website_news:2020130413

ពលករខ្មែរមួយក្រុមបន្តធ្វើការងារនៅថៃក្នុងថ្ងៃបុណ្យចូលឆ្នាំ ដើម្បីរកប្រាក់ដោះស្រាយជីវភាព

https://www.rfa.org/khmer/ ដោយ ទីន ហ្សាការីយ៉ា 2020-04-12

ពលករខ្មែរមួយក្រុមមានគ្នាប្រមាណ ២០០នាក់នឹងបន្តធ្វើការងារនៅប្រទេសថៃ ក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីរកប្រាក់ចំណូលផ្ញើទៅឱ្យគ្រួសារនៅស្រុកកំណើត ដើម្បីដោះស្រាយជីវភាព មន្ត្រីអង្គការសង្គមស៊ីវិល លើកឡើងថា អំឡុងពេលនេះក្រុមពលករក៏គួរតែតាមដានស្ថានការណ៍និងបទបញ្ជារបស់អាជ្ញាធរថៃឱ្យបានញឹកញាប់ដែរ ដើម្បីកុំឱ្យមានការល្មើសច្បាប់ក្នុងពេលស្នាក់នៅប្រទេសថៃ។ ពលការិនីខ្មែរម្នាក់មានស្រុកកំណើតនៅខេត្តព្រៃវែង កញ្ញា និច សារិន ថ្លែងនៅព្រឹកថ្ងៃទី១២ មេសាថា បងប្អូនរបស់កញ្ញាចំនួន ៥នាក់ ក្នុងចំណោមពលករខ្មែរប្រមាណ២០០នាក់ដែលកំពុងធ្វើការសំណង់នៅកណ្ដាលទីក្រុងបាងកកប្រទេសថៃនោះ ពុំបានទៅចូលរួមបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅស្រុកកំណើតនោះទេ។ កញ្ញាបញ្ជាក់ថា នេះជាលើកទីមួយហើយនៅក្នុងជីវិត ដែលត្រូវប្រឹងធ្វើការរកប្រាក់ ដោយមិនឈប់សម្រាកក្នុងថ្ងៃបុណ្យសំខាន់របស់ជាតិ ហើយមិនបានត្រឡប់ទៅជួបឪពុកម្ដាយនោះ។ កញ្ញាបន្តថា មូលហេតុដែលមិនបានទៅលេងផ្ទះ ដោយសារតែថៅកែប្រកាសឱ្យធ្វើការងារជាធម្មតា ហើយប្រសិនបើអ្នកណាត្រឡប់ទៅស្រុកកំណើតក្នុងពេលនេះ ថៅកែនឹងមិនទទួលឱ្យចូលធ្វើការវិញឡើយ។ ដូច្នេះកញ្ញា និងសាច់ញាតិក៏សម្រេចនាំគ្នាបន្តធ្វើការនៅស្រុកគេរកប្រាក់ផ្ញើទៅឱ្យឪពុកម្ដាយប្រសើរជាងទៅផ្ទះហើយត្រឡប់មកវិញអត់ការងារធ្វើ៖ «ខ្ញុំមានអារម្មណ៍ថានឹកផ្ទះចង់ទៅផ្ទះដែរ តែធ្វើម៉េចបើយើងជីវភាពខ្វះខាត ហើយអ្នកផ្ទះជំពាក់លុយធនាគារ ហើយត្រូវឡើងការប្រាក់ឱ្យគេរាល់ខែ។ ខ្ញុំធ្វើការគេគិតឱ្យធម្មតាមិនមានគុណជា២ទេ បើរាល់ឆ្នាំពេលចូលឆ្នាំបើធ្វើការមួយថ្ងៃគេគិតថ្លៃឈ្នួលឱ្យ ២ថ្ងៃ តែដល់ពេលមានមេរោគកូវីដ១៩មក ឱ្យធ្វើការធម្មតាគេលើកថ្ងៃចូលឆ្នាំ ហើយប្រាក់ឈ្នួលធម្មតា»។

ស្រដៀងគ្នានេះដែរ ពលការិនីខ្មែរធ្វើការសំណង់នៅទីក្រុងបាងកកម្នាក់ទៀត លោកស្រី រុន សាតា ឱ្យដឹងថា ក្រៅអំពីមិនបានទៅលេងផ្ទះ ក្នុងថ្ងៃបុណ្យចូលឆ្នាំហើយ លោកស្រីក៏មិនបានទៅវត្តធ្វើបុណ្យដូចឆ្នាំកន្លងទៅដែរ ព្រោះខ្លាចឆ្លងជំងឺកូវីដ១៩។ លោកស្រីបន្តថា នឹងប្រឹងធ្វើការនៅពេលនេះ ដើម្បីសន្សំប្រាក់ផ្ញើឱ្យបងប្អូននៅស្រុកខ្មែរចាយវាយ និងសងបំណុលធនាគារ។ ទោះជាយ៉ាងណាលោកស្រីបន្ថែមថា នៅថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ លោកស្រី បានត្រៀមផ្លែឈើនំចំណីបន្តិចបន្តួចសម្រាប់ថ្វាយទេវតា និងដុតធូបទៀនសុំសេចក្ដីសុខនៅក្នុងបន្ទប់រៀងៗខ្លួន ដោយមិនហ៊ានជួបជុំគ្នារាំលេងកម្សាន្តនោះទេ៖ «អារម្មណ៍វាអួលណែនវាក្ដុកក្ដួលក្នុងឱរា នឹកផ្ទះក៏មិនបានទៅជីវិតត្រូវមកលំបាកមកធ្វើការឱ្យគេ ខ្ញុំនិយាយចង់អួលដើមក ចង់ទឹកភ្នែកមិនអាចរៀបរាប់អារម្មណ៍មួយហ្នឹងចេញបាន ដោយសារជីវភាពហ្នឹងឯង។ យើងមករកស៊ីនេះផ្ដល់ប្រាក់ទៅឱ្យដូចថាទប់ស្កាត់មិនបានសោះ ព្រោះគ្រួសារបងប្អូននៅតូចៗ ហើយអ្នកផ្ទះគាត់ធ្វើស្រែ និងដាំដំណាំក៏គ្មានអ្នកណាគេទិញ ហើយរំពឹងលុយខ្ញុំរកម្នាក់ឯងផ្ដល់ឱ្យគាត់»។

កាលពីថ្ងៃទី៣ មេសា រដ្ឋាភិបាលថៃបានប្រើច្បាប់ប្រកាសអាសន្ន ហាមឃាត់ប្រជាពលរដ្ឋធ្វើដំណើរចេញក្រៅផ្ទះចាប់ពីម៉ោង ១០យប់ ដល់ម៉ោង៤ទៀបភ្លឺ និងហាមប្រមូលផ្ដុំគ្នាជាក្រុម ដើម្បីទប់ទល់ការរាតត្បាតជំងឺរលាកផ្លូវដង្ហើមថ្មី។ ប្រសិនជនណាល្មើសនឹងបម្រាមនេះ អាចត្រូវជាប់ពន្ធនាគាររហូត ២ឆ្នាំ និងពិន័យជាប្រាក់ ៤ម៉ឺនបាត(៤០,០០០) ឬប្រមាណ ១ពាន់ ៣០០ដុល្លារអាមេរិក។ ថ្មីៗនេះស្ថានទូតខ្មែរប្រចាំនៅទីក្រុងបាងកក ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ សហការតាមការណែនាំរបស់រដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារកុំរាលដាលឆ្លងជំងឺកូវីដ១៩ ហើយប្រសិនបើពលរដ្ឋណាមានបញ្ហាអំឡុងពេលនេះ ពួកគាត់ អាចទាក់ទងតាមរយៈហ្វេសប៊ុករបស់ស្ថានទូត ឬទូរស័ព្ទលេខ ០៩២៨០៥០ ៥៦១។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់ថា ពលករខ្មែរដែលមិនត្រឡប់ទៅផ្ទះអំឡុងពេលនេះ ភាគច្រើនដោយសារតែជីវភាពគ្រួសាររបស់ពួកគាត់ក្រីក្រ ទើបជំរុញឱ្យពួកគាត់បង្ខំចិត្តស្នាក់នៅស្រុកគេ ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ។ លោកបន្ថែមថា ក្រុមពលករក៏ត្រូវតែតាមដានព័ត៌មាននៅក្នុងប្រទេសថៃឱ្យបានដិតដល់ដែរ ដើម្បីសម្របទៅតាមច្បាប់របស់ថៃ៖ «ទីមួយសុវត្ថិភាពមិនត្រូវបានគេចាប់ចង ទី២សុវត្ថិភាពរួចផុតអំពីជំងឺរាតត្បាតដែលឆ្លងមកដល់ពួកគាត់។ អីចឹង គាត់អាចទាក់ទងទៅស្ថានទូតបាន ដើម្បីឱ្យគេទំនាក់ទំនងទៅរដ្ឋាភិបាលនិងរដ្ឋាភិបាល ហើយគាត់នឹងត្រូវទទួលបានអ្វីមកវិញ។ប៉ុន្តែបើសិនគាត់ធ្វើអ្វីដែលខុសពីហ្នឹងគាត់មិនអាចទទួលលទ្ធផលណាមួយបានទេ ពីព្រោះថា នៅក្នុងប្រទេសដែលដាក់គ្រាមានអាសន្ន ត្រូវតែធ្វើយ៉ាងណាប្រយ័ត្នប្រយែងដល់ខ្លួនឯងផង ដល់អ្នកដទៃផង»។

ថ្មីៗនេះអាជ្ញាធរថៃបានហាមឃាត់រថយន្តដឹកពលករខ្មែរឆ្លងកាត់ខេត្តស្រះកែវ និងខេត្តសុរិន្ទហើយ ប្រសិនជនណាល្មើសបម្រាមនេះនឹងត្រូវជាប់គុក ១ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ១០ម៉ឺនបាត ឬស្នើនឹង៣ពាន់ដុល្លារទៀតផង។ ជាមួយគ្នានេះអាជ្ញាធរថៃ ក៏បានចាប់ពលករខ្មែរជាច្រើននាក់បញ្ជូនទៅតុលាការរួចមកហើយដែរ ដោយសារពួកគេល្មើសនឹងបម្រាមគោចររបស់ថៃ៕

website_news/2020130413.txt · Last modified: 2020/04/13 14:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki