website_news:2020130502

អាជ្ញាធរថៃ ចាប់បញ្ជូនពលករខ្មែរ លួចឆ្លងដែនចំនួន៣៤នាក់ មកកម្ពុជាវិញ

https://www.cen.com.kh/ May 13, 2020

បាត់ដំបង ៖ អាជ្ញាធរថៃ បានចាប់បញ្ជូនពលករខ្មែរចំនួន៣៤នាក់ ដែលលួចឆ្លងដែនពីកម្ពុជាទៅប្រទេសថៃ តាមច្រករបៀងតូចៗ មកឲ្យអាជ្ញាធរកម្ពុជាវិញ ខណៈប្រទេសមួយចំនួនបិទប្រទេសនិងសម្រាប់កម្ពុជា ថៃមានការបិទព្រំដែន មិនឲ្យមានពលរដ្ឋទាំងពីរប្រទេសឆ្លងដែន លើកលែងតែការដោះដូរទំនិញ ក្នុងពេលពិភពលោក កំពុងមានការរីករាលដាលនៃជំងឺកូវី១៩។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តបាត់ដំបង បានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា ពលរដ្ឋដែលលួចឆ្លងដែន ក្នុងដំណាក់កាលមានការហាមមិនឆ្លងដែននេះ គឺអ្នករស់នៅក្នុងស្រុកសំពៅលូន ដោយពួកគេឆ្លងដែនតាមរយៈមេខ្យល់ ទៅតាមច្រករបៀង ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន២០នាក់ និងតាមច្រករបៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចំនួន១៤នាក់ សរុបទាំងអស់ចំនួន ៣៤នាក់ ហើយពួកគេត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកខ្មែរវិញទាំងអស់។ ពលរដ្ឋលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ដែលអាជ្ញាធរថៃ ចាបបញ្ជូនមកនេះ ត្រូវអាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាល ពិនិត្យសុខភាព ហើយឲ្យពួកគាត់ធ្វើចត្តាឡីស័ក ដាក់ខ្លួនដាច់ ដោយឡែកចំនួន១៤ថ្ងៃ នៅតាមផ្ទះរបស់ពួកគាត់ផងដែរ ។

សម្រាប់ខេត្តបាត់ដំបង គឺនៅតែមានការឈរជើង នៅតាមព្រំដែនជានិច្ច របស់សមត្ថកិច្ច និងមន្ត្រីសុខាភិបាលរង់ចាំ ពិនិត្យសុខភាពពលករខ្មែរ ដែលឆ្លងដែន មកពីប្រទេសថៃ មុននិងឲ្យពួកគាត់វិល ទៅស្រុកកំណើត ដើម្បីធ្វើចត្តាឡីស័កខ្លួនឯងបន្តនៅផ្ទះ។ អាជ្ញាធរខេត្តបាត់ដំបង នៅតែបន្តធ្វើការផ្សព្វផ្សាយ អំពីការការទប់ស្កាត់ជំងឺកូវីដ១៩ ដល់ពលរដ្ឋនៅគ្រប់ច្រកល្ហកជារៀងរាល់ថ្ងៃ។ យោងតាមរបាយការណ៍របស់សាលាខេត្តបាត់ដំបង បានបង្ហាញឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ពលករខ្មែរមានទីលំនៅក្នុងខេត្តបាត់ដំបង បានវិលត្រឡប់ពីថៃ ចូលតាមច្រកក្នុងខេត្តនិងក្រៅខេត្ត មានចំនួន ៣១នាក់ (ស្រី១៤នាក់) និងពលករមានទីលំនៅ តាមបណ្តារាជធានី ខេត្ត ដែលចូលមកវិញ តាមច្រកទ្វារព្រំដែន ក្នុងខេត្តបាត់ដំបង មានចំនួន ៣៤នាក់ (ស្រី ១៣នាក់) ៕ ដោយ ៖ អ៊ុងសារុំ

website_news/2020130502.txt · Last modified: 2020/05/13 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki