website_news:2020130412

អាជ្ញាធរខេត្តសុរិន្ទរបស់ថៃប្រកាសហាមពលករខ្មែរឆ្លងកាត់ខេត្តនេះព្រោះខ្លាចឆ្លងជំងឺកូវីដ-១៩

https://www.rfa.org/khmer/ ដោយ ខែ សុណង 2020-04-11

អាជ្ញាធរខេត្តសុរិន្ទរបស់ថៃប្រកាសហាមរថយន្តគ្រប់ប្រភេទដឹកពលករខ្មែរឆ្លងកាត់ខេត្តនេះ ទៅព្រំដែនកម្ពុជា-ថៃ ដើម្បីការពារកុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩។ ទោះជាបែបនេះក្ដី ក៏មានពលករខ្មែរជាច្រើននាក់នៅតែបន្តឆ្លងដែនទៅកម្ពុជាវិញជាបន្តបន្ទាប់ដែរ។ អាជ្ញាធរខេត្តសុរិន្ទដែលមានព្រំដែនជាប់ខេត្តឧត្ដរមានជ័យរបស់កម្ពុជា បានចេញសេចក្ដីប្រកាសនៅថ្ងៃទី៩ មេសា ហាមឃាត់រថយន្តដឹកពលករបរទេសគ្រប់ប្រភេទឆ្លងកាត់ខេត្តមួយនេះ ចាប់ពីថ្ងៃទី១០ មេសាតទៅ។ អាជ្ញាធរថៃថា ប្រសិនបើជនណាល្មើសនឹងបម្រាមនេះ ត្រូវមានទោសជាប់គុក ១ឆ្នាំ និងពិន័យជាប្រាក់ ១០ម៉ឺនបាត ឬប្រមាណ ៣ពាន់ដុល្លារអាមេរិក។ ប្រភពដដែលបន្តថា ការហាមឃាត់មិនឱ្យពលករបរទេសឆ្លងកាត់ខេត្តនេះ គឺជាវិធានការមួយក្នុងចំណោមវិធានការដទៃ ដើម្បីការពារកុំឱ្យរាតត្បាតជំងឺកូវីដ-១៩ចូលមកក្នុងខេត្តនេះ ពីព្រោះមួយរយៈនេះមានពលករខ្មែរជាច្រើននាក់បានសម្រុកឆ្លងដែនត្រឡប់ទៅស្រុកកំណើតវិញ ហើយឆ្លងកាត់និងស្នាក់នៅក្នុងខេត្តសុរិន្ទជារៀងរាល់ថ្ងៃ។ ក្នុងនោះពលករមួយចំនួនមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរថៃ ដើម្បីការពារឆ្លងជំងឺកូវីដ១៩នោះឡើយ។ កាលពីថ្ងៃទី៥ មេសា ថ្មីៗ នេះ អាជ្ញាធរខេត្តស្រះកែវរបស់ថៃក៏បានហាមឃាត់រថយន្តដឹកពលករខ្មែរឆ្លងកាត់ខេត្តនេះដែរ និងមានពលករខ្មែរជាច្រើននាក់ត្រូវបានចាប់ខ្លួនដោយសារតែពួកគេល្មើសនឹងបម្រាមនេះ។

អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ទទួលបន្ទុកផ្នែកពលករខ្មែរ លោក កឹម ចំរើន និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១០ មេសា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ ប៉ុន្តែគេហទំព័រស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ចុះផ្សាយនៅថ្ងៃទី១០ មេសាថា ដោយបច្ចុប្បន្នប្រទេសថៃស្ថិតក្នុងគ្រាអាសន្ន និងមានបម្រាមគោចរ ដូចនេះស្ថានទូតស្នើឱ្យពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ មេត្តាសហការជាមួយអាជ្ញាធរថៃ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ទោះជាយ៉ាងនេះក្ដី ក៏មានពលករខ្មែររាប់រយនាក់នៅតែបន្តឆ្លងដែនត្រឡប់ទៅស្រុកកំណើតវិញដដែល ដោយសារពួកគេមិនមានការងារធ្វើនៅក្នុងប្រទេសថៃ។ អាជ្ញាធរខេត្តឧត្ដរមានជ័យបានបញ្ចេញរថយន្តទាហានជាច្រើនគ្រឿងដឹកពលករខ្មែរពីច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ទៅតាមបណ្ដាខេត្តរៀងៗខ្លួននៅព្រឹកថ្ងៃទី១០ មេសា។ គេហទំព័រអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឱ្យដឹងថា អាជ្ញាធរបានពិនិត្យសុខភាពពលករទាំងនោះរួចហើយទើបអនុញ្ញាតឱ្យពួកគេឡើងរថយន្តត្រឡប់ទៅផ្ទះ។

ទាក់ទងបញ្ហានេះមន្ត្រីអង្គការសង់ត្រាល់ ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរដែលត្រឡប់ទៅកម្ពុជាវិញនោះ ភាគច្រើនធ្វើការក្រៅប្រព័ន្ធ ដែលពុំទទួលបានប្រាក់ឧបត្ថម្ភ ៥០ភាគរយពីរដ្ឋាភិបាលថៃ ក្នុងពេលដែលថៅកែរបស់ពួកគេផ្អាកការងារមួយរយៈនោះទេ។ លោកបន្ថែមថា ប្រសិនបើវិបត្តិជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយទៅមុខទៀត នោះនឹងធ្វើឱ្យពលករខ្មែរកាន់តែច្រើនបន្ថែមទៀតនាំគ្នាត្រឡប់ទៅស្រុកកំណើតវិញ ដោយសារពួកគេគ្មានប្រាក់ចាយវាយប្រចាំថ្ងៃនៅក្រៅប្រទេស៖ «ហើយមួយទៀតពាក់ព័ន្ធនឹងស្ថានភាពវឹកវរ នៃការរាតត្បាតរោគអីចឹងជម្រើសរបស់គាត់ គឺធ្វើម៉េចឱ្យមកដល់ផ្ទះសិន ព្រោះគាត់នៅស្រុកគេវាហេលហាល ទីមួយអត់មានលុយចិញ្ចឹមជីវភាព បង់ថ្លៃបន្ទប់នៅថ្លៃហូបចុក បារម្ភពីការរីករាលដាលមេរោគហ្នឹង ធ្វើឱ្យគាត់អត់អាចទៅណាបាន ប្រសិនបើគាត់មកផ្ទះ គាត់ដើរតែរាវក្ដាម រាវខ្យងក៏អាចរស់បានដែរ។ ហើយជាធម្មតាមនុស្សបើអត់មានអីចិញ្ចឹមក្រពះទោះបីជាច្បាប់ហ្នឹងអាចតឹងជាងហ្នឹងក៏មិនអាចឃាត់ឃាំងពួកគាត់បានដែរ បើតាមយើងមើលសន្ទុះរបស់ពលករសព្វថ្ងៃ»។

លោក ឌី ថេហូយ៉ា បន្តថា ដើម្បីដោះស្រាយបញ្ហានេះ គឺរដ្ឋាភិបាលកម្ពុជា និងថៃ គួរតែសហការគ្នាផ្ដល់ស្បៀងអាហារ និងប្រាក់បង់ថ្ងៃបន្ទប់ជួលដល់ពួកគេ ដើម្បីឱ្យបានស្នាក់នៅប្រទេសថៃបន្តទៀត។ របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា ពលករខ្មែរធ្វើការខុសច្បាប់ និងស្របច្បាប់នៅក្នុងប្រទេសថៃ មានប្រមាណ ២លាននាក់។ ថ្មីៗ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មានពលករខ្មែរជាង ៦ម៉ឺន (៦០.០០០) នាក់ហើយ ដែលបានត្រឡប់ទៅដល់ស្រុកកំណើតវិញ អំឡុងពេលជំងឺកូវីដ១៩ រាតត្បាតនៅលើពិភពលោក៕

website_news/2020130412.txt · Last modified: 2020/04/13 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki