្យកម្ពុជា ស្នើសុំយកទណ្ឌិតជាជនជាតិខ្មែរ ដែលជាប់ពន្ធនាគារនៅវៀតណាម មកឃុំក្នុងពន្ធនាគារកម្ពុជា ហើយវៀតណាម ក៏អាចស្នើសុំដូច្នេះវិញដែរ។ មន្ត្រីបកស្រាយកន្លងមកថា ការបង្កើតសន្ធិសញ្ញានេះ គឺដើម្បីផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ ជាពិសេសសម្រាប់អ្នកជាប់ពន្ធនាគារ។

ក្រៅពីសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត នៅមានរបៀបវារៈ៥ផ្សេងទៀត ក៏ត្រូបានរដ្ឋសភាកម្ពុជា អនុម័តផងដែរ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន, សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបី ស្តីពីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន, សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី១ ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មទំនិញអាស៊ាន, និង សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជានិងវៀតណាម។

សេចក្តីព្រាងច្បាប់និងសន្ធិសញ្ញាទាំងនេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដើម្បីពិនិត្យនិងអនុម័តបន្ត មុននឹងថ្វាយទៅអង្គព្រះមហាក្សត្រ ឡាយព្រះហស្តប្រកាសដាក់ចូលជាធរមាន៕

website_news/2020130303.txt · Last modified: 2020/03/13 15:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki