website_news:2020130411

ពលរដ្ឋខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ គាំទ្រនូវវិធានការ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវី១៩

https://www.cen.com.kh/ April 12, 2020

បាត់ដំបងៈ ពលរដ្ឋ និងពលករខ្មែរ ដែលទើបឆ្លងដែនចេញពីថៃ តាមច្រកនានា ជាប់នឹងខេត្តបាត់ដំបង បានសម្ដែងការគាំទ្រ នូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាល ដែលចុះជួយពិនិត្យសុខភាពពួកគាត់ មុននឹងអនុញ្ញាត ឲ្យត្រឡប់មកស្រុកកំណើតរៀងៗខ្លួន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។

ពលរដ្ឋ និងពលករខ្មែរ បាននិយាយលើកឡើងថា មុនឆ្លងមកទឹកដីកម្ពុជាវិញ ពួកគាត់ត្រូវបានអាជ្ញាធរខ្មែរ ជួយសម្របសម្រួជាមួយភាគីថៃ ឲ្យចេញមកដោយរលូន ហើយពេលមកដល់ខាងទឹកដីកម្ពុជា ត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យកម្តៅយ៉ាងល្អិតល្អន់ត្រឹមត្រូវ នៅជិតច្រកព្រំដែន ទើបអនុញ្ញាតឲ្យឡើងរថយន្ត។ ក្រោយពីដឹកចេញពីច្រកព្រំដែន ពួកគាត់ត្រូវបានប្ដូរ ឲ្យទៅជិះរថយន្តរបស់កងទ័ព បន្តទៅកាន់ស្រុកកំណើតរៀងៗខ្លួន មិនមានការយកប្រាក់កាសអ្វីនោះទេ ហើយការធ្វើដំណើរគឺប្រកបដោយសុវត្ថិភាព។

លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ពលរដ្ឋខ្មែរឆ្លងដែនមកពីថៃនេះ គឺគាត់ចេញពីច្រកតូចៗមួយចំនួន នៅជិតច្រកទ្វារអន្តរជាតិដូង និងជិតច្រកទ្វារអន្តរជាតិភ្នំដី ហើយការវិលត្រឡប់ ចាប់ពីពេលភាគីថៃបិទមក។ ពលរដ្ឋ មិនមានការទៀងទាត់នោះទេ គឺថ្ងៃខ្លះមានឆ្លង និងថ្ងៃខ្លះទៀត ក៏មិនមានឆ្លង ដោយនៅពេលច្រកព្រំដែន មានសភាពបែបនេះ និងការឆ្លងដែននេះ ក៏ពុំមានបញ្ហាអសន្តិសុខអ្វីនោះទេ។

លោក ណង សារី មន្ត្រីចត្តាលីស័កប្រចាំនៅច្រកដូង បានមានប្រសាសន៍លើកឡើងថា ចាប់តាំងពីមានការបិទច្រកព្រំដែនកម្ពុជា ថៃនៅជិតជាប់ខេត្តបាត់ដំបង។ នៅមានការឆ្លងដែន របស់ពលរដ្ឋ និងពលករខ្មែរ ចេញពីថៃមកនោះ មន្ត្រីជំនាញបានចុះជួយពិនិត្យសុខភាព រកជំងឺកូវីដ១៩ ដោយមានការសង្ស័យលើ ៦ករណី ត្រូវបាននាំសំណាកទៅពិនិត្យនៅភ្នំពេញ ជាលទ្ធផលមិនមានរកឃើញនោះទេ។ ដើម្បីបង្កភាពងាយស្រួល ក្នុងការវាស់កម្តៅ របស់ពលរដ្ឋនៅច្រកទ្វារអន្តរជាតិដូង ក៏ចាប់ផ្ដើមរៀបចំដំឡើងម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់ពីមានការបិទច្រកព្រំដែនកម្ពុជា ថៃ មានពលរដ្ឋនិងពលករខ្មែរ នៅក្នុងខេត្តបាត់ដំបង វិលត្រឡប់មកពីប្រទេសថៃ និងប្រទេសនានា គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ សរុបមានចំនួន ១៥.៣៣៣នាក់( ស្រី៧ ០៥៨នាក់) ៕ដោយ ៖ អ៊ុងសារុំ

website_news/2020130411.txt · Last modified: 2020/04/13 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki