website_news:2020130414

ថៃ អនុញ្ញាតឲ្យពលរដ្ឋខ្មែរដែលជាប់គាំងក្នុងប្រទេសខ្លួន បន្តស្នាក់នៅដោយគ្មានការផាកពិន័យ

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 13 April 2020 | 10:22 ICT

ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឲ្យដឹងថា ភាគីថៃអនុញ្ញាតឲ្យពលរដ្ឋខ្មែរដែលកំពុងជាប់គាំងក្នុងប្រទេសខ្លួន ដោយសារការរឹតត្បិតក្នុងការធ្វើដំណើរអាចបន្តស្នាក់នៅក្នុងប្រទេសនេះដោយគ្មានការផាកពិន័យរហូតដល់ស្ថានភាពនៃជំងឺកូវីដ១៩មានភាពស្ងប់ស្ងាត់។ សេចក្តីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃចុះថ្ងៃទី ៩ មេសា ឲ្យដឹងថា ដើម្បីសម្រួលដល់បងប្អូនដែលជាប់នៅប្រទេស ថៃ ដោយសារការរឹតត្បិតការធ្វើដំណើរទាំងផ្លូវគោក ផ្លូវទឹក រួមទាំង ផ្លូវអាកាស ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃបានផ្តល់ការអនុគ្រោះឲ្យពលរដ្ឋខ្មែរបន្តស្នាក់នៅបណ្តោះអាសន្ន ដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំនៅការិយាល័យអន្តោប្រវេសន៍ថៃនោះទេ។ ស្ថានទូតកម្ពុជាបញ្ជាក់ថា៖ «សម្រាប់បងប្អូនដែលប្រើប្រាស់ទិដ្ឋាការប្រភេទទេសចរណ៍ ១៤ ថ្ងៃ និងទិដ្ឋាការផ្សេងៗ ហើយបានផុតសុពលភាពចាប់ពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២០ ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅដោយស្វ័យប្រវត្តិរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ ដោយមិនមានការផាកពិន័យ។ សម្រាប់បងប្អូនដែលប្រើប្រាស់បណ្ណព្រំដែនចូលក្នុងប្រទេសថៃ សេចក្តីជូនដំណឹងរបស់ស្ថានទូតបន្តថា គឺត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅរហូតដល់ពេលព្រំដែនបើកវិញ។ បន្ទាប់មកភាគីថៃតម្រូវឲ្យពលរដ្ឋខ្មែរត្រូវចាកចេញយ៉ាងយូរក្នុងរយៈពេល ៧ ថ្ងៃ។ ដោយឡែកពលរដ្ឋខ្មែរដែលប្រើប្រាស់ទិដ្ឋាការស្នាក់នៅរយៈពេលវែង អាជ្ញាធរថៃតម្រូវឲ្យទៅដាក់ពាក្យស្នើបន្តសុពលភាពសម្រាប់ការស្នាក់នៅនៅការិយាល័យអន្តោប្រវែសន៍ថៃដដែល។ លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារកម្ពុជា (សង់ត្រាល់) លើកឡើងថា វិធានការនេះក៏ជាវិធានការល្អ ដើម្បីអាចឲ្យពលរដ្ឋខ្មែរដែលកំពុងជាប់នៅប្រទេសថៃអាចស្នាក់នៅទីនោះមួយរយៈសិន។ លោកថា ការគិតគូរពីសុខទុក្ខពលរដ្ឋខ្មែរដែលកំពុងជាប់គាំងដូចជាការជួយ ការហូបចុកប្រចាំថ្ងៃនោះក៏ជារឿងមួយដែលរដ្ឋាភិបាលគួរតែគិតគូរផងដែរ។ ព្រោះពេលនេះមានពលរដ្ឋខ្មែរ ដែលមិនអាចត្រឡប់មកវិញជាច្រើនកំពុងប្រឈមនឹងការខ្វះខាត។ លោកថា៖ «ចំពោះចំណុចដែលសំខាន់ដែលពួកគាត់ប្រឈមគឺប្រឈមអត់មានការងារធ្វើ អត់ប្រាក់ចំណូលដែលគាត់មិនអាចរស់បាន។ ព្រោះបើសម្រួលតែឯកសារគោលការណ៍នេះគឺការជួយបណ្តោះអាសន្នដែលពួកគាត់ នៅតែប្រឈមលើស្បៀងអាហារ និងការរស់នៅប្រចាំថ្ងៃដែរ។ ដូច្នេះត្រូវមើលទៅលើបញ្ហាប្រឈមរបស់ពួកគាត់ធ្វើយ៉ាងម៉េចសហការជាមួយអាជ្ញាធរថៃឲ្យបាន និងអនុវត្តឲ្យមានប្រសិទ្ធភាព បើសិនជាមេរោគកូវីដនេះ បន្តអូសបន្លាយ»។

កញ្ញា ជា បូរ៉ា ពលករចំណាកស្រុកម្នាក់ប្រាប់ភ្នំពេញប៉ុស្តិ៍តាមហ្វេសប៊ុកពីម្សិលមិញថា កញ្ញាមិនអាចវិលត្រឡប់ទៅផ្ទះនៅប្រទេសកម្ពុជាបានទេ ព្រោះការដើរហើរក្នុងប្រទេសនេះបានបិទ ម្យ៉ាងព្រោះតែខ្លាចជំងឺរាតត្បាត។ កញ្ញាថា ការសម្រេចមិនត្រឡប់ទៅវិញនេះក៏ព្រោះតែមិនចង់នាំទុក្ខដល់ក្រុមគ្រួសារ។ ម្យ៉ាងទៀតបើទៅដល់ផ្ទះក៏ត្រូវស្នាក់នៅម្នាក់ឯងរយៈពេល ១៤ ថ្ងៃដដែល ដូច្នេះមិនទៅល្អជាង។ កញ្ញា បូរ៉ា និយាយថា៖ «ឆ្នាំនេះវាលំបាករឿងជំងឺហ្នឹង ហើយបើទៅត្រឡប់មកគេឲ្យសម្រាក ១៤ ថ្ងៃ។ អ៊ីចឹងខ្ញុំក៏អត់បានទៅ ទៅ។ គ្រាន់ខ្ញុំនៅថៃនេះគឺធ្វើការធម្មតាទេ។ តែសេដ្ឋកិច្ចថៃធ្លាក់ខ្លាំងដែរ ដូច្នេះមានពលរដ្ឋខ្មែរខ្លះ គាត់ក៏លំបាកដែរ»។ បើតាមកញ្ញា បូរ៉ា រដ្ឋាភិបាលថៃប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ក្នុងពេលនេះពលរដ្ឋទាំងអស់មិនអាចដើរចេញក្រៅក្នុងអំឡុងម៉ោង ១០ យប់ដល់ម៉ោង ៤ ជិតភ្លឺ។ ក្នុងនោះមានពលរដ្ឋខ្មែរមួយចំនួនត្រូវធ្វើការវេនយប់ក៏ត្រូវបាត់បង់ការងារផងដែរ។ តាមកញ្ញាដឹង អ្នកដែលអាចធ្វើការបានធម្មតាគឺមានតែពលរដ្ឋខ្មែរដែលកំពុងធ្វើការផ្នែកម្ហូបអាហារប៉ុណ្ណោះ។

តាមលោក ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រាប់ភ្នំពេញប៉ុស្តិ៍ថ្ងៃទី ៨ មេសា ថាគិតត្រឹមថ្ងៃទី ៦ មេសាមានពលរដ្ឋខ្មែរប្រមាណជាង ៦ ម៉ឺននាក់វិលត្រឡប់ចូលកម្ពុជា៕

website_news/2020130414.txt · Last modified: 2020/04/13 14:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki