website_news:2020130407

មកទល់ពេលនេះ ពលករបន្តវិលត្រឡប់ពីថៃកាន់តែច្រើនឡើង

https://kohsantepheapdaily.com.kh/ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ ម៉ោង ១៥:៤៦ ម៉ុត សារុន

ខេត្តបន្ទាយមានជ័យ ៖ បើទោះជាប្រទេសថៃប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ចាប់ផ្តើមប្រកាសមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ព្រោះដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ប៉ុន្តែពលករវិលត្រឡប់ពីថៃនៅបន្តកើតមាននិងកាន់តែមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមពលករបាននិយាយថា ដោយសារនៅប្រទេសថៃបានផ្អាកការងារស្ទើរគ្រប់ទីកន្លែង ម្យ៉ាងពេលនេះជិតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាពិសេសពួកគេព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ផង ទើបនាំគ្នាត្រឡប់មកស្រុកកំណើតវិញ ។ នៅព្រឹកថ្ងៃទី១០ មេសានេះ ពលករវិលត្រឡប់ពិថៃតាមច្រករបៀងអូរបីជាន់និងច្រកតំបន់ម៉ាឡៃត្រូវគេយកទៅដាក់នៅទីតាំទទួលពលករមួយកន្លែងនៅចំណុចស្ថានីយរថភ្លើងក្នុងភូមិ និងសង្កាត់ក្រុងប៉ោយប៉ែតដែលទីតាំងមួយនេះអាជ្ញាធរ ទើបបង្កើតឡើងថ្មីនៅព្រឹកថ្ងៃនេះតែម្តង ។ មិនតែប៉ុណ្ណោះទីតាំងមួយនេះគឺមានដាក់ឈ្មោះខេត្តនីមួយៗ ហើយក្រុមពលករពេលចុះពីរថយន្តត្រូវដើរចូលតាមទីតាំងដែលមានតាំងឈ្មោះខេត្តរៀងខ្លួនៗ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ពលករទាំងអស់ក្រោយចូលដល់ទីតាំងខាងលើ និងក្រោយមន្ត្រីជំនាញពិនិត្យកំដៅនិងតាមដានសុខភាពរួច ត្រូវគេដឹកតាមរថយន្តស្លាកលេខខេមរភូមិន្ទទៅតាមបណ្តាខេត្តរៀងខ្លួនៗ ដោយមានអាជ្ញាធរមូលដ្ឋានរបស់ពលកររស់នៅមកទទួលផងដែរ។ ទោះបីជាយ៉ាងណា ចំនួនពលករវិលត្រឡប់ពីថៃតាមខេត្តបន្ទាយមានជ័យ គិតទាំងច្រកទ្វារអន្តរជាតិ ច្រកតំបន់ម៉ាឡៃ ច្រកតំបន់បឹងត្រកួន និងច្រករបៀងអូរបីជាន់ចាប់ពីថ្ងៃទី២៣ មីនា ឆ្នាំ២០២០ ក្រោយភាគីថៃបិទព្រំដែនមកទល់និងថ្ងៃទី១០ មេសានេះ មានចំនួនសរុប៤១៨៦នាក់ ស្រី១៦៥៤នាក់ និងកុមា៣២៨នាក់។

ដោយឡែកថ្ងៃទី១០ មេសានេះ ចំនួនពលករចូលដល់ទីតាំងទទួលពលករនៅស្ថានីយរថភ្លើងក្នុងក្រុងប៉ោយប៉ែត តាមប្រភពព័ត៌មានថាជាង២០០នាក់ គិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល ដោយ១៤៥នាក់ដឹកមកពីច្រករបៀងអូរបីជាន់ ក្រៅពីនេះគឺបញ្ជូនពីច្រកតំបន់ម៉ាឡៃ ៕ (កែសម្រួលដោយ ៖ ធីតា)

website_news/2020130407.txt · Last modified: 2020/04/13 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki