website_news:2020130408

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឲ្យអាជ្ញាធរខេត្តបាត់ដំបង យករថយន្តកងទ័ព៥០គ្រឿង ដឹកពលករខ្មែរ ចេញពីប្រទេសថៃវិលត្រឡប់មកស្រុកកំណើត ចូលតាមច្រកទ្វារអន្តរជាតិដូង

https://www.cen.com.kh/ April 11, 2020

បាត់ដំបងៈឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា អាជ្ញាធរខេត្តបាត់ដំបងទទួលរថយន្តកងទ័ពចំនួន ៥០គ្រឿងដែលស្ថិតក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជារការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដើម្បីត្រៀមបម្រុងដឹកជញ្ជូនបងប្អូនប្រជាពលករខ្មែរ ដែលចេញពីប្រទេសថៃវិលត្រឡប់ទៅស្រុកកំណើតតាមបណ្តារាជធានី ខេត្តរបស់ខ្លួនវិញនិងពិនិត្យទីតាំងដាក់ម៉ាស៊ីនស្កេនកំដៅស្វ័យប្រវត្តនិងពិនិត្យទីកន្លែង សម្រាប់ពិនិត្យ ព្យាបាល។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានពិនិត្យមើលទីតាំងរៀបចំគ្រោងបំពាក់នូវម៉ាស៊ីនស្វ័យប្រវត្តិសម្រាប់ធ្វើការស្កេនកំដៅនៅមាត់ច្រកទ្វារអន្តរជាតិដូង ម៉ាស៊ីនស្កេននេះ កំពុងតែដំណើរការសាងសង់។ ឯកឧត្តម ងួន រតនៈ បានជំរុញឲ្យអ្នកបច្ចេកទេស ខិតខំពន្លឿនការសាងសង់តម្លើងម៉ាស៊ីនស្កេនកម្តៅនេះឲ្យបានឆាប់ ដើម្បីដំណើរការបានទាន់ពេលវេលា។រថយន្តដែលគ្រោងនិងដឹកបងប្អូនពលករខ្មែរនេះគឺជារថយន្តរបស់ កងយោធពលខេមរភូមិន្ទដែលស្ថិតក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

បើតាមការអះអាងពីមន្ត្រីចត្តាឡីស័កដែលប្រចាំការនៅច្រកទ្វារអន្តរជាតិដូង បានប្រាប់ឲ្យដឹងថា ការសាងសង់កន្លែងស្កេនកំដៅស្វ័យប្រវត្តិនេះ អាចនិងរួចស្រាច់ រយៈពេល ២ថ្ងៃទៀត។ក្រុមជាងសាងសង់ បានធ្វើការសាងសង់ទាំងថ្ងៃ ទាំងយប់ រហូតដល់ម៉ោង១២យប់ ទើបក្រុមជាង ឈប់សម្រាក។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ បានបន្តដំណើរពិនិត្យមើលទីតាំង២កន្លែងផ្សេងទៀត ដែលត្រៀមបម្រុង ដើម្បីរៀបចំទទួលនិងពិនិត្យព្យាបាលតាមដានពីសុខភាពរបស់បងប្អូនពលករខ្មែរទាំងនោះគឺទីតាំងទី១ នៅមាត់ច្រកទ្វារព្រំដែនស្ថិតក្នុងកាស៊ីណូអ៊ីហ្គល(Eagle Casino)សម្រាប់ទទួលពលករខ្មែរដែលចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូងនិងទីតាំងទី២ ស្ថិតនៅមណ្ឌលសុខភាពឃុំត្រាងស្រុកកំរៀង រៀបចំសម្រាប់ពិនិត្យនិងព្យាបាលនៅទីនោះ ក្នុងករណីសង្ស័យមានផ្ទុកមេរោគកូវីដ ១៩៕ដោយៈអ៊ុងសារុំ

website_news/2020130408.txt · Last modified: 2020/04/13 14:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki